គុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ជាលើកដំបូងនឹងធ្វើចុងឆ្នាំ២០២១

146

ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាគ្រោងនឹងរៀបចំការប្រកួតកីឡាគុនល្បុក្កតោជើងឯក អាស៊ីអាគ្នេយ៍ ជាលើកដំបូង នាខែតុលា ឆ្នាំ២០២១នេះ នៅកម្ពុជា ដោយមាន៤ប្រទេសផ្សេងៗទៀតក្នុងអាស៊ីអាគ្នេយ៍ដែលគ្រោងនឹងចូលរួម។

រូបភាពការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ដែលកំពុងដំណើរការថ្ងៃទី ២២-២៤ ខែមករា ឆ្នាំ២០២១

លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជាក់ថា ការទទួលរៀបចំម្ចាស់ផ្ទះ គុនល្បុក្កតោអាស៊ីអាគ្នេយ៍នេះ គឺជាកិច្ចការធំមួយរបស់សហព័ន្ធដែលត្រូវបំពេញកិច្ចការចាប់ពីដើមឆ្នាំ២០២១តទៅ ដូចជាការបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ បញ្ជូនអ្នកជំនាញគុនល្បុក្កតោទៅបង្វឹកកីឡាករ កីឡាការិនីនៃបណ្តាប្រទេសដែលជាសមាជិកក្នុងអាស៊ីអាគ្នេយ៍។ ក្នុងពេលជាមួយគ្នានេះដែរ កម្ពុជា ក្នុងនាមជាម្ចាស់ក្បាច់គុនព្រលឹងវប្បធម៌មួយនេះ ក៏ត្រូវតែពង្រឹងគុណភាពបន្ថែមលើមន្ត្រីគណៈកម្មការរៀបចំការប្រកួត មន្ត្រីគណៈកម្មការបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម កីឡាករ កីឡាការិនីជម្រើសជាតិដូចគ្នាផងដែរ។ ចំពោះកាលបរិច្ឆេតនៃការប្រកួត ដែលគ្រោងនឹងធ្វើឡើងនាខែតុលា ឆ្នាំ២០២១នេះ សហព័ន្ធកំពុងសិក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា។

អគ្គលេខាធិការរងរូបនេះបន្ថែមថា បណ្តាប្រទេសដែលគ្រោងនឹងចូលរួមប្រកួតប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍នេះ គឺម្ចាស់ផ្ទះកម្ពុជា ហ្វីលីពីន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលគ្រោងនឹងប្រកួតលើ២០វិញ្ញាសា ក្នុងនោះមានវិញ្ញាសាសម្តែងទម្រង់មេគុន និងវិញ្ញាសាប្រយុទ្ធ។ ជាទូទៅ តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអនុញ្ញាតឲ្យសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្នុងការដឹកនាំ គ្រប់គ្រង និងរៀបចំកីឡាគុនល្បុក្កតោ គឺឆ្ពោះទៅមុខ ដែលក្នុងរយៈពេលខ្លី គឺការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ នាចុងឆ្នាំ២០២១នេះ ហើយតម្រង់ទិសឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។

នៅក្នុងការរៀបចំជើងឯកអាស៊ីអាគ្នេយ៍កីឡាគុនល្បុក្កតោ ជាលើកដំបូងនេះ ត្រូវបាន លោក អ៊ូ តារា បង្ហាញថា ម្ចាស់ផ្ទះ ម្ចាស់ក្បាច់គុនព្រឹលឹងវប្បធម៌ អត្តសញ្ញាណជាតិខ្មែរមួយនេះនឹងអាចជួបការលំបាកខ្លះៗ ដោយយើងត្រូវបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន ដូចជាក្រុមបច្ចេកទេសជាងធ្វើទីលានប្រកួត ដើម្បីសម្រួលឲ្យកាន់តែមានសុវត្ថិភាពដល់ការប្រកួត និងផ្តល់ភាពងាយស្រួលដល់ក្រុមការងារបច្ចេកទេសផងដែរ។

លោក អ៊ូ តារា សង្កត់ធ្ងន់យ៉ាងដូច្នេះថា «មែនទែនទៅ ប្រភេទកីឡាគុនល្បុក្កតោរបស់កម្ពុជាយើង ក៏ដូចជា បណ្តាប្រទេសនានា ជាពិសេសក្នុងអាស៊ាននេះ យើងធ្លាប់បានសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកជាមួយគ្នាយូរឆ្នាំណាស់មកហើយដែរ ដែលយើងធ្លាប់បានជួបគ្នាទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial Arts) ដែលរៀបចំឡើងដោយសម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក នៅសាធារណរដ្ឋកូរ៉េ កន្លងទៅ៕

Loading...