ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិគ្រោងចាប់ផ្តើមនាថ្ងៃទី៨-៩ ខែមករានេះ

126
រូបភាព៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា

ភ្នំពេញ៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានប្រកាសជូនដំណឹងស្តីពីការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបញ្ជាក់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះថា ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិនេះមាន៣វិញ្ញាសា គឺវិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរស, ២នាក់ ទល់ ២នាក់បុរស និងវិញ្ញាសានារី ២នាក់ ទល់ ២នាក់ ក្រោមការសហការពីក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលពាក្យចូលរួមប្រកួត នឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះហើយៗនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នឹងប្រជុំចាប់ឆ្នោតបែងចែកការប្រកួតនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អគ្គលេខាធិការស្តីទីរូបនេះបន្ថែមថា មកដល់ថ្ងៃនេះ ការចុះឈ្មោះចូលរួមប្រកួតមានកីឡាករ-កីឡាការិនី ចំនួន ៧ក្រុម មកពី ៧ក្លឹប ប៉ុន្តែការចុះឈ្មោះនៅបន្ត ១ពេលទៀត។ ទោះយ៉ាងនេះក៏ការប្រកួតជើងឯកថ្នាក់ជាតិនេះ មិនបើកទូលាយពេកទេ យ៉ាងច្រើនត្រឹមចំនួន ៨ក្រុម ប៉ុណ្ណោះ ដោយជ្រើសរើសយកក្រុមខ្លាំងៗចូលរួមប្រកួតប៉ុណ្ណោះ។

នៅក្នុងការប្រកួតនេះ ភាគច្រើនគឺជាក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែង ក៏ដូចជាបង្កើនគុណភាពរបស់ខ្លួន ត្រៀមចូលរួមប្រកួតប្រជែងមេដាយនៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

សូមរំឭកថា សីដក់កម្ពុជា គឺជាប្រភេទកីឡាសក្តានុពលមួយ នៅក្នុងចំណោមប្រភេទកីឡាសក្តានុពលផ្សេងៗទៀត ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅក្នុងស៊ីហ្គេម នាពេលកន្លងមក ជាពិសេសនៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២១៩ ប្រភេទកីឡាសីដក់កម្ពុជាដណ្តើមបានមេដាយប្រាក់១លើវិញ្ញាសាទាត់សីចូលកន្រ្តក៕

Loading...