ភ្នំពេញៈ ក្លឹបកីឡាបាល់ទះវិសាខាបាន ជូនដំណឹងដល់យុវជន ដែលស្រលាញ់វិស័យកីឡាបាល់ទះ ថា ក្លឹបកំពុងត្រូវការជ្រើសរើសយុវជន ដែលមានអាយុក្រោម ១៣ ដើម្បីចូលរួមក្នុងក្រុមហាត់លេងផ្នែក ប៉ះសេប៉ាល់ (លើកប៉ាល់)។
ក្លឹបវិសាខាបានចេញសេចក្ដីប្រកាសមួយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ទាក់ទងរឿងក្លឹបជ្រើសរើសកីឡាករថ្មីដែលមានកម្ពស់ចាប់ពី ១,៧៥ ម៉ែត្រឡើង ដោយកំណត់អាយុមិនឲ្យលើស ១៣ឆ្នាំឡើយ ។
លោក សាន សុក្រិត គ្រូបង្វឹកកីឡាបាល់ទះក្រុមវិសាខាបានឲ្យដឹងថា «លក្ខខណ្ឌជ្រើរើសនេះ គឺរើសតែ ២នាក់ប៉ុណ្ណោះ ដោយកីឡាករទាំងពីរនាក់នោះយកមកបង្ហាត់ជាអ្នកប៉ះសេ (លើកបាល់) ។ ជាងនេះទៅទៀតគឺរើសយកអ្នកមិនចេះលេងបាល់សោះតែម្ដង»។
លោកបញ្ជាក់ទៀតថា ការកំណត់នេះ នឹងអាចមានការបន្ធូរបន្ថយ បើសិនមិនអាចស្វែងរកបាន។ បើគិតមកដល់ពេលនេះមានក្មេងម្នាក់ ដែលមានដើមកំណើតនៅខេត្តកំពត មានកម្ពស់ ១,៧៣ ម៉ែត្រមានអាយុ ១៣ ឆ្នាំបានដាក់ពាក្យចង់ចូលរួម។ ប៉ុន្តែកម្រិតអាយុនេះ កំពុងខុសគោលការណ៍ ប៉ុន្តែនឹងអាចយកក្មេងនេះ ប្រសិនបើរកតាមគោលការណ៍មិនបាន។
មួយវិញទៀត ក្មេងត្រូវតាមលក្ខខណ្ឌ ហើយចូលរួមហាត់បាល់ទះនេះក្លឹបវិសាខា នឹងបង្វឹកដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ជាងនេះទៅទៀតក៏អាចនឹងបញ្ជូនទៅហាត់នៅក្រៅប្រទេសទៀតផង។
រហូតមកដល់ថ្ងៃទី ៣០ ខែមករា ទីបំផុត ក្លឹបបាល់ទះវិសាខាបានជ្រើសរើស បានយុវជនម្នាក់ ឈ្មោះ កែវ លេងលីហ៊ួ មានកម្ពស់ ១,៧៨ ម៉ែត្រ ហើយទើបតែមានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ ដើម្បីចូលហ្វឹកហាត់ជាអ្នកលើកបាល់ (ប៉ះសេ) ហើយ។

លោក សុក្រិត ឲ្យដឹងថា ក្មេងខាងលើមកពីខេត្តកំពត ទើបតែចូលហាត់បាន ១៣ ថ្ងៃប៉ុណ្ណោះ។ លីហ៊ួ នឹងហាត់ជាអ្នកប៉ះសេ របស់ក្លឹបវិសាខា និងក៏ជាទំពាំងស្នងឫស្សីមួយរូបរបស់កម្ពុជាក្នុងវិស័យបាល់ទះផងដែរ។
គ្រូបង្វឹករូបនេះបន្ថែមថា ក្រោយចូលឆ្នាំចិន នឹងមានក្មេងម្នាក់ទៀតមកពីល្វាឯមខេត្តកណ្ដាល មកធ្វើតេស្តជាមួយក្លឹបវិសាខា។ តាមព័ត៌មានបញ្ជូនមកកាន់ក្លឹបក្មេងនោះមានកម្ពស់ប្រហាក់ប្រហែល នឹង កែវ លេងលីហ៊ួ ដែរ ហើយមានអាយុប្រហាក់ប្រហែលគ្នាទៀតផង។
ការជ្រើសរើសនេះ នឹងបញ្ចប់ក្រោយពេលរើសបានគ្រប់ចំនួន២រូប ដែលសម្រាប់ហ្វឹកហាត់ជាអ្នកលើកបាល់។ សម្រាប់ កែវ លេងលីហ៊ួ នឹងឈានចូលវ័យ១៤ឆ្នាំនាខែតុលា ឆ្នាំ២០១៩ ៕