ភ្នំពេញៈ ព្រឹត្ដិការណ៍ ប្រកួតដណ្តើមប្រាក់រង្វាន់ចំនួន ៣លាន៤សែនរៀល ប្រចាំសប្តាហ៍ នៅសង្វៀនទូរទស្សន៍ថោននាយប់ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំនេះបានផ្តល់ជូនកីឡាករជើងថ្មីមានបទពិសោធន៍ខ្ចីវស្សាក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ប៉ុន្តែទឹកចិត្តប្រកួតចូលវាយសម្រុកខ្លាំងៗ អស់ពីសមត្ថភាពធ្វើឲ្យអ្នកទស្សនានិយមចូលចិត្តនិងកន្ត្រាក់អារម្មណ៍។ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសជាមួយគណៈកម្មការរៀបចំផ្គូផ្គងបានបង្ហើបឲ្យដឹងថា គឺការប្រកួតនេះ គឺជារបត់ថ្មីក្នុងការកត់សម្គាល់ពីសមត្ថភាពរបស់កីឡាករថ្មីៗមួយចំនួន ដោយការប្រកួតមានភាពទាក់ទាញល្អជាងជើងចាស់មួយចំនួន។
បន្ថែមពីលើកនេះទៀត ការផ្តល់ឱកាសជូនកីឡាករជើងថ្មីថ្មោងជាគុនខ្មែរពន្លកថ្មី គឺជាការលើកស្ទួយនិងផ្តល់ឱកាសឲ្យពួកគាត់កាន់តែល្អប្រសើរឈានទៅជាអ្នកប្រដាល់ដែលឆ្នើមឡើងជាបន្តបន្ទាប់។ សមាសភាពអ្នកប្រដាល់ទាំង ៤ មាន អេលីត ដេងហួរ មកពីនាយកដ្ឋានអង្គរក្ស, ពេជ្រ កក្កដា មកពីចកនាយុវជន ១៥៧គុនខ្មែរ, ធន់ ផានិត មកពីខេមរភូមិន្ទ និងបានលីមបញ្ជាការដ្ឋានទ័ពពិសេសក្នុងប្រភេទទម្ងន់ ៥៧ គីឡូគ្រាម។
លោក ជួប វុត្ថា ផលិតករ និងជាអ្នកគ្រប់គ្រងសមាសភាពកីឡាករកម្មវិធីប្រដាល់នៅសង្វៀនថោនបានឲ្យដឹងថា ការផ្តល់ឱកាសសម្រាប់កីឡាករឆ្នើមៗវ័យក្មេងមានបទពិសោធន៍នៅខ្ចីវស្សា ប៉ុន្តែការប្រកួតវាយអស់ពីសមត្ថភាពព្រមទាំងមានភាពទាក់ទាញមហាជនខ្លាំងផងដែរ។
បន្ថែមលើសពីនេះ ក៍ជាទស្សនៈវិស័យមួយជួយគាំទ្រនិងបណ្តុះបណ្តាលអ្នកប្រដាល់ដែលលេចធ្លោជំនាន់ក្រោយឈានទៅជាអ្នកប្រដាល់លំដាប់ខ្លាំងជួរមុខផងដែរ។ លោក ជួប វុត្ថា បន្ថែមថា៖«ទោះជាមានការរិះគន់ខ្លះ ប៉ុន្តែតាមបទពិសោធរបស់ខ្ញុំរយៈពេលមួយឆ្នាំលើផ្នែកប្រដាល់នេះខ្ញុំគិតថាគួរតែផ្តល់ឱកាសសម្រាប់កីឡាករវ័យក្មេងជាពន្លកគុនខ្មែរដើម្បី ផលិតបាននូវកីឡាករគុនខ្មែរឲ្យសម្បូរបែបឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រកួតដ៍ច្រើន»។ លោកបានបញ្ជាក់ថា កីឡាករជើងចាស់ល្បីមួយចំនួនចាប់ផ្តើមសម្តែងឬកផងប្រកួតមិនសូវទាក់ទាញផង។
ទាក់ទងទៅនឹងសមត្ថភាព និងបទពិសោធន៍បច្ចេកទេសវិញនៅក្នុងកីឡាករវ័យក្មេងទាំង ៤ នាក់ ត្រូវបានគេកត់សម្គាល់ឃើញថាកីឡាករ ពេជ្រ កក្កដា កូនសិស្សលោក ពេជ្រ សុផាន់ មានក្បាច់គួរចាប់អារម្មណ៍ ហើយកីឡាករ ធន ផានិត កូនសិស្ស លោក ធន សុភា មានទឹកចិត្តប្រកួតពុះកញ្ជ្រោលចូលវាយសម្រុកមិនបន្ធូរដៃព្រមទាំងទំនងមានប្រៀបជាងគេបន្តិចបន្តួចខណៈដែល ធន ផានិតមានប្រវត្តិចាញ់តែម្តងគត់ហើយសូម្បីតែជើងខ្លាំង រិន ដេវីដ ក៍លំបាកយកឈ្នះគេណាស់។
យ៉ាងណាក៍ដោយសម្រាប់ អេលីត សេងហួរ កូនសិស្ស ស៊ន អេលីត និង លឹម បាន កូនសិស្សលោក ហង្ស សឿន មានមតិភាគច្រើនសុទ្ធតែមិនហ៊ានទស្សន៍ទាយមុនប្រកួតបានឡើយពីព្រោះសុទ្ធតែប្រភេទកីឡាចូលវាយសម្រុកមិនសូវមានស្នៀតការពារពោល គឺអាចចូលគោលដៅល្អសន្លប់ភ្លាមៗក៍ថាបាន។
ងាកមកមើលពីស្ថិតិឬប្រវត្តិប្រកួតរបស់ពួកគេទាំង ៤ កីឡាករ ធន់ ផានិត ធ្លាប់ប្រកួតបានចំនួនតែ ១៤ លើកឈ្នះ ១៣ លើកចាញ់១លើកមានកម្ពស់ ១,៧១ ម៉ែត្រ។ កីឡាករ ពេជ្រ កក្កដា ធ្លាប់ប្រកួតបានចំនួន ២៥ លើកឈ្នះ ១៦ លើកចាញ់ចំនួន ៨ លើកស្មើ១លើក។ កីឡាករ បាន លីម ប្រកួតបានចំនួន២៣លើកឈ្នះ ១៧ លើកចាញ់ ៦ លើកស្មើគ្មាន។ ចំណែក កីឡាករ អេលីត សេងហួរ ប្រកួតបានចំនួន ៣២ លើកនឈ្នះ ២៣លើកចាញ់៧លើកស្មើ២លើក។
តាមរយៈការសម្ភាសជាមួយគ្រូបង្វឹកលោកធនសុភាដែលជាគ្រូរបស់កីឡាករ ធន់ ផានិត និយាយថា៖«ខ្ញុំមានជំនឿមុតមាំថា កូនសិស្សរបស់ ខ្ញុំឈ្នះប្រាក់លាននៅសប្តាហ៍នេះពីព្រោះហ្វឹកហាត់បានល្អណាស់ពិសេសដៃគូប្រកួតមានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា និងមានដៃគូខ្លះទំនងក្រោមយើងបន្តិចបន្តួចដែរ»។
លោកបន្តថា បានសង្ឃឹមជឿជាក់ ៩០ ភាគរយថា កូនសិស្សលោកឈ្នះប្រាក់លាន។ លោក ពេជ្រ សុផាន់ គ្រូបង្វឹករបស់ ពេជ្រ កក្កដានិយាយថា លោកមានទំនុកចិត្តថា កូនសិស្សលោកនឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រេ។ លោក ពេជ្រ សុផាន់ បន្ថែមថា ក្នុងចំណោមកីឡាករ ៤ នាក់ ដែលត្រូវឡើងប្រកួតនេះ គឺលំបាកទស្សន៍ទាយឲ្យច្បាស់ណាស់ពីព្រោះជាប្រភេទកីឡាករចិត្តធំហ៊ានចូលវាយប្តូដូចគ្នាហេតុនេះបើវាយចូលគោលដៅពេញវាប្រឈមទៅនឹងស្រុតចុះឬសន្លប់ភ្លាមៗក៍ថាបានដែរ។ លោកថ្លែងថា៖««ខ្ញុំរម្ពឹងឈ្នះ៨០ភាគរយប៉ុន្តែបើចាប់ឆ្នោតប៉ះធន់ផានិតការប្រកួតគឺចាញ់ឈ្នះតឹងតែងណាស់គឺមានទំនុកចិត្តឈ្នះត្រឹម៥០ភាគរយប៉ុណ្ណោះ»។
ចំណែក លោក ស៊ន អេលីត លើកឡើងថា៖«កូនសិស្សខ្ញុំអេលីត សេងហួរ ខ្ញុំមិនហ៊ាននិយាយមុនទេពីព្រោះកុំឲ្យគេថាខ្ញុំអួតប៉ុន្តែជាទូទៅកូនសិស្សខ្ញុំឡើងសង្វៀនធានាវ៉ៃអស់ពីសមត្ថភាពសន្លប់ចោលមិនមែនឡើងរាំតាមចង្វាក់ភ្លេងដូចកូនសិស្សគេទេ»។ ទោះយ៉ាងណាក៍ដោយ លោក ហង្ស សឿន មិនអាចសុំសម្ភាសបានទេ ខណៈដែលកីឡាករ បាន លីម ជើងថ្មីតែគេបានកត់សម្គាល់ថាឆ្នើមផងដែរ។
គួររម្លឹកថា កីឡាករជើងថ្មីទាំង ៤ រូប មានគ្រូបង្វឹកវ័យក្មេងចំនួន ៣រូបមាន ក្នុងមាន ពេជ្រ សុផាន់ ធន់ សុភា និង ស៊ន អេលីត សុទ្ធតែមានប្រភពចេញពីកីឡាករមានបទពិសោធន៍ច្រើនលើកសង្វៀន។ ពួកគាត់បានបង្ហើបឲ្យដឹងថា ការរៀបចំប្រកួតគួរតែផ្តល់ឱកាសឲ្យកីឡាករក្មេងៗឆ្នើមៗ ប្រកួតក្នុងព្រឹត្តិការណ៍ធំៗ ដើម្បីបន្តវេនជើងចាស់មួយចំនួនដែលមានអាយុកាន់តែច្រើន៕