ភ្នំពេញៈ មុនចាកចេញទៅកាន់ប្រទេសជប៉ុន វិញក្រោយមកទស្សនាជំនួបបើករដូវកាល ២០១៩ របស់ថាយហ្គឺរ ទល់នឹងក្រសួងការពារជាតិ លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បានឆ្លៀតឱកាសបង្ហាញការចូលរួមមរណទុក្ខចូលបុណ្យចំនួន១ពាន់ដុល្លារដល់សពបុរសរត់តាក់ស៊ីម្នាក់ ដែលត្រូវជនជាតិជប៉ុន២រូបអារកសម្លាប់ប្លន់រថយន្ត កាលពីពេលថ្មីៗនេះនាខេត្តសៀមរាប។
ប្រធានក្លិបរូបនេះបាននិយាយថា៖ «ខ្ញុំបានឃើញព័ត៌មានទាំងនេះ ហើយខ្ញុំមានក្ដីរន្ធត់ និង អាណិតដល់ជនរងគ្រោះជាងខ្លាំង ព្រោះគាត់ត្រូវចាកចោលប្រពន្ធ និង កូនដល់ទៅ ៤នាក់។ ប្រជាជនកម្ពុជាគួរឲ្យស្រលាញ់ រួសរាយរាក់ទាក់ ហើយជួយយកអាសារខ្លាំងណាស់ ចំណែកប្រជាជនជប៉ុនក៏មានបេះដូងបរិសុទ្ធដែរ ប៉ុន្តែនេះជារឿងមិនអាចទទួលយកបាន ដែលពួកគេ (ជនដៃដល់) ទាំង ២បានធ្វើឡើយ។ ខ្ញុំសូមសម្ដែងការសុំទោសជំនួសពួកគេ»។
លោកក៏បាន បង្ហាញភាពសោកស្ដាយយ៉ាងខ្លាំង ហើយថាខ្លួនស្ទើរពុំជឿដែលជនជាតិជប៉ុនទាំង ២រូបអាចធ្វើរឿងនេះបាន។
លោកក៏បានអំពាវនាវផងដែរ ឲ្យសប្បុរសជនដទៃទៀតចូលរួមជួយឧបត្ថម្ភដល់គ្រួសារសព ពិសេសផ្គត់ផ្គង់ការសិក្សាដល់កូនទាំង ៤របស់ជនរងគ្រោះ។
លោក Akihiro Kato ជារឿយៗតែងចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗនៅកម្ពុជា ពិសេសសកម្មភាពក្នុងខេត្តសៀមរាប ដែលជាមូលដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរតែម្ដង។
គួរបញ្ជាក់ថា នគរបាលខេត្តសៀមរាបគ្រោងបញ្ជូនបុរសជាជនជាតិជប៉ុន ២នាក់ទៅតុលាការខេត្តនៅថ្ងៃនេះ បន្ទាប់ពីចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី ១៧ខែមីនានៅស្រុកពួក ខេត្តសៀមរាប ក្រោយធ្វើសកម្មភាពប្លន់ និងសម្លាប់ម្ចាស់រដ្ឋយន្តឈ្នួល។ យោងតាមគេហទំព័ររបស់នគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវបានរាយការណ៍ថាមានឈ្មោះ ISHIDA REIMON អាយុ២៤ឆ្នាំ និងឈ្មោះ NAKA KUKI RYUJI អាយុ២៤ឆ្នាំ។ ជនរងគ្រោះមានឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុប្រមាណជាង៤០ឆ្នាំ រស់នៅខេត្តកំពង់ធំ៕