រដូវកាលថ្មីឆ្នាំ២០១៩ ដែលនឹងបើកនៅខែមីនាខាងមុខនេះ លីគកំពូលកម្ពុជា Metfone League នឹងមានក្លិបចំនួន១៤ចូលរួមដែលច្រើនជាងកាលពីរដូវកាលឆ្នាំ២០១៨កន្លងទៅ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់សហព័ន្ធបាល់ទាត់កម្ពុជាកាលពីថ្ងៃទ០៦ ខែមករា។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអះអាងថា ក្រុមចំនួន ៣ នឹងឡើងមកលេងនៅលីគកំពូលនៅឆ្នាំ ២០១៩ ។ ដូច្នេះហើយលីគរដូវកាលថ្មីនឹងកើនដល់ចំនួន ១៤ ក្រុម បូកជាមួយក្រុមដែលមានស្រាប់ចំនួន ១១ ក្រុម។ ក្រុមចំនួន ៣ ដែលត្រូវដំឡើងមករដូវកាលថ្មី រួមមាន ក្លឹបបាល់ទាត់ខេត្តកំពង់ចាម U18 សាលាបាល់ទាត់ជាតិបាទី និង គីរីវង់សុខសែនជ័យ។ នេះបើតាមការចុះផ្សាយនៅលើវេបសាយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។
បើតាមវេបសាយដដែល ការដំឡើងក្រុមទាំង៣នេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលថ្មីៗនេះ។ គណៈកម្មាធិការប្រតិបត្តិបានសម្រេចដំឡើងក្រុមគីរីវង់សុខសែនជ័យ និង ក្លឹបបាល់ទាត់ខេត្តកំពង់ចាម ដោយសារមិនមានការប្រកួតលីគ២នាឆ្នាំកន្លងទៅ។ ប៉ុន្តែ គណៈកម្មាធិការប្រតិបត្តិបានពិនិត្យឃើញថា ទោះបីក្រុមទាំងពីរលេងនៅលីគ២ក៏មានលទ្ធភាពអាចឡើងមកលីគកំពូលបានដែរ។
ដោយឡែកចំពោះការដាក់បញ្ចូលក្រុម U18 សាលាបាល់ទាត់ជាតិ គឺ ដើម្បីឱ្យពួកគេសុំាទៅនឹងការប្រកួតធំៗនិង បង្កើនសមត្ថភាពឱ្យបានខ្ពស់ក្នុងបំណងឱ្យពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា កាលរដូវកាលឆ្នាំ២០១៨កន្លងទៅ ក្រុមដែលត្រូវកាត់ចេញពីលីគកំពូលកម្ពុជាមានពីរ គឺក្រុម វេស្ទើនភ្នំពេញ និង ក្រុមតំណាងឲ្យសាកលវិទ្យាល័យមួយនេះ ។ ចំណែកក្រុមណាហ្គាវើលដ៍ ជាម្ចាស់ជើងឯកលីគកំពូលកម្ពុជាដែលនឹងត្រូវទៅលេងពាន AFC Cup តំណាងឱ្យកម្ពុជា៕