ថ្ងៃបើកឆាកAFF LG Cup 2019៖វៀតណាម និងថៃសុទ្ធតែរកបាន៣ពិន្ទុដូចគ្នានៅក្នុងពូលA

329

ការប្រកួតបាល់ទាត់យុវជនអាយុក្រោម២២ឆ្នាំ ដើម្បីដណ្តើមពានរង្វាន់AFF LG Cup ឆ្នាំ២០១៩ បានចាប់ផ្តើមហើយនៅរសៀលថ្ងៃអាទិត្យនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នៅថ្ងៃបើកឆាក ក្រុមជម្រើសជាតិវៀតណាម និងថៃ សុទ្ធតែទទួលបានជ័យជម្នះដូចគ្នា។

ក្រុមជម្រើសជាតិវៀតណាមបានប៉ះគ្នាជាមួយក្រុមហ្វីលីពីនកាលពីរសៀល ម៉ោង៣ និង៣០នាទីនាថ្ងៃអាទិត្យទី១៧ ខែកុម្ភៈ។ ក្រុមទាំងពីរសុទ្ធតែបង្ហាញនូវទម្រង់លេងយ៉ាងល្អដូចគ្នានៅលើទីលានវាលស្មៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ប៉ុន្តែនៅចុងបញ្ចប់ ក្រុមជម្រើសជាតិវៀតណាមបានស៊ុតបំប៉ោងសំណាញ់ទីក្រុមហ្វីលីពីដល់ទៅ២ គ្រាប់ បើទោះបីក្រុមហ្វីលីពីន ជាអ្នកស៊ុត១គ្រាប់បើកការនាំមុខក្តី។

ចំណែកក្រុមជម្រើសជាតិថៃវិញ បានបើកឆាកដោយយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើតក្នុងលទ្ធផល១ទល់០។ ការប្រកួតដែលធ្វើឡើងនៅម៉ោង៦ កន្លះល្ងាចនេះ គឺជាការប្រកួតដ៏ស្វិតស្វាញមែនទែនដោយក្រុមនីមួយៗបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ដូចគ្នា។ ជាការកត់សម្គាល់ ក្រុមជម្រើសទីម័រខាងកើតក្រោមការដឹកនាំរបស់គ្រូជនជាតិជប៉ុន បានបង្ហាញទម្រង់លេង និង តិកនិកលេងយ៉ាងល្អដ៏ឱ្យភ្ញាក់ផ្អើល ដែលធ្វើឱ្យក្រុមជម្រើសជាតិថៃពិបាកនឹងយកឈ្នះណាស់។

ដោយឡែក សម្រាប់នៅថ្ងៃចន្ទ ទី១៨ កុម្ភៈ មានការប្រកួតពីរគូរដែរនៅក្នុងពូលB គឺចាប់ពីម៉ោង៣កន្លះ ក្រុមមីយ៉ាន់ម៉ាត្រូវស្វាគមន៍ក្រុមឥណ្ឌូនេស៊ី ខណៈក្រុមម្ចាស់ផ្ទះកម្ពុជាត្រូវប៉ះក្រុមជម្រើសជាតិម៉ាឡេស៊ីនៅវេលាម៉ោង ៦ កន្លះល្ងាច និងមានការផ្សាយផ្ទាល់តាមកញ្ចាក់ទូរទស្សន៍MyTV ៕

Loading...