U22 ថៃ ធ្វើការធ្ងន់ ដ្បិតត្រូវការ ២គ្រាប់ ពីវៀតណាម ដើម្បីឡើងទៅវគ្គ ៤ក្រុមនៃ SEA Games 2019
ម៉ានីលៈក្រុមការពារតំណែងមេដាយមាស U22 ថៃ ត្រូវការឈ្នះ U22 របស់វៀតណាម ដាច់ខាត ចាប់ពី២គ្រាប់ឡើងទៅនៃការប្រកួតនៅរសៀលម៉ោង ៣ល្ងាចថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ ដើម្បី បានកៅអី១អាចឈានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡា SEA Games នៅប្រទេសហ្វីលីពីបាន។
ការប្រកួតនេះ គឺជាការប្រកួតចុងក្រោយបញ្ចប់បិទពូល B ដោយទាមទារឲ្យថៃរកឲ្យបាន ៣ពិន្ទុដាច់ខាតនិងច្រើនគ្រាប់ផងដែរពីក្រុមខ្លាំងមិនទាន់ចាញ់វៀតណាមដែលកំពុងឈរនៅកំពូលតារាង បណ្តោះ អាសន្ន។
មូលហេតុនេះ ក្រុមថៃត្រូវការឈ្នះចាប់ពី២គ្រាប់ទៅលើវៀតណាម ដែលមាន១២ពិន្ទុ និងគ្រាប់ចំណេញក្នុងដៃ ១៣គ្រាប់ ខណៈថៃមាន៩ពិន្ទុ និងគ្រាប់ចំណេញ ១០គ្រាប់ក្នុងដៃ និងឥណ្ឌូនេស៊ី នៅសល់គ្រាប់ចំណេញ ១១គ្រាប់ដែលត្រូវប៉ះក្រុមអាចស៊ីបាន U22 ឡាវក្នុងការប្រកួតនៅម៉ោង ៣ រសៀលដំណាលគ្នាដែរ។
គួរបញ្ជាក់ថា ក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ នៃពូល B នឹងជួប U22 កម្ពុជា ដែលស្ថិតនៅលេខ២ ក្នុងពូល A និងក្រុមលេខ២ ពូល B ត្រូវប៉ះក្រុមលេខ១ ពូល A គឺមីយ៉ាន់ម៉ា ដែលការប្រកួតនេះនឹងចាប់ផ្ដើមនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋាន Rizal Memorial ៕