ស្រី​ពៅ រំភើប​ចិត្ត​ជាមួយ​ឱកាស​ហក់​​ចូល​សង្វៀន ​ONE Championship

585

មានការ ភ្ញាក់ផ្អើល មិន តិច នោះ ទេ បន្ទាប់ ពី មានការ ប្រកាស ថា កីឡាការិនី នូវ ស្រី ពៅ បាន ក្លាយជា សមាសភាព ថ្មី ក្នុង ការ ប្រកួត កម្រិត អន្តរជាតិ ធំ មួយ ។ នាង នឹង បង្ហាញខ្លួន លើក ដំបូង នៅ ក្នុង ព្រឹត្តិការណ៍ ONE CLASH OF LEGENDS នៅ ទីក្រុង បាងកក ប្រទេស ថៃ នា ថ្ងៃ សៅរ៍ ទី ១៦ ខែកុម្ភៈ ខាង មុខ ។

កីឡាការិនី នូវ ស្រី ពៅ ដែល ទើបតែ មាន អាយុ ២៣ ឆ្នាំ បាន បង្ហាញ អារម្មណ៍ រីករាយ យ៉ាង ខ្លាំង បន្ទាប់ ពី នាង ត្រូវ គេ ជ្រើស ជា តំណាង កម្ពុជា ដាក់ ឱ្យ ប្រកួត តំណាង ក្លិប Cambodian Top Team (CTT) ហើយ ត្រូវ ផ្គូផ្គង ឲ្យ ប៉ះ ជាមួយ កីឡាការិនី ថៃ នាង Rika Ishige ។

ស្រី ពៅ និយាយ ថា នាង កាន់តែ សប្បាយ ចិត្ត ដែល អាច ធ្វើ ឱ្យ មហាជន ផ្ដោត ការ ចាប់អារម្មណ៍ ជាមួយ នាង នៅ ដើមឆ្នាំ ២០១៩ នេះ ។ នាង ថា ខ្លួន ជា អ្នក ប្រដាល់ ស្រី ប្រចាំឆ្នាំ ក្នុង កម្មវិធី Lethwei World Championship ដោយ បាន ក្លាយជា ជើងឯក ខ្សែក្រវាត់ Kun Khmer World Champion ។

នាង ថា ខ្លួន បាន បន្ថែម ជំនាញ ខាង គុន ចម្រុះ មួយទៀត ប៉ុន្តែ វគ្គ ដំបូង ក្នុង ការ ប្រកួត គឺ ត្រូវ ដំឡើង ទម្ងន់ ឱ្យ ដល់ ៥២ គីឡូក្រាម សិន ដើម្បី បាន ប្រយុទ្ធ ជាមួយ កីឡាការិនី ស្រី ដ៏ ល្បីឈ្មោះ នៅ ប្រទេស ថៃ ក្នុង ពេល ខាង មុខ ។ នាង ថា ខ្លួន បាន ត្រៀមខ្លួន សម្រាប់ ការ ប្រកួត មួយ នេះ អស់ហើយ បើ ទោះជា គូប្រកួត ថៃ នាង Rika គឺជា ជើង ខ្លាំង ម្នាក់ ដែល នាង គួរតែ ខ្លាចរអារ ក្ដី ។

នៅ ក្នុង ប្រទេស ថៃ គូប្រកួត របស់ ខ្លួន បាន ជាប់ ឈ្មោះ “The Land Of Smiles” បន្ទាប់ ពី នាង ចាប់ផ្តើម ប្រកួត ក្នុង ស្ថាប័ន ONE Championship តាំងពី ឆ្នាំ ២០១៧ ហើយ ក្លាយជា កីឡាការិនី ល្បី ។ មក ដល់ សព្វថ្ងៃ នាង មាន ប្រវត្តិ ឈ្នះ ៤ ដង ចាញ់ ២ ដង ហើយ ឈ្នះ ៤ ដងនោះ សុទ្ធតែ ផ្តួល ដៃគូ មុន ចប់ ទឹក ទាំងអស់ ។ ប៉ះ គូប្រកួត ជាមួយ រូប នាង នៅ ខែកុម្ភៈ ខាង មុខ នេះ ស្រី ពៅ ប្រាប់ ថា មិន អាច មើល ស្រាល គូប្រកួត បាន ទេ ក្នុង ពេល ដែល ខ្លួន ក៏ ត្រូវការ កេរ្តិ៍ឈ្មោះ នៅ ក្នុង ការ ប្រកួត មួយ នេះ ដែល នាង ប្រាប់ ថា មិន អាច ចាញ់ បាន ។

ស្រង់ សំដី ជាមួយ អ្នក សារព័ត៌មាន កន្លង មក កញ្ញា ស្រី ពៅ រៀបរាប់ ថា ៖ « ខ្ញុំ អរ ផង រំភើប ផង តែ ក៏ ភ័យ ណាស់ ដែរ ។ ខ្ញុំ អត់ ធ្លាប់ វាយ MMA ពី មុន ទេ ប៉ុន្តែ ខ្ញុំ ប្រាប់ ខ្លួនឯង ថា ហាត់ ឲ្យ ខ្លាំង ឲ្យ អស់ពី សមត្ថភាព ។ ភាគច្រើន គេ ថា ខ្ញុំ ទៅ មិន រួច ទេ ប៉ុន្តែ សម្រាប់ ខ្ញុំ ប្រឹង ទាល់តែ ទៅ រួច ហ្នឹង !» ។

ទាក់ទង នឹង ដំណឹង ថា បាន ទៅ ប្រកួត នៅ ONE Championship តាម ពិត ត្រូវ បាន មនុស្ស ម្នា លេចឮ សឹង ពេញ ផ្ទៃ ប្រទេស ទៅ ហើយ ប៉ុន្តែ នូវ ស្រី ពៅ ប្រាប់ ថា ខ្លួន បានដឹង តែ ពី លោកគ្រូ ចាន់ រាជ ដែល ជា គ្រូបង្វឹក របស់ នាង ប៉ុណ្ណោះ ។ នាង និយាយ ថា « លោកគ្រូ ( ចាន់ រាជ ) គាត់ តេ ហៅ ខ្ញុំ ឲ្យ ទៅ ក្លិប ថា មានការ បន្តិច ។ ពេល ទៅ ដល់ គាត់ ស៊ុប ប្រាយ ខ្ញុំ ខ្លាំង តែ ម្តង ឲ្យ ខ្ញុំ ហាត់ ខ្លាំង សឹង ដាច់ខ្យល់ ។ ខ្ញុំ អត់ មាន ដឹង ថា ត្រូវ ហាត់ អ៊ីចឹង អត់ បាន ត្រៀម អី បន្តិច ! អូយ … សឹង ដាច់ខ្យល់ !

ដល់ ហាត់ ហើយ បាន លោកគ្រូ ( អតីត អ្នក ប្រដាល់ ONE Championship លោក Nicholas “JJ” Lee) សួរ ខ្ញុំ ថា ខ្ញុំ ចង់វាយ ដើម្បី កេរ្តិ៍ឈ្មោះ ឬ ក៏ ដើម្បី លុយ? ខ្ញុំ ឆ្លើយ ថា ខ្ញុំ វាយ ដើម្បី កេរ្តិ៍ឈ្មោះ អត់ ទាន់ គិត រឿង លុយ ទេ » ។

គួរ បញ្ជាក់ ថា ស្រី ពៅ ទើបតែ ដឹង ថា ខាង ស្ថាប័ន ONE Championship ទាក់ទង ឱ្យ នាង ចូល ប្រកួត ក្នុង ព្រឹត្តិការណ៍ មួយ នេះ ក្រោយ ពី ព័ ត៌ មាន ផ្ទុះ ឡើង ។ នាង ត្រូវ ជ្រើសរើស ការ ប្រកួត មួយ ក្នុង ចំណោម ការ ប្រកួត ពីរ ដោយ មួយ គឺ ប្រកួត នៅ ទីក្រុង បាងកក ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS និង មួយទៀត គឺ នៅ ទីក្រុង យាំង ហ្គោ ន ព្រឹត្តិការណ៍ ONE: REIGN OF VALOR ។ នាង និយាយ ថា ៖« ខ្ញុំ យល់ ព្រមទៅ ប្រកួត នៅ ថៃ ។ ប៉ុន្តែ លោកគ្រូ ប្រាប់ ទុក មុន ថា ដៃគូ ខ្ញុំ ម្នាក់ ហ្នឹង ខ្លាំង ណាស់ » ។

នូវ ស្រី ពៅ ប្រកាស ថា នាង កំពុង ត្រៀម ហ្វឹកហាត់ ពេញទំហឹង សម្រាប់ ការ ប្រកួត ជាមួយ ជើង ខ្លាំង ថៃ កញ្ញា Rika ដោយ នាង ប្រាប់ ថា ប្រឹងប្រែង ហ្វឹកហាត់ មិន ហ៊ាន ប្រហែស ខ្លួន នោះ ទេ ជា ពិសេស នៅ ក្នុង កាលៈទេសៈ ដែល ការ ប្រកួត កាន់តែ កៀក នេះ ។

ថ្វីបើ នាង ពុំ ទាន់ មានបទពិសោធន៍ ក្នុង កីឡា នេះ ក៏ ពិតមែន តែ នាង ក៏ មាន ទេព កោសល្យ ខ្ពស់ ដែល ធ្វើ ឱ្យ អ្នកគាំទ្រ ខ្មែរ មាន ទំនុកចិត្ត ផង ដែរ ។ នាង និយាយ ថា « លោក គ្រូ (Lee) សរសើរ ខ្ញុំ ថា ខ្ញុំ ចាប់ ឆាប់ បាន ណាស់ ។ ខ្ញុំ ដឹង ថា ខ្ញុំ ពូកែ ដៃ ស្រាប់ ហើយ តែ ខ្ញុំ ត្រូវ ប្រឹង ហាត់ ចាប់ ឲ្យ បាន ជា ពិសេស គូប្រកួត ខ្ញុំគេ ពូកែ ខ្លាំង ខាង ចាប់ ក្រោម ផង » ។

ជាមួយនឹង ដំណឹង ដ៏ ល្អ នេះ អ្នក ប្រដាល់ ស្រី ប្រចាំ ក្លិប ក្បាច់គុន CTT រូប នេះ ត្រូវ គេ កត់ សម្គាល់ថា កំពុង បោះ ជំហាន ធំ ទៅ មុខ ហើយ ក៏ កំពុង ត្រៀម ការ ហ្វឹកហាត់ គ្រប់ បែប យ៉ាង ទាំងអស់ ដើម្បី បង្ហាញ ភាព អស្ចារ្យ របស់ ខ្លួន ក្នុង ជំរំ ពិភព គុន ដ៏ ធំ របស់ ពិភពលោក ខែ ក្រោយ នេះ ៕

Loading...