ហ្វីលីពីនៈ សកម្មភាពនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះ បានបញ្ចប់ត្រឹមល្ងាចម្សិលមិញ ឯពិធីបិទជាផ្លូវការធ្វើឡើងនៅយប់នេះ នៅទីក្រុង Clark ខណៈដែលកម្ពុជា ឈរនៅលេខ៨ ក្នុងតារាងចំណាត់ថ្នាក់មេដាយ ក្រោយឈ្នះមាស ៤គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ ៣៦
គ្រឿង ។
យោងតាមគេហទំព័រផ្លូវការនៃការប្រកួតស៊ីហ្គេម បានបង្ហាញថាមេដាយទាំងនោះបានមកពីកីឡាតែ១០ប្រភេទ ទេ ក្នុងចំណោម៣១ប្រភេទដែលកម្ពុជាបញ្ជូនចូលរួមប្រកួត។
ប្រភេទកីឡាដែលកម្ពុជាដណ្តើមបានមេដាយច្រើនជាងគេ គឺកីឡាថ្មីដែលបញ្ចូលក្នុងស៊ីហ្គេម នោះគឺកីឡាក្បាច់គុនបុរាណហ្វីលីពីន អានីស ដែលស្រដៀងគុនល្បុក្កតោកម្ពុជា ហើយកីឡាករ កីឡាការិនី ឈ្នះមេដាយមាស១គ្រឿង (កីឡាករ យ៉ុង ម៉េងលី) មេដាយប្រាក់០២គ្រឿង និងសំរឹទ្ធ១៧គ្រឿង។ សរុបកីឡានេះកម្ពុជា ឈ្នះមេដាយ២០គ្រឿងតែឯង។
កីឡាតេក្វាន់ដូដែលជាប្រភេទកីឡាប្រកួតអូឡាំពិក ស៊ីហ្គេមឆ្នាំនេះធ្វើបានល្អជាងឆ្នាំ២០១៧នៅម៉ាឡេស៊ី ក្រោយឈ្នះមេដាយ០៤គ្រឿង ក្នុងនោះមេដាយមាស០១គ្រឿងដោយ ស៊ន សៀវម៉ី មេដាយប្រាក់០២គ្រឿង ដោយកីឡាការិនី ឈឿង អាលីហ្សា និងកីឡាការិន ថិប កាសាន់ត្រេនីកូល និងមេដាយសំរឹទ្ធមួយគ្រឿង ពីកីឡាការិនី អ៊ុន ពេជ្រចរណៃ។ កាលពីស៊ីហ្គេម ម៉ាស៊ី តេក្វាន់ដូដណ្តើមមេដាយមាស០១គ្រឿង និងសំរឺទ្ធ០២ គ្រឿង តែប៉ុណ្ណោះ។
កីឡាប៉េតង់នៅតែដណ្តើមបានមេដាយធំៗជូនជាតិ តែស្រុតចុះបើប្រៀបធៀបឆ្នាំ២០១៧ ដោយលើកនេះហ្វីលីពីនដាក់តែ៤វិញ្ញសា ហើយកម្ពុជាបានត្រឹមមេដាយ០២គ្រឿង មាសមួយគ្រឿង ដោយកីឡាការិនីស៊្រាង សុរ៉ាឃីម ដួងឌីណា អ៊ុន ស្រីយ៉ា និងឺឃួន យ៉ារី និងប្រាក់មួយគ្រឿង កើតឡើងដោយកីឡាករ សុខ ចាន់មាន និងញ៉ែម បូរ៉ា។ ឆ្នាំ២០១៧ នៅម៉ាឡេស៊ីដែលមាន៧វិញ្ញសា ឈ្នះមេដាយ៧គ្រឿង មាស០១ ប្រាក់០១ និងសំរឹទ្ធ០៥គ្រឿង។
កីឡាថ្មីមួយទៀតដែលកម្ពុជា ឈ្នះមេដាយមាន០១ គ្រឿងដែរនោះគឺកីឡា Jiujitsu ធ្វើសម្រេចដោយកីឡាការិនីវ័យក្មេងកាត់កម្ពុជា អាមេរិក ខាន់ ចេសា ក្រោយឈ្នះកីឡាការិនីវៀតណាម សិង្ហបុរី និងចុងក្រោយឈ្នះហ្វីលីពីន។ កីឡានេះកម្ពុជា មានកីឡាករ កីឡាការិនីបួនរូបចូលរួមប្រកួត។
កីឡាករសីដក់ ស៊ីហ្គេមនៅហ្វីលីពីននេះ ដណ្តើមបានតែមេដាយប្រាក់ទេ ក្នុងវិញ្ញាសាទាត់បញ្ចូលកន្ត្រក់យកពិន្ទុ។ ២០១៧ ប្រភេទកីឡានេះកម្ពុជា ឈ្នះតែមេដាយសំរឹទ្ធពីរគ្រឿងទេ។
ដោយឡែកកីឡាប្រាំប្រភេទទៀតដែលសុទ្ធតែដណ្តើមបានមេដាយសំរឹទ្ធពីការប្រកួតស៊ីហ្គេមលើកទី
៣០នេះ មានប្រដាល់សកល០៥គ្រឿង ចំបាប់០៥គ្រឿង គុនខ្មែរ ០៣គ្រឿង ឃិក បុកស៊ីញ (Kickboxing) ០៣គ្រឿង និងកីឡាសិហ្វតិន្នីស មេដាយសំរឹទ្ធ០២គ្រឿង។
តាមតារាងមេដាយដែលចេញដោយគណៈកម្មាការជាតិរៀបចំការប្រកួតស៊ីហ្គេមហ្វីលីពីន បង្ហាញថា ហ្វីលីពីនជាប្រទេសដណ្តើមបានមេដាយច្រើនជាងគេដល់ទៅ ៣៨៥គ្រឿង ក្នុងនោះមាស១៤៩ គ្រឿង ចំនែកវៀតណាមលេខ២ ថៃលេខ៣ ឥណ្ឌូនេស៊ីលេខ៤ ម៉ាឡេស៊ីលេខ៥ សិង្ហបុរីលេខ៦ មីយ៉ាន់ម៉ាលេខ៧ កម្ពុជា លេខ៨ ព្រុយណេលេខ៩ ឡាវ លេខ១០ និងលេខ១១ ទីម័រខាងកើត៕