ក្លិបYokohama របស់ជប៉ុនចុះកុងត្រានាំយកកីឡារករTheerathonរបស់ថៃទៅពង្រឹងក្រុមសម្រាប់រដូវកាលថ្មី

374

ក្លិបបាល់ទាត់Yokohama F.Marinos របស់ជប៉ុន បានចុះកិច្ចព្រមព្រៀងនាំយកកីឡាករឆ្នើមរបស់ថៃ គឺ Theerathon Bunmathan ទៅជួយពង្រឹងក្រុមសម្រាប់រដូវកាលថ្មីឆ្នាំ២០១៩នេះ។ នេះបើតាមការអះអាងឲ្យដឹងរបស់ក្លិបMuang​-thong United នៅព្រឹកថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ។

ក្លិបMuang​-thong United បានបញ្ជាក់ថា ការផ្ទេរកីឡាករថៃរូបនេះ គឺក្នុងលក្ខខណ្ឌខ្ជីជើងរយៈពេលមួយរដូវកាលនៅក្នុងលីគកំពូលរបស់ជប៉ុន J-League។ ក្លិបMuang​-thong United ក៏បានលើកឡើងផងដែរថា ការចេញទៅជប៉ុនរបស់ Theerathon Bunmathan នេះ គឺដំណើរការល្អសម្រាប់ក្រុមជម្រើសជាតិថៃ។

នៅពេលនេះ Theerathon Bunmathan កំពុងជួយក្រុមជម្រើសជាតិថៃក្នុងការប្រកួតដណ្តើមពានរង្វាន់ Asian Cup 2019 ដែលធ្វើឡើងចាប់ថ្ងៃទី០៥ ខែមករា ដល់ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងប្រទេសអារ៉ាប់រួម។  ចំពោះការទៅលេងលីគកំពូលជប៉ុននេះ Theerathon Bunmathan បាននិយាយថា៖ “ខ្ញុំត្រូវតែអរគុណដល់ក្លិបទាំងពីរដែលបានសម្រេចនូវកិច្ចព្រមព្រៀងនេះបានជោគជ័យ ហើយនៅក្នុងរដូវកាលឆ្នាំ២០១៩នេះ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជាកីឡាករថ្មីរបស់ក្លិប Yokohama F.Marinos។ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុតសម្រាប់ក្លិបជប៉ុនមួយនេះ”។

Theerathon Bunmathan មានវ័យ ២៨ឆ្នាំ កម្ពស់១.៧២ ម៉ែត្រ និងលេងក្នុងតំណែងជាខ្សែការពារ។ កាលពីរដូវកាលឆ្នាំ២០១៨ ខ្សែការពាររូបនេះបានលេងឲ្យក្លិបជប៉ុន Vissel Kobe ។ រូបគេបានបង្ហាញខ្លួនឲ្យក្លិបនេះ ៣២ ប្រកួត និងបានបោះបាល់ឲ្យគេស៊ុតបញ្ចូលទីចំនួន៣លើក៕

Loading...