ថៃ៖ រូបសំណាករបស់ស្តេចប្រដាល់ប្រចាំប្រទេសថៃBuakaw Banchamek ត្រូវបានយកទៅដាក់តាំងនៅក្នុងខេត្តឈៀងម៉ៃ(Chiang Mai)កាលពីថ្ងៃអាទិត្យ ទី១៧ មីនា ឆ្នាំ២០១៩។ ការដាក់តាំងរូបសំណាកស្តេចប្រដាល់ថៃនេះ ធ្វើឡើងដើម្បីជាការរំលឹកខួបទី៧ របស់ក្លិប Banchamek Gym ដែលបានផ្លាស់ទីតាំងពីទីក្រុងបាងកកមកកាន់ខេត្តនៅតំបន់ខាងជើងប្រទេសថៃនេះកាលពីឆ្នាំទៅ។
Buakaw បានទទួលភាពល្បីល្បាញនៅអំឡុងពាក់កណ្តាលឆ្នាំ២០០០នៅក្នុងការប្រកួតK-1 kickboxing នៅក្នុងប្រទេសជប៉ុន។ នៅពេលនោះ Buakaw ឡើងវាយតំណាងឱ្យក្លិប Por. Pramuk Gym ហើយបានវាយឈ្នះខ្សែក្រវ៉ាត់ក្នុងកម្មវិធី K-1 World Max Grand Prix លើកីឡាករ John Wayne Parr, Albert Kraus, Andy Souwer។ ការមានរូបសំណាកនៅពេលនេះ ធ្វើឱ្យ Buakaw បានក្លាយជាអ្នកប្រដាល់ Muay Thai ដំបូងគេដែលត្រូវបានគេសាងសង់រូបសំណាក ដើម្បីជាការផ្តល់កិត្តិយសដល់រូបលោក។
សូមបញ្ជាក់ថា ស្តេចប្រដាល់ថៃ Buakaw បានទើបវាយយកឈ្នះកីឡាករ Artem Pashporin ដោយពិន្ទុជាឯកច្ឆ័ន្ធនៅដើមខែមីនានេះ ហើយរូបគេនឹងត្រូវឡើងប្រដាល់តទល់នឹងលោកសង្ឃចិន Yi Long ជាលើកទីបីនៅក្នុងខែតុលា ឆ្នាំ២០១៩នេះក្នុងទីក្រុងហុងកុង៕