ភ្នំពេញ៖ ក្រុមក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ នៅក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ខណៈក្រុមនារី ២នាក់ទល់ ២នាក់ បានលើក្រុមមជ្ឈមណ្ឌល ខ.ភ.ម និងក្រុមបុរស ២នាក់ ទល់ ២នាក់ បានទៅលើក្រុមក្រសួងមហាផ្ទៃ បន្ទាប់ពីបានយកឈ្នះលើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់នេះ ក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមមជ្ឈមណ្ឌល ខ.ភ.ម ដោយលទ្ធផល ២សិតទល់ ០ ក្នុងពិន្ទុ ២១ ទល់ ១២ និង ២១ ទល់ ១៣ ដោយក្រុមក្រសួងការពារជាតិដណ្តើមបានជើងឯក ខណៈក្រុមមជ្ឈមណ្ឌល ខ.ភ.ម បានត្រឹមរងជើងឯក រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមដេអិន។
ចំពោះលទ្ធផលជ័យលាភី ២វិញ្ញាសាទៀតរួមមាន៖ ផ្នែកក្រុមនារី ២នាក់ទល់ ២នាក់ ចំណាត់ថ្នាក់លេខ១ បានលើក្រុមមជ្ឈមណ្ឌល ខ.ភ.ម, លេខ២ ក្រុមក្រសួងការពារជាតិ២ និងលេខ៣ ក្រុមក្រសួងការពារជាតិ១ ។ ក្រុមបុរស ២នាក់ទល់២នាក់៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមក្រសួងមហាផ្ទៃ, លេខ២ ក្រុមក្រសួងការពារជាតិ និងលេខ៣ ក្រុមមជ្ឈមណ្ឌល ខ.ភ.ម។
សូមរំឭកថា សីដក់កម្ពុជា គឺជាប្រភេទកីឡាសក្តានុពលមួយ នៅក្នុងចំណោមប្រភេទកីឡាសក្តានុពលផ្សេងៗទៀត ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅក្នុងស៊ីហ្គេម នាពេលកន្លងមក ជាពិសេសនៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២១៩ ប្រភេទកីឡាសីដក់កម្ពុជាដណ្តើមបានមេដាយប្រាក់១លើវិញ្ញាសាទាត់សីចូលកន្រ្តក៕