ភ្នំពេញៈ ក្លិបបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) បានប្តូរឈ្មោះទៅជាសមាគមកីឡាបាល់ទាត់យោធពលខេមរភូមិន្ទហៅកាត់ថា TIFFY Army FC ដែលដាក់ឲ្យនៅក្រោមមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ហើយក្លិបនេះបានបង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់មួយ ដែលមានថវិកាសម្រាប់ប្រតិបត្តិការចំនួន ៣០ ម៉ឺនដុល្លារក្នុង ១ ឆ្នាំក្នុងកិច្ចសន្យាជាផ្លូវការចំនួន ១០ ឆ្នាំ។
ការប្តូរឈ្មោះ និងការបង្កើតគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់នេះគឺត្រូវបានប្រកាសជាផ្លូវការក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាការសូហ្វីតែលកាលពីល្ងាចថ្ងៃសុក្រ ហើយលោក ស៊ុប៉ាឆៃ វិរៈជុង អគ្គនាយកស្ថានីយទូរទេសប៉ុស្តិ៍លេខ ៥ ត្រូវបានតែងតាំងជាប្រធាន ចំណែកលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទជាអនុប្រធានលោក ខូវ ឆាយ ជាអគ្គលេខាធិការ និងលោក ទេព ឡុងរចនា ជាគ្រូបង្វឹក៕