ធន់ អៀនឡៃ និង រិន ដេវីត ប្រជែងគ្នាក្នុងវគ្គ ៤នាក់ចុងក្រោយ

226

ប្រកួត TV5 Boxing Knock-Out Serie by Cell Card សម្រាប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ ៤នាក់ចុងក្រោយហើយរវាង ធន់ អៀនឡៃ មកពីក្លិបកងយោធពលខេមរភូមិន្ទ និង រិន ដេវីត របស់ក្លិបនាគរាជចតុមុខ។ អ្នកឈ្នះនឹងទៅដល់វគ្គ ផ្ដាច់ព្រ័ត្រទទួលបានពាន និងទឹកប្រាក់អមចំនួន ៤០០០ដុល្លារ។ រម្លឹកកាលវគ្គជម្រុះ ធន់ អៀនឡៃ នៅក្នុងការប្រកួតវគ្គជម្រុះជុំទី១ ឈ្នះអ្នកប្រដាល់ សេក សារ៉ាន់ ដោយពិន្ទុដាច់តែម្ដង នៅជុំទី២ ធន់ អៀនឡៃ ឈ្នះ សឺន ថៃសាន់ ដោយពិន្ទុ។ ចំពោះ រិន ដេវីតវិញនៅជុំទី១ ឈ្នះ រឿន សុខលី ដោយពិន្ទុជុំទី២ ឈ្នះ ពេជ្រ ប៊ុនសិទ្ធ ដោយពិន្ទុ។

ប្រវរ្តិប្រកួត ធន់ អៀនឡៃ ប្រកួតបានចំនួន ៧៩ដង ឈ្នះ ៧៣ដង ចាញ់ ៦ដង ពុំធ្លាប់ស្មើក្នុងនោះផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន ២៥ដង រីឯ រិន ដេវីត វិញ គេមានប្រវត្តិប្រកួតបានចំនួន ៥៨ដង ឈ្នះ៤៤ដង ចាញ់ ១២ដង ស្មើពិន្ទុ ២ដង ក្នុងនោះផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន ២០ដង។

លោក ធន់ សុភា គ្រូបង្វឹកនិយាយថា៖ វគ្គនេះសំខាន់បើឆ្លងផុតគឺធានាបានពានរង្វាន់មិនខាន់។ រិន ដេវីត មិនងាយនឹងយកឈ្នះបានស្រួលទេគឺមិនងាយចុះចាញ់ដែរប៉ុន្តែខ្ញុំមានយុទ្ធសាស្ត្រដើម្បីយកឈ្នះគឺហ្វឹកហាត់ផ្នែកកម្លាំងឲ្យបានពេញលេញ ចំណែកក្បាច់ប្រកួតគឺជាក់ស្តែងមិនអាចនិយាយមុនឲ្យគេដឹងនោះទេ។ លោក ធន់ សុភាបន្ថែមថា៖ ធន់ អៀន ឡៃ វាយបានគ្រប់ស្ថានការណ៍ទាំងកណ្តាប់ដៃ ជង្គង់ និងទាត់ ឬវ៉ៃបានទាំងក្បាច់ឆ្ងាយ និងចូលគៀក។ យ៉ាងណាក៍ដោយខ្ញុំរម្ពឹងឈ្នះ ៧០ភាគរយ ប៉ុន្តែមិនមែនស៊ីផុយនោះឡើយ។

កីឡាករ រិន ដេវីត និយាយថា៖ បានហ្វឹកហាត់ត្រៀមបានល្អហើយលទ្ធផលយ៉ាងណាមិនហ៊ានទស្សន៍ទាយមុនប្រកួតបានទេពីព្រោះគេក៍ហាត់យើងក៍ហាត់និងចង់ឈ្នះដូចគ្នា។រិនដវីតបន្ថែមថា៖ខ្ញុំនឹងវ៉ៃអស់ពីសមត្ថភាពប៉ុន្តែការរម្ពឹងឈ្នះប៉ុន្មានភាគរយគឺមិនហ៊ាននិយាយឡើយពីព្រោះការប្រកួតនេះសំខាន់ និងតឹងតែងបំផុតដោយសារ អៀនឡៃ ក៍ខ្លាំងមួយរូបផងដែរក្នុងប្រភេទទម្ងន់នេះ។

តាមមតិស្ទាបស្ទង់ពីអ្នកនិយមទស្សនាភាគច្រើនគេមានជំនឿទៅលើ ធន់ អៀនឡៃ មានប្រៀបជាងដោយសារចិត្តធំវាយប្តូរមិនញញើត ខណៈដែល រិន ដេវីត ជំនាញជង្គង់ល្អតែទឹកចិត្តតូច និងខ្លាចដៃគូ។ ប្រភពដដែលឲ្យដឹងថា៖ ប្រសិននរណាឈ្នះក្នុងវគ្គនេះនឹងឈានទៅឈ្នះវគ្គផ្តាច់ព្រ័ត្រមិនខាន ពីព្រោះពេលប៉ះជាមួយដៃគូម្នាក់ទៀតមានឡុង ខេត្ត ឬក៍ យ៉ន ពិសី មានសមត្ថភាពមិនអាចទប់ទល់យកឈ្នះបាននោះឡើយ៕

Loading...