លោក វ៉ាត់ ចំរើន៖«អ្នកឈ្នះ​គូរ​គំនូរ Logo និងMascotនឹង​ក្លាយជា​ទូត​សុច្ឆន្ទៈ SEA Games-2023»

463
The Logo and Mascot winners will be a Goodwill Diplomacy SEA Games-2023

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើក ទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ចំពោះបេក្ខជនទទួលបានជយលាភីក្នុងការប្រឡងប្រណាំងជ្រើសរើស គំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» ក្រៅពីទទួលបានប្រាក់រង្វាន់ច្រើនពាន់ដុល្លារ CAMSOC នឹងតែងតាំងជាទូតសុច្ឆន្ទៈប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។

ការបញ្ជាក់ដូច្នេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធីប្រឡងប្រណាំងជ្រើសរើសគំនូរ Logo និង Mascot នៅទីស្នាក់ការគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជាកាលពីព្រឹកមិញ។ លោកបញ្ជាក់ថា នេះគឺជាការប្រកួតប្រជែងដោយបើកទូលាយ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសបេក្ខជនវ័យ ១៥ឆ្នាំឡើង មានឱកាសបង្ហាញសមត្ថភាព និងស្នាដៃសម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ។

The Logo and Mascot winners will be a Goodwill Diplomacy SEA Games-2023

លោកបន្ដថា «អ្នកទទួលបានជយលាភី ដែលត្រូវបានជ្រើសរើសដោយ CAMSOC យើងនឹងផ្ដល់មហាកិត្តិយស ដែលជាកំណត់ត្រាប្រវត្តិសាស្ដ្រថា គាត់គឺជាអ្នកគូរ Logo ឬ Mascot SEA Games-2023 ហើយគាត់ក្លាយទៅជាទូតសុច្ឆន្ទៈមួយរបស់ស៊ីហ្គេម នាឆ្នាំ២០២៣ និងក្លាយជាភ្ញៀវពិសេស ត្រូវបានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយ និងអប់រំ នៅតាមសាលាផ្សេងៗ…។ ឯប្រាក់រង្វាន់ក៏មិនតិចពាន់ដុល្លារនោះដែរ»។

លោកបានគូសបញ្ជាក់ថា ចំពោះ Logo មិនត្រូវបានកំណត់ឲ្យធ្វើបែបណាឡើយ សំខាន់ត្រូវមានលក្ខណៈសិល្បៈអាចទទួលយកបានក្នុងគំនូររបស់បេក្ខជន ពិសេសត្រូវមានការស្រាវជ្រាវ និងបញ្ចូលនូវស្លាកសញ្ញាជាគំរូ នៃការប្រកួតកីឡាស៊ីហ្គេមមុនៗ។ ឯរូបនិមិត្តរូប Mascot ត្រូវបានសម្រេចយករូប «សុភាទន្សាយ» ជាសត្វតំណាង តែត្រូវប្រាកដជាសត្វទន្សាយ ដែលមានចរិតលក្ខណៈបែបខ្មែរ និងក្នុងរឿងព្រេងខ្មែរជាដើម។

ទន្ទឹមជាមួយគ្នា លោកក៏បានពន្យល់មូលហេតុ ប្រើរូបសត្វទន្សាយ ជាសត្វតំណាងស៊ីហ្គេមផងដែរ។ លោកថា ដោយគោរពតាម​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើយ៉ាងណាឲ្យស៊ីហ្គេម នៅកម្ពុជាមានយុត្តិធម៌ ថ្លៃថ្នូរ និងកិត្តិយសក៏ដូចជាការជំរុញរបស់ថ្នាក់ដឹកនាំ CAMSOC ទើបកម្ពុជាសម្រេចប្រើរូបសត្វទន្សាយ ដែលជាសត្វតំណាងឲ្យតួអង្គយុត្តិធម៌ សភាវៈល្អ និងត្រឹមត្រូវ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

ដោយហេតុនេះ លោក វ៉ាត់ ចំរើន បានអំពាវនាវ និងជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសិស្ស-និស្សិត ដែលគិតថា ខ្លួនមានសមត្ថភាព និងទេពកោសល្យ ក្នុងការគូគំនូរ រួសរាន់ដាក់ពាក្យប្រឡងប្រណាំងឲ្យបានច្រើន ខណៈការប្រឡងបើកទូលាយ មិនគិតជាអ្នកគូរអាជីព ឬធម្មតាឡើយ ពោលគឺ CAMSOC ចាប់ផ្ដើមទទួលពីឥលូវ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលេខាធិការដ្ឋាន CAMSOC នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំពោះលទ្ធផលគ្រោងនឹងប្រកាសក្នុងរយៈពេលខ្លី ដើម្បីចម្រាញ់យក Logo និង Mascot ទទួលបានជយលាភី ធ្វើការផ្សព្វផ្សាយក្នុងឆ្នាំ២០២០៕

Loading...