ខ្លាចាស់ ទេស សំខាន់៖ បើវៃប្រដាល់លែងកើត ខ្ញុំសុំធ្វើជាគ្រូបង្វឹក

302

ភ្នំពេញ៖ បន្ទាប់ពីវះកាត់ឆ្អឹងប្រអប់ដៃរួចរាល់កាលពីម្សិលមិញ ដែលចំណាយអស់ប្រាប់ប្រមាណ ១០០០ដុល្លារនោះ អ្នកប្រដាល់គុនខ្មែរ ទេស សំខាន់ នៅតែបន្តប្តេជ្ញាចិត្តថាបន្តអាជីមួយនេះដោយអះអាងថាបើប្រកួតលែងកើតក៍សុំធ្វើគ្រូបង្វឹកដែរ។ ខណៈខ្លាចាស់រូបនេះជួបគ្រោះថ្នាក់ធ្ងន់ធ្ងរពីការប្រកួតប្រដាល់បែបនេះ ៥លើក រាប់ទាំងលើកនេះ។

កីឡាករ ទេស សំខាន់ បានរំលឹកថា៖ គ្រោះថា្នក់បាក់ឆ្អឹង ៤លើកកន្លងមក នៅក្នុងអាជីពប្រដាល់នេះបានកើតឡើង ក្នុងឆ្នាំ២០១៥ខ្ញុំរងរបួសធ្ងន់ចំនួនពីរលើកគឺបាក់ឆ្អឹងថ្គាមចំនួនពីរលើកដោយកីឡាករថៃទាត់ចូលសន្លប់តែម្តង។ បន្ទាប់មកការប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ឆ្នាំ២០១៧ខ្ញុំត្រូវបានដៃគូបុកជង្គង់ចូលពោះបណ្តាលឲ្យដាច់ពោះវៀនចូលព្យាបាលនៅពេទ្យកាល់ម៉ែត្រវះកាត់ពីរធ្ងន់លើកហើយបន្ទាប់មកបានព្យាបាលរបួសចាស់នេះនៅមន្ទីរពេទ្យកេតុមាលាបន្ថែមទៀត។ ហើយលើកនេះ ខ្ញុំជួបគ្រោះថ្នាក់ម្តងទៀតនិងបានចូលវះកាត់ឆ្អឹងប្រអប់ដៃនេះរួចរាល់ហើយនៅមន្ទីរពេទ្យឈ្មោះចំរើនដោយអស់ប្រាក់ជិត១០០០ដុល្លារ។

អ្នកប្រដាល់ដែលមកពីក្លិបកងពល E70 បានចាប់ អាជីពរកប្រាក់ពីសង្វៀនប្រដាល់រយៈពេលជាង១០ឆ្នាំ ទោះជាប្រឈមទៅនឹងគ្រោះថ្នាក់ច្រើនលើកច្រើនសារក៍ទេស សំខាន់ នៅតែមិនបោះបង់មុខរបរប្រដាល់មួយនេះដែរ។ ព្រោះថា   ទេស សំខាន់ គ្មានជំនាញអ្វីក្រៅពីឡើងប្រដាល់ដើម្បីប្រាក់ទេទោះជាប្រឈមទៅនឹងគ្រោះថ្នាក់ញឹកញាប់ក៍ដោយ។

ទេសសំខាន់បញ្ជាក់ថា «ខ្ញុំរងរបួសធ្ងន់ៗកន្លងមកក៍ធ្លាប់ទទួលបានប្រាក់ពីសប្បរសជនផងដែរដើម្បីជួយជីវភាពដ៍ខ្វះខាតរបស់ខ្ញុំពេលលំបាក ហើយពេលនេះដែរខ្ញុំក៍សុំមេត្តាពីថ្នាក់ដឹកនាំនិងសប្បរសជនផង»។

គិតត្រឹមល្ងាចថ្ងៃម្សិលមិញទេសសំខានប្រាប់ថាពុំទាន់មានខាងណាឧបត្ថម្ភនៅឡើយស្របពេលដែលប្រពន្ធរបស់កីឡាករទេសសំខាន់ចូលវះកាត់ដកឆ្អឹងជើងចេញដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

គួបញ្ជាក់ផងដែរថា៖   ទេស សំខាន់ ជាអ្នកប្រដាល់ធ្លាប់គ្រប់គ្រងខ្សែក្រវាត់ពីរស្ថាប័នគឺខ្សែក្រវាត់លីអូទម្ងន់ ៦០គីឡូក្រាមលើសង្វៀន CNC និងគ្រប់គ្រងខ្សែក្រវាត់ BlackPanter ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមក្នុងឆ្នាំ២០១៥ លើសង្វៀនប៉ុស្តិ៍លេខ៣ ព្រមទាំងឈ្នះពាន និងជើងឯករងជាច្រើនទៀតផងដែរ៕

Loading...