ក្លិបបាល់ទាត់វិសាខា គ្រោងនឹងសាងសង់ទីលានហ្វឹកហាត់ដ៏ធំនាពេលឆាប់ៗខាងមុខ

130

ភ្នំពេញ៖ ក្លិបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វិសាខា គ្រោងនឹងសាងសង់កន្លែងហ្វឹកហាត់ដ៏ធំមួយនាពេលឆាប់ៗខាងមុខ ដែលមានទីលានស្ដង់ដារអន្ដរជាតិចំនួន៣ បន្ថែមលើកីឡដ្ឋានរបស់ខ្លួនបច្ចុប្បន្ន គឺកីឡដ្ឋានព្រីនស៍។

គម្រោងខាងលើមានឈ្មោះថា THE DREAM VISAKHA TRAINING CAMP ដែលក្លិបនឹងសាងសង់នៅរាជធានីភ្នំពេញលើផ្ទៃដីជាង ៤ហិចតា ក្នុងនោះមានទីលានធំចំនួន៣ (ពីរទីលាន ធ្វើពីស្មៅធម្មជាតិ និងមួយទីលានទៀត ធ្វើពីស្មៅសិប្បនិម្មិត) បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត រួមទាំងកន្លែងហ្វឹកហាត់ ស្នាក់នៅ អាហារដ្ឋាន និងកន្លែងរៀនសូត្រជាដើម។ គម្រោងនេះ នឹងចាប់ផ្ដើមសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយគ្រោងបញ្ចប់ក្នុងរយៈពេល ២៤ខែ។

គួរបញ្ជាក់ថា បច្ចុប្បន្នវិសាខា មានកីឡដ្ឋានផ្ទាល់ស្ថិតនៅក្នុងបុរីហ្គ្រេនភ្នំពេញ ដែលកំពុងពង្រីកកន្លែងអង្គុយបន្ថែម សម្រាប់ត្រៀមស្វាគមន៍ការប្រកួតនារដូវកាលថ្មី ដោយអាចផ្ទុកអ្នកទស្សនាបានប្រមាណ ១ម៉ឺននាក់។ ចំណែកគម្រោងសាងសង់កន្លែងហ្វឹកហាត់ខាងលើវិញ ក្លិបនៅមិនទាន់បញ្ជាក់ពីទីតាំងច្បាស់លាស់នោះទេ។ នេះគឺដំណឹងដ៏ភ្ញាក់ផ្អើលមួយទៀតសម្រាប់អ្នកគាំទ្រ ដ្បិតក្លិបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ ទើបកកើតបានប៉ុន្មានឆ្នាំ តែបានពង្រីកខ្លួនគួរឲ្យកត់សម្គាល់៕

Loading...