
អ្នកប្រដាល់មិនតិចទេក្នុងសម័យបច្ចុប្បន្នដែលចំណាយពេលវេលាទៅហ្វឹកហាត់ឡើងប្រដាល់ដើម្បីយកកំរៃថវិកាទ្រទ្រង់ជីវភាពគ្រួសារនិងបន្តការសិក្សា។ បន្ថែមពីលើនេះអ្នកប្រដាល់មួយចំនួនក៍ប្រឹងប្រែងតស៊ូរៀនសូត្របញ្ចប់បរិញ្ញាបត្រក៍មានមិនតិចដែរខណៈការប្រឹងប្រែងទ្រទ្រង់ជីវភាពបន្តការរៀនសូត្របានកំរៃមកពីឡើងសង្វៀនប្រកួតនេះតែម្តង។
អ្នកប្រដាល់ឆ្នើមល្បីល្បាញក្នុងកម្រិតមធ្យមពីរអ្នកបងប្អូនជាកូនភ្លោះកីឡាករឈ្មោះ សយ សុខ និង សយសី នៃក្លិបវិបុលពោធិសែនជ័យបានសាងបាននូវស្នាដៃអាចចាត់ទុកជាគំរូសម្រាប់អ្នកប្រដាល់ជំនាន់ក្រោយ។អ្នកប្រដាល់ដែលមានមុខនិងរូបរាងដូចគ្នាជាបងប្អូនភ្លោះមានជីវភាពក្រីក្របំផុតបានចាប់យកមុខរបរជាកីឡាករប្រយុទ្ធឡើងប្រកួតរកលុយដើម្បីបានរៀនរហូតបានរហូតបញ្ចាប់បរិញ្ញាបត្រ។ចំណុចល្អពិសេសរបស់កីឡាករកូនភ្លោះនេះមានឈ្មោះល្បីលើសង្វៀនប្រកួតនិងរៀនបានខ្ពស់ផងដែរហើយបានចាត់ទុកថាការតស៊ូលំបាកក្នុងពិភពកីឡាប្រដាល់គុនខ្មែរទទួលបានលទ្ធផលផ្លែផ្កាគួរជាទីពេញចិត្ត។
នៅក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ថ្មីៗនេះ សយ សុខ និងសយ សី ជាកូនកសិករមានជីវភាពគ្រួសារក្រីក្រដែលមានបងប្អូនច្រើនដល់ទៅ ៧នាក់ក្ នុងនោះមានតែកូនទី៥ជាកូនភ្លោះនេះហើយដែលហក់ចូលក្នុងពិភពប្រដាល់ដើម្បីរកប្រាក់ជួយគ្រួសារបានផងនិងរៀនបានចប់កម្រិតបរិញ្ញាបត្រ។សយសុខនិងសយសីមានអាយុ២៦ឆ្នាំបានចំណាយពេលក្នុងប្រដាល់រយៈពេលចំនួន៨ឆ្នាំ ហើយបច្ចុប្បន្ននេះសយសីជាបងបានបញ្ជប់បរិញ្ញាបត្រអគ្គីសនីពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសហៅកាត់ថា(NTTI)។ ចំណែក សយ សុខជា ប្អូនបានបញ្ចប់ជំនាញវិស្វករសំណង់ស៊ីវិល។សយសីនិយាយថា៖ ខ្ញុំមានបងប្អូនច្រើនជីវភាពលំបាកដោយឪពុកម្តាយគាត់ធ្វើស្រែចំការពេលខ្ញុំរៀបបានត្រឹមថ្នាក់ទី១០គឺជីវភាពកាន់តែលំបាកពេលនោះខ្ញុំគិតជាមួយប្អូនថាចូលហាត់ប្រដាល់ដើម្បីប្រកួតរកលុយព្រោះស្គាល់លោកគ្រូប្រដាល់ឡុងវិបុលនៅស្រុកជាមួយគ្នាគឺបានសុំគាត់ហាត់ឡើងប្រកួតដើម្បីរកប្រាក់ផ្គត់ផ្គង់ការសិក្សា។ជាបន្តបន្ទាប់បានឡើងប្រកួតព្រមទាំងទទួលបានតម្លៃខ្លួនយកទៅរៀនជាបន្តបន្ទាប់រហូតដល់ពេលនេះ។ សយសុខបន្កថាខ្ញុំមានឪពុកឈ្មោះសយជឹមអ្នកម្តាយឈ្មោះយ៉នថុលនៅភូមិតាលនឃុំត្រពាំងព្រះស្រុកព្រៃឈខេត្តកំពុងចាមមុខរបរធ្វើស្រែចំការតិចតួច។ដើមឡើយពីរនាក់បងប្អូនរៀននៅវិទ្យាល័យនរោត្តមរណឬទ្ធិគន្ធបុប្ផានៅខេត្តនិងមកបន្តរៀននៅវិទ្យាល័យនៅភ្នំពេញ។ក្នុងរយៈពេលជាង៤ឆ្នាំការចំណាយលើការបង់សាលានិងហូបចុកគឺបានពីការប្រកួតប្រដាល់រហូតដល់បានបញ្ចប់ការសិក្សា។ទោះជាយ៉ាងណាខ្ញុំនិងប្អូនមិនដែលដណ្តើមបានជើងឯកឬខ្សែក្រវាត់នៅឡើយទេគឺបានត្រឹមជើងឯករងក្នុងការប្រកួតជម្រើសជាតិប្រចាំឆ្នាំប៉ុណ្ណោះប៉ុន្តែការហ្វឹកហាត់និងគោរពវិន័យបានល្អគឺទទួលបានឱកាសឡើងប្រកួតបានលុយជួយជីវភាពជានិច្ច។
សយសុខបញ្ជាក់ឲ្យដឹងថា៖ក្រោយបញ្ចប់ការសិក្សានឹងស្វែងរកការងារធ្វើដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យបានប្រសើរដូចគេប៉ុន្តែយ៉ាងណាក៍នៅតែមិនដាច់អាល័យពីការហ្វឹកហាត់ក្បាច់គុននិងឡើងប្រកួតទៅតាមសមត្ថភាពសុខភាពនិងពេលវេលាជាក់ស្តែងពីព្រោះវាជាមុខរបរស្របច្បាប់ដែលផ្តល់សុខភាពនិងកំណើតឲ្យយើងខ្ញុំមកដល់ពេលនេះ។
ចំណែកសយសីជាបងបន្ថែមថា៖ការងារជាវិស្វករមិនលំបាករកការងារធ្វើទេនៅក្រុមហ៊ុនវិស័យឯកជនមួយចំនួនក៍ត្រូវការជំនាញនេះដែរពិសេសខ្ញុំធ្លាប់ទទួលរងការលំបាកក្នុងជីវភាពក្រីក្រតស៊ូក្នុងគឺខ្ញុំនឹងឈានទៅរកការងារតាមបច្ចេកទេសជំនាញគិតថាជីវិតនឹងប្រសើរជាងមុនៗ។សយសីបន្ថែមថា«ខ្ញុំមិនភ្លេចកំណើតជាកីឡាករទេពិសេសគ្រូបង្វឹកខ្ញុំ»។នៅពេលខ្ញុំមានជីវភាពធូរធាខ្ញុំចង់បង្កើតក្លិបប្រដាល់ដើម្បីបណ្តុះបណ្តាលបង្វឹកដល់ក្មេងៗជំនាន់ក្រោយដើម្បីឲ្យមានឱកាសបានប្រកួតរកប្រាក់ដើម្បីបន្តការរៀនសូត្រដូចរូបខ្ញុំ»។
គួររម្លឹកបញ្ជាក់ថា៖តាមកត់សំគាល់អ្នកប្រដាល់មួយចំនួនបានហ្វឹកហាត់និងឡើងប្រកួតតស៊ូរៀនសូត្រទទួលបានបរិញ្ញាបត្រដែលបច្ចុប្បន្មានជីវភាពល្អប្រសើរមានដូចជាកីឡាករឡុងសុវណ្ណឌឿន,ឃីមបូរ៉ាកីឡាករសែនរ៉ាឌី,សែនរ៉ាដេតជាដើម។ជាមួយគ្នានេះថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់ធ្លាប់ជួយអន្តរាគមឲ្យសកលវិទ្យាល័យមួយចំនួនជួយបញ្ចុះតម្លៃការសិក្សាផងដែរ៕