អ្នក​ប្រដាល់​ជើង​ចាស់ វ៉ោយ សុធន ធ្លាក់ខ្លួន​លំបាក​ក្រោយ​ប្រ​កួត​មិន​កើត​

386

វ៉ោយ សុធន អ្នក​ប្រដាល់​ល្បី​ល្បាញ​ជួរ​មុខ​ក្នុង​ទស្សវត្សរ៍​ក្នុង​អំឡុង​ឆ្នាំ​២០២០​ពោល​លោក​វ៉ោយ​សុធន​ដែល​មាន​រហ័ស​នាម​ជង្គង់​ពិឃាត​ត្រកូល​វ៉ោយ​ដែល​មាន​លោក​វ៉ោយ​អេង​ជា​ឪពុក​បង្កើត​ជា​គ្រូ​បង្វឹក​ផ្ទាល់​។​

នៅ​ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​បង្កើត​ចំនួន​៦​នាក់​ស្រី​ម្នាក់​សុទ្ធ​តែ​អ្នក​ហាត់​ប្រ​ដាល់​គុន​ខ្មែរ​ឆ្នើម​មក​ពី​ក្រុង​សេរី​សោភ័ណ្ឌ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​សាង​ភាព​ល្បី​ល្បាញ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៦​និង​បាន​ថម​ថយ​រហូត​បាត់​បង់​អាជីព​តែ​ម្តង​ក្នុង​ឆ្នាំ​២០១៣​។​យ៉ាង​ណា​ក៍​ដោយ​តាម​រយៈ​សម្ភាស​ជា​មួយ​អ្នក​លេង​ជង្គង់​ពិឃាត​វ៉ោយ​សុធន​បច្ចុប្ប្បន្ន​កំពុង​រស់​នៅ​ក្នុង​សភាព​ក្រី​ក្រ​តោក​យ៉ាក​ក្នុង​ខ្ទម​កំសត់​តូច​មួយ​លើ​ទឹក​ដី​ក្រុង​ប៉ៃ​លិន​ខេត្ត​ប៉ៃ​លិន​ជា​កម្មករ​សំណង់​បាន​ព្រឹក​ខ្វះ​ល្ងាច​កំពុង​ប្រឈម​ទៅ​នឹង​ការ​​ខ្វះ​អាហារ​ដោយ​អត់​ការងារ​ធ្វើ​ក្នុង​សម័យ​ដែល​កូវីដ​១៩​​រាតត្បាត​ខ្លាំង​នៅ​កម្ពុជា​។​

និយាយ​ពី​ប្រ​វត្តិ​លើ​ប្រវត្តិ​ឡើង​សង្វៀន​ប្រកួត​របស់​កីឡាករ​វ៉ោយ​សុធន​​រយៈ​ពេល​ជាង​២០​ឆ្នាំ​ដើរ​គ្រប់​ច្រក​ល្ហក​ច្រើន​ខេត្ត​ក្រុង​ព្រុំ​ប្រទល់​ជាយ​ដែន​និង​ប្រ​ទេស​ថៃ​វ៉ោយ​សុធន​អះអាង​ថា​៖​ធ្លាប់​ឡើង​ប្រ​កួត​រហូត​ដល់​ជាង​៤០០​លើក​ចាញ់​ប្រ​ហែល​ជា​១០០​លើក​ក្រៅ​ពី​នេះ​ឈ្នះ​នឹង​ស្មើ​៨​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ចំនួន​៨០​លើក​និង​ធ្លាប់​ប្រ​កួត​ជា​លក្ខណៈ​អន្តរជាតិ​បាន​ចំនួន​៧៨​លើក​ផង​ដែរ​។​ទោះ​ជា​វ៉ោយ​សុធន​មាន​ឪពុក​បង្កើត​គឺ​លោក​វ៉ោយ​អេង​ជា​គ្រូ​បង្វឹក​និង​ខំហាត់​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​បាន​ ល្អ​ព្រម​ទាំង​ប្រ​កួត​មាន​ភាព​ទាក់​ទាញ​បំផុត​ដោយ​ក្បាច់​ជង្គង់​ឡើង​បាន​ល្អ​គ្រប់​ស្ថាន​ភាព​។​

យ៉ាង​នេះ​ក្តី​វ៉ោយ​សុធន​មិន​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ឬ​ចំណាត់​ថ្នាក់​លេខ​មួយ​ម្តង​ណា​ឡើយ​គឺ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​ប៉ុណ្ណោះ​ក្រៅ​ពី​នេះ​ភាគ​ច្រើន​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤​និង​លេខ​៥​។​​

សុធន​និយាយ​ថា​៖​ខ្ញុំ​ធ្លាប់​បាន​ចំណាត់​ថ្នាក់​លេខ​១​ការ​ប្រ​កួត​ជម្រើស​ជាតិ​ហើយ​ក្នុង​ការ​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ABC ​កាល​ពី​ឆ្នាំ​២០០០​ខ្ញុំ​ឈ្នះ​បាន​លេខ​៣​ខណៈ​ដែល​លេខ​១​កីឡាករ​ជ័យ​ប៊ុន​ជឿ​លេខ​២​កីឡាករ​អូត​ភូ​ថង​។​

​ខ្ញុំ​បាន​លាឈប់​ប្រដាល់​ក្នុង​ឆ្នាំ​២០១៣​បន្ទាប់​ពី​បាក់​ឆ្អឹង​ជំនី​ក្រោយ​មក​បាក់​ឆ្អឹង​ដៃ​ឆ្វេង​ដោយ​ការ​ទាត់​របស់​កីឡាករ​ធន់​សុភា​។​សុធន​ថា​អ្នក​ដែល​រារាំង​ផ្លូវ​និង​ជា​ឧបសគ្គ​ធំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ឈ្នះ​ខ្សែ​ក្រវាត់​គឺ​មាន​កីឡាករ​នួន​សូរិយា​ផៃ​ប៊ុនឈឿ​អូត​ភូថង​និង​ធន់​សុភា​ហើយ​ក្រៅ​ពី​នេះ​មិន​លំបាក​ឬ​ឧបសគ្គ​ធំ​ក្នុង​ការ​ប្រជែង​នោះ​ឡើយ​។

ទាក់​ទង​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​សម័យ​កូវីដ​នេះ​សុធន​និយាយ​ថា​៖​ខ្ញុំ​ឥឡូវ​ដាច់​បាយ​ហើយ​​កន្លង​មក​ធ្វើ​ការ​សំណង់​ផង​បើក​ឡាន​ឲ្យ​គេ​ផង​បាន​ម៉ា​រស់ៗ​ប្រចាំ​ថ្ងៃ​ហើយ​ក្នុង​រយៈ​ពេល​ឈប់​ពី​ប្រដាល់​នេះ​ខ្ញុំ​បាន​សន្សំ​និង​ជំពាក​គេ​ខ្លះ​ទិញ​ដី​បាន​ទំហ៊ំ​១២​គុណ​១៧ម៉ែត្រ​សង់​ខ្ទម​តូច​មួយ​នៅ​ភូមិ​ក្បាល​ប្រលាន​សង្កាត់​អូតាវ៉ៅ​ក្រុង​ប៉ៃ​លិន​ខេត្ត​ប៉ៃ​លិន​ជា​មួយ​ប្រពន្ធ​និង​កូន​៣​នាក់​យ៉ាង​កំសត់​ណាស់​​ប៉ុន្តែ​មក​ដល់​ពេល​នេះ​គ្មាន​អី​ហូប​ទេ​អង្ករ​ក៍​អស់​លុយ​ក៍​គ្មាន​គឺ​ដាច់​បាយ​តែ​ម្តង​ហើយ​គ្មាន​ការងារ​ធ្វើ​ទេ​សូម​បង​ប្អូន​និង​ថ្នាក់​ដឹក​នាំ​ជួយ​ផង​។​

បន្ថែម​ពី​លើ​នេះ​វ៉ោ​សុធន​បាន​បញ្ជាក់​ពី​ភាព​អយត្តិធម៌​ខ្លាំង​ចំពោះ​គ្រួសារ​គាត់​ដែល​មាន​បង​ប្អូន​ចំនួន​៦​នាក់​ហាត់​ប្រដាល់​ទាំង​អស់​នាំ​ភាព​ល្បី​ល្បាញ​កន្លង​មក​តែ​គ្មាន​នរណា​ម្នាក់​បាន​ទទួលឬ​ចាប់​​ក្រប​ខ័ណ្ធ​ជា​មន្ត្រី ​រាជ​ការ​ជា​ប៉ូលិស​ទាហ៊ាន​ដូច​កីឡាករ​ដទៃ​ទេ​។​

បើ​គេ​មាន​ក្រប​ខ័ណ្ឌ​គេ​មាន​ប្រាក់​ខែ​ជួយ​ទប់​នៅ​ពេល​ប្រ​កួត​មិន​កើត​។​វ៉ោយ​សុធន​បាន​បញ្ជាក់​ថា​៖​ខ្ញុំ​ស្នើ​សុំ​ឲ្យ​មាន​ក្រប​ខ័ណ្ឌ​នឹង​គេ​ផង​ពិសេស​នៅ​ពេល​បើក​ការ​ប្រ​កួត​វិញ​សុំ​ការ​ងារ​ជា​ចៅ​ក្រម​អាជ្ញា​កណ្តាល​ដូច​មិត្ត​ៗ​រួម​អាជីព​កន្លង​មក​ផង​ដើម្បី​បាន​កំរៃ​ទ្រ​ទ្រង់​ជីវភាព។​

គួត​រម្លឹក​បញ្ជាក់​ថា​បង​ប្អូន​ទាំង​៦​នាក់​ដែល​បង​ប្អូន​ធ្លាប់​ស្គាល់​ជា​អ្នក​ប្រដាល់​ឆ្នើម​មក​ពី​ទិស​ខាង​លិច​មាន​១​កីឡាករ​វ៉ោយ​ចន្ទ​តារា​​២​វ៉ោយ​វណ្ឌី​ទី​៣​វ៉ោយ​សុធន​ទី​៤​វ៉ោយ​ចន្ទ​ដារិទ្ធ​ទី​៥​វ៉ោយ​ចន្ទ​ដារ័ត្ន​និង​ទី​៦​កីឡាការិនី​វ៉ោយ​ស្រី​ម៉ុច​ខណៈ​ដែល​ការ​ចាប់​ផ្តើម​ល្បីល្បាញ​កក្នុង​ក្លិប​ប្រដាល់​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០១០​៕​

Loading...