កីឡាទ្រីយ៉ាត្លុងផ្ដើមប្រកួតថ្នាក់ជាតិស្វែងរកជើងខ្លាំង១៤រូបត្រៀមស៊ីហ្គេមឆ្នាំ២០២១នៅវៀតណាម

179

ភ្នំពេញ៖ ប្រកួតជម្រើសជើងឯកជាតិប្រចាំឆ្នាំ២០២០ នៃកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសម្រេចជាគោលការគ្រោងធ្វើការប្រកួតថ្ងៃទី២០ ដល់២២ខែមករាឆ្នាំ២០២១នៅមាត់សមុទ្រក្នុងខេត្តកែប ខណៈការពន្យាពេលជាច្រើនលើកច្រើនសាររហូតដល់ឆ្លងចូលឆ្នាំ២០២១ដោយបញ្ហាស្ថានភាពវិបត្តិកូវីដ១៩ដូចសហព័ន្ធកីឡាដទៃដែរ។

ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំប្រចាំឆ្នាំនេះត្រូវបានសហព័ន្ធដាក់គោលការណ៍សម្រេចទម្រង់ជាថ្មីគឺសម្រិតសម្រាំងអត្តពលិកឆ្នើមចំនួន ១៤នាក់ដើម្បីត្រៀមក្នុងស៊ីហ្គេមចំនួនពីរលើកគឺចុងឆ្នាំ២០២១ នៅវៀតណាមនិងដើមឆ្នាំ២០២៣នៅកម្ពុជា។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បាន ថ្លែងថាការរៀបចំការប្រកួតនេះក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា។ លោកថ្លែងថា៖«យើងមានវិស័យឯកជនជួយឧបត្ថម្ភខ្លះ ដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិទ្រីយ៉ាត្លុងឆ្ពោះទៅសម្រេចគោលដៅបានលទ្ធផលល្អនៅស៊ីហ្គេមខាងមុខពិសេសក្នុងឱកាសកម្ពុជាទទួលរៀបចំធ្វើជាម្ចាសផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាសហការ និងគាំទ្រដោយសាលាខេត្តកែប។

លោក ងិន សុខបញ្ញា បន្ថែមថា ឆ្នាំនេះក្រប្រកយតបានសម្រាំងយកតិចដើម្បីគុណភាពសមត្ថភាព គឺមានក្លិបចូលរួមចំនួន ៩ក្លិប ឬសមាគមមានអត្តពលិកចំនួនជាង ៥០នាក់ក្នុងនោះស្ត្រីចំនួន ១៨នាក់ដើម្បីប្រកួតប្រជែងយកអ្នកឆ្នើមចំនួន១៤ នាក់ ដោយពុំគិតពីឈុតធំ ឬថ្នាលដូចឆ្នាំមុនៗទៀតទេ ការរៀបំប្រកួតបែបនេះ ដើម្បីយក ១៤នាក់ដែលល្អនេះបង្វឹកជាប្រចាំធ្វើជើងឯកជាតិមួយលើកទៀតមុនខែតុលាឆ្នាំ២០២១ដើម្បីទៅប្រកួតស៊ីហ្គេមលើកទី៣១នៅវៀតណាមចុងឆ្នាំនៅខែវិច្ឆិកា។

ទាក់ទងទៅនឹងបច្ចេកទេសប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះមាន៣វិញ្ញាសាដូចជា៖
១.វិញ្ញាសាទ្រីយ៉ាត្លុង«TRIATHLON»បុរស-នារីមិន កំណត់អាយុដោយហែលទឹកចម្ងាយ៧៥០ ម៉ែត្រ+ជិះកង់២០គីឡូម៉ែត្រ+រត់ប្រណាំង ៥គីឡូម៉ែត្រ។ ២វិញ្ញាសាឌូអាត្លុង«DUATHLON»បុរស-នារីមិនកំណត់អាយុដោយរត់ប្រណាំង ៥គីឡូម៉ែត្រ+ជិះកង់២០គីឡូម៉ែត្រ+រត់ប្រណាំង២.៥គីឡូម៉ែត្រ។ ៣.វិញ្ញាសាអាគ័តត្លុង «AQUATHLON» បុរស-នារីកំណត់អាយុអាយុក្រោម ១៦ឆ្នាំដោយហែលទឹក ៣៥០ម៉ែត្រ+រត់ប្រណាំង២.៥គីឡូម៉ែត្រ។

លោក ងិន សុខបញ្ញា បញ្ចាក់បន្ថែមថាអត្តពលិកក្រុមការងារត្រូវបានផ្តល់ជូនការស្នាក់នៅហូបចុកនិងការធ្វើដំណើរនិងមានសហការល្អពីសាលាខេត្តកែបព្រមទាំងវិស័យឯកជនមានក្រុមហ៊ុនឧបត្ថម្ភផ្តល់រង្វាន់ជាសម្ភារៈបន្ថែមដូចជាក្រុមហ៊ុន giant. Ford . Online ជាដើម ខណៈដែលប្រាក់រង្វាន់ចំណាត់ថ្នាក់លេខ ១ទទួលបាន ៤០ម៉ឺនរៀលលេខ ២ចំនួន ៣០ម៉ឺន រៀលនិងលេខ៣ចំនួន ២០ម៉ឺនរៀល។

ជាមួយនឹងទម្រង់ដឹកនាំបច្ចេកទេសថ្មីសហព័ន្ធមានយុទ្ធសាស្ត្រនឹងប្រើរបៀបតាមទម្រង់ស៊ីហ្គេមអ្នកឈ្នះជើងឯកជាតិពិសេសចំនួន ១៤នាក់ តាមការវាយតម្លៃបន្ថែមនឹងដាក់ឲ្យប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលគ្រោងធ្វើឡើងនា ខែតុលា គឺមុននឹងចេញទៅប្រកួតស៊ីហ្គេមលើកទី ៣១ នាខែវិច្ឆិកាឆ្នាំ២០២១ នៅប្រទេសវៀតណាមក៏ដូចជាគោលដៅឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ផងដែរ៕

Loading...