វ៉ាន់ វឿន ផ្តួល លាប រដ្ឋា គ្រងខ្សែក្រវាត់ជាលើកដំបូងក្នុងអាជីព

924

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៥៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបញ្ចប់ហើយ នាល្ងាចថ្ងៃសៅរ ទី ៣០ ខែមីនា ឆ្នាំ​២០១៩ នេះ ដោយអ្នកប្រដាល់ លាប រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធ ខេត្តបន្ទាយមានជ័យ បានបរាជ័យក្រោមថ្វៃដៃកីឡាករ វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ដោយពិន្ទុឯកឆ័នបន្ទាប់ពីប្រកួតគ្នា ៥ទឹកពេញរួចមកនោះ។

លាប រដ្ឋា មានប្រវត្តិប្រកួតចំនួន ៥៧ដង ឈ្នះ ៤៣ដង ចាញ់ ១២ដង និងស្មើពិន្ទុ ២ដង។ ចំណែក វ៉ាន់ វឿន វិញមានប្រវត្តិប្រកួតចំនួន ៧៣ដង ឈ្នះ ៥៩ដង ចាញ់ ១២ដង និងស្មើពិន្ទុ ២ដង។ នៅក្នុងទឹក ៥ លាប រដ្ឋា ត្រូវ វ៉ាន់ វឿន វាយមួយឲ្យលោកអាជ្ញាកណ្ដាលរាប់ ៨ ចំនួន ២លើកមុននឹងចប់ការប្រកួត។

លទ្ធផលនៃជំនួបផ្ដាច់ព្រ័ត្រនេះគឺចៅក្រមទាំង ៥រូប សុទ្ធតែផ្ដល់ពិន្ទុឲ្យ វ៉ាន់ វឿន ឈ្នះគ្រប់ៗគ្នា ដូច្នេះ រូបគេបានក្លាយជាម្ចាស់ខ្សែក្រវាត់ និងអមដោយទឹកប្រាក់ចំនួន ២០លានរៀល ចំពោះ រដ្ឋា ដែលជាជើងឯករងបានទទួលពានមួយអមដោយទឹកប្រាក់ ១២លានរៀល។

សូមបញ្ជាក់ថា  កីឡាករទាំង ២នាក់ ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុពួកគេដណ្ដើមបានជ័យជម្នះទាំង ៤ ប្រកួតដូចគ្នាថែមទាំងវាយគូប្រកួតឲ្យសន្លប់ទាំង ៤ប្រកួត ដូចគ្នាទៀតផង៕ (វីដេអូ ខាងក្រោម)

Loading...