វ៉ាន់ វីត ធ្លាប់ធ្វើការសំណង់ និងអ្នកតំណាងចែកចាយមុនក្លាយជាកីឡាករនៅអាស៊ីអឺរ៉ុប

129

វ៉ាន់ វីត គឺជាខ្សែបម្រើវ័យក្មេងមួយរូបនៅអាស៊ីអឺរ៉ុបយូណាយធីត ដោយត្រូវបានដំឡើងពីក្រុមថ្នាលយុវជនមកកាន់ក្រុមធំក្នុងរដូវកាល ២០២១នេះ។

កីឡាករវ័យ១៨ឆ្នាំមានកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានឪពុកម្ដាយជាអ្នកលក់ដូរតិចតួចនៅផ្ទះ។ ដោយសារតែបញ្ហាជីវភាព គេបានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៤ ចាប់ការងារជាកម្មករសំណង់ជាមួយពូ ដោយទទួលបានថ្លៃពលកម្ម២ម៉ឺនរៀលក្នុងមួយថ្ងៃ។ ធ្វើការសំណង់បានមួយរយៈ គេក៏សម្រេចចិត្តទៅធ្វើការជាអ្នកតំណាងចែកចាយផលិតផលជាមួយបងប្រុសវិញ។

អំឡុងធ្វើការជាអ្នកតំណាងចែកចាយ វ៉ាន់ វីត ក៏ឆ្លៀតលេងបាល់ទាត់ជាប្រចាំដែរ។ ក្រោយមក គេបានសម្រេចចិត្តចូលធ្វើតេស្ដនៅក្រុមអាយុក្រោម១៨ឆ្នាំអាស៊ីអឺរ៉ុយូណាយធីត កាលឆ្នាំ២០២០ ដោយមានការណែនាំពីគ្រូៗដែលជាអ្នកស្គាល់គ្នា ហើយក៏បានជាប់ជាស្ថាពរ។ ត្រឹមរយៈពេលមួយឆ្នាំ គេក៏ត្រូវបានគ្រូបង្គោលក្រុមធំ គឺលោក សុក វាសនា កោះហៅចូលរួមការប្រកួតក្របខណ្ឌ Metfone Cambodian League 2021 តែម្ដង។

នៅអាស៊ីអឺរ៉ុបយូណាយធីត ក្រៅពីបានប្រាក់ខែសមល្មម វ៉ាន់ វីត ក៏ទទួលបានកន្លែងស្នាក់នៅ និងការជួយទំនុកបម្រុងផ្សេងពីក្លិប និងពីម្ចាស់ហាងស៊ុបពពែពេញចិត្តទៀតផង។ គេបានទុកប្រាក់ខែមួយភាគផ្ញើដល់គ្រួសារនៅស្រុកកំណើតជាប្រចាំផងដែរ។

រដូវកាល២០២១ វ៉ាន់ វីត ចូលលេងបាន៥ប្រកួត និងរកបានមួយគ្រាប់ពេលស្មើអង្គរថាយហ្គឺរ នាពេលថ្មីៗនេះ។ គេទទួលបានបទពិសោធល្អៗពីការលេងក្នុងក្រុមធំ ហើយក៏នៅខ្វះខាតច្រើនថែមទៀតដែរដែលត្រូវបំពេញបន្ថែម៕

Loading...