ក្លឹបវិសាខា ចុះ MoU ជាមួយក្លឹបនៅលីគកំពូលជប៉ុន (J-League 1)

647

ភ្នំពេញ៖ ក្លឹបបាល់ទាត់ វិសាខា បានធ្វើអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីពួកគេបានប្រកាសចុះអនុសារណៈយោគយល់គ្នា (MoU) ជាមួយក្លឹបក្របខណ្ឌលីគកំពូលជប៉ុន(J-League 1) គឺក្លឹប Yokohama FC នាព្រឹកនៅថ្ងៃទី១៦ ខែធ្នូនេះ។

ពិធីចុះ MoU លើភាពជាដៃគូនេះ បានធ្វើនៅប្រទេសជប៉ុនកាលពីម្សិលមិញ ក្រោមវត្តមានលោក ស សុខា និងលោកជំទាវ កែ សួនសុភី ប្រធានក្លឹបវិសាខា និងលោក Onodera Hiroshi ប្រធានក្លិប Yokohama FC ។

ចំពោះគោបំណងសំខាន់ នៃការចុះអនុសារណៈយោគយល់គ្នាខាងលើ គឺផ្ដោតលើការរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងក្លឹប និងក្លឹប ពិសេសការអភិវឌ្ឍន៍ និងផ្លាស់ប្ដូរយុវជនថ្នាល រួមទាំងការផ្លាស់ប្ដូរបទពិសោធន៍រវាងគ្រូបង្វឹក និងគ្រូបង្វឹក សំដៅជំរុញការអភិវឌ្ឍក្លិបទាំងពីរ ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត ។

គួរដឹងថា ក្លឹប Yokohama FC បានក្លាយជាសមាជិកក្របខណ្ឌលីគកំពូលជប៉ុន នារដូវកាលថ្មី ឆ្នាំ២០២០ បន្ទាប់ពីពួកគេ ដណ្ដើមបានជើងឯករងក្នុងក្របខណ្ឌលីគទី២ (J-League 2) ក្នុងឆ្នាំ២០១៩ នេះ ដើម្បីដឹកដៃគ្នាជាមួយក្រុមជើងឯក Kashiwa Reysol ឡើងទៅបង្គ្រប់កៅអីលីគកំពូលជប៉ុន ឆ្នាំ២០២០ ខណៈដែល វិសាខា ក៏បញ្ចប់ត្រឹមជើងឯករងនៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៩ ផងដែរ៕

Loading...