អូឡាំពិកកម្ពុជាបំផុសស្មារតីឱ្យស្ត្រីចូលរួមក្នុងវិស័យកីឡាឱ្យបានច្រើន

583

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារពត៌មាន នៅព្រឹកថ្ងៃចន្ទនេះថា ខ្លួននឹងរៀបចំទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដើម្បីបំផុស្មារតីដល់ ស្ត្រីក្នុងវិស័យកីឡាឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡំាពិកកម្ពុជាមានប្រសាសន៍ថា សម្រាប់ទិវារត់ប្រណាំងនេះ គឹបើកចំហរទាំងបុរស និងស្រ្តី ដែលនៅតែបន្តការចុះឈ្មោះរហូតដល់ថ្ងៃទី២១ ខែកុម្ភៈខាងមុខ ប៉ុន្តែគោលដៅចម្បងគឺឯកឧត្តមចង់ឲ្យមានការចូលរួមពីស្ត្រីឲ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់ស្ត្រី ក្នុងកីឡាឲ្យបានច្រើន ក៏ដូចជាបំផុស្មារតីស្ត្រីក្នុងគោលដៅដំណើរឆ្ពោះទៅទទួលរៀបចំ ម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខផងដែរ។ ឯកឧត្តមបញ្ជាក់ជូនថា សម្រាប់ទីតាំងនៃការរៀបចំទិវារត់ប្រណាំងស្ត្រី នេះកំពុងស្នើសុំសិទ្ធិអនុញ្ញាតពីសាលារាជធានីភ្នំពេញ គឺនៅសួនច្បារមុខវត្តបទុមវតី ដោយតាមការគ្រោងទុកនឹងចេញដំណើរតាមបណ្តោយផ្លូវសុធារសចូលទៅកោះពេជ្រ និងត្រឡប់មកវិញឆ្ពោះមកវត្តឧណ្ណាឡោម កាត់ព្រះបរមរាជវាំងឆ្ពោះទៅបញ្ចប់ទីនៅសួនច្បារមុខវត្តបទុមវតីវិញ។

ចំពោះគោលបំណងនៃទិវារត់ប្រណាំងស្ត្រីនេះ ត្រូវបានឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន លើកឡើងថា ទី១-គឺចង់លើកកម្ពស់ស្ត្រីឲ្យចូលរួមលេងកីឡាឲ្យបានច្រើន, ទី២-ចូលរួមចំណែក សមភាពយេនដឺ, ទី៣-ចូលរួមការពារថែករក្សាបរិស្ថាន ដែលកម្ពុជាកំពុងបើកយុទ្ធនាការកម្ពុជាស្អាតរបស់ក្រសួងទេសចរណ៍ ក៏ដូចជាយុទ្ធនាការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយបានដាក់ចេញនូវ “យុទ្ធនាការកម្ពុជាស្អាត” នេះ ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោមការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC។

ដូច្នេះការរៀបចំទិវានេះ គឺដើម្បីរួមចំណែកលើកកម្ពស់ស្ត្រី និងបរិស្ថាន និងស្ត្រី និងកីឡាផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែមថា «ប្រសិនការរៀបចំទិវានេះទទួលបានជោគជ័យ យើងនឹងយកភាគផលទៅរៀបចំក្នុងការទិញសម្ភារៈកីឡា ឬធ្វើកម្មវិធីកីឡាស្ត្រី កម្រិតខ្ពស់របស់យើង ដើម្បីសម្រួច គោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការរៀបចំព្រឹត្តិការណ៍នេះមិនមែនគេងចំណេញផលប្រយោជន៍សម្រាប់បុគ្គលណាម្នាក់ឡើយ ពោលគឺការរៀបចំផ្តោតសំខាន់តែផលប្រយោជន៍ជារួមរបស់មហាជនយកទៅបម្រើឲ្យបានជាប្រយោជន៍ដល់សង្គមជាតិវិញ។ នេះជាអនុសាសន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC»។

លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគូសបញ្ជាក់ដែរថា តាមរយៈទិវារត់ប្រណាំង ស្រ្តី ជាលើកដំបូង នៅរាជធានីភ្នំពេញនេះនឹងជួយបង្កើនក្នុងការទាក់ទាញស្ត្រី នៅក្នុងសកម្មភាពកីឡាកាន់តែច្រើនឡើងបន្ថែមទៀត។ គួរបញ្ជាក់ថា ទិវារត់ប្រណាំងស្ត្រីនេះទទួលបានការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដោយអញ្ជើញចូលរួមក្នុងពិធីសន្និសីទសារពត៌មាន ដោយលោក Tan Jiak Hiang៕

Loading...