NOCC៖ កម្មវិធី «កីឡាដើម្បីទាំងអស់គ្នា» ឆ្នាំនេះលើកទឹកចិត្ដពលរដ្ឋគ្រប់គ្នាលេងកីឡា

75

ក្រុម​ការងារ​នៃ​គណៈ​កម្មាធិការជាតិ​អូឡាំពិកកម្ពុជា​ (NOCC)​​ កាល​ពី​ចុង​សប្តាហ៍​បាន​រៀប​ចំ​កម្មវិធី​ «កីឡា​ដើម្បី​ទាំង​អស់​គ្នា​ Sport For​All​»​ នៅ​ខេត្តកំពង់​ធំ​ដែល​ជា​កម្ម​វិធី​ប្រចាំ​ឆ្នាំ​ផ្តោត​ទៅ​លើ​ការ​អប់​រំ​ស្វែង​យល់​ពី​កីឡា​ផ្តល់​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​មូល​ដ្ឋាន​ផ្ទាល់​នៅ​ស្រុក​បារាយណ៍​ខេត្ត​កំពង់​ធំ​​។​ កម្ម​វិធី​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​ (OS)​ ហើយ​មាន​គោល​បំណង​អប់រំ​ក្នុង​ប្រធាន​បទ​ប្រជា​ជន​ម្នាក់​លេង​កីឡា​មួយ​មុខ​។

នេះ​ជា​កម្ម​វិធី​ប្រ​ចាំ​ឆ្នាំ​២០២០​ ដើម្បី​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​ចលនាអូឡាំពិក ​និង​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​ចូល​រួម​លេង​កីឡា​ក៏​ដូច​ជា​ផ្សព្វផ្សាយ​ដំណើរ​ការឆ្ពោះ​ទៅ​ទទួល​រៀប​ចំធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​លើក​ទី៣២​ឆ្នាំ២០២៣ ​នៅ​កម្ពុជា​ផង​ដែរ​។

​​វិញ្ញា​សា​ចំនួន​១២ ត្រូវបានដាក់ឲ្យលេងមាន ​ស៊ុត​បាល់ទាត់​១១ម៉ែត្រ​​ ចង​ជើង​ដើរ​ប្រណាំង​ជា​ក្រុម​, ឆ្លើយ​សំណួរ​ពី​គុណ​តម្លៃ​អូឡាំពិក​និង​ផ្សព្វផ្សាយ​ការម្ចាស់​ផ្ទះស៊ី​ហ្គេម​ឆ្នាំ​២០២៣​,​ លេង​ឆ្លង​កាត់​កង​អូឡាំពិក​,លំហាត់​ប្រាណ​បែប​អេរ៉ូបិក​,រត់​ប្រណាំង​ជុំវិញ​តារាង​បាល់ទាត់,​ ប្រកួត​បាល់ទាត់​,ប្រកួតបាល់ទះ​, ជិះកង់កម្សាន្ត​ជុំវិញភូមិ​ផ្សព្វផ្សាយ​វិធាន​ការ​ការពារ​កូវីដ១៩​, បង្វិល​កង​រត់​ជាក្រុម,​ ល្បែង​អប់​រំសាមគ្គី​ជា​ក្រុម​និង​សកម្មភាព​សំអាត​បរិស្ថាន​ជុំវិញ​សាលារៀន​។​

​គោល​បំណង​នៃ​ព្រឹត្តិការណ៍​«កីឡាដើម្បីទាំងអស់គ្នា»​ នេះ​គឺ​ដើម្បី​បណ្តុះ​នូវ​ស្មារតី​កីឡា​ជូន​ដល់​មហាជន​ទូទៅ​មិន​ថា​ពួក​គាត់​ជា​កីឡាករ កីឡាការិនី​អាជីព​ ឬ​ការ​លេងកីឡា​ដើម្បី​សុខភាព​នោះទេ ពោល​គឺ​បញ្ជ្រាប​នូវ​ស្មារតី​កីឡា​ចំណេះ​ដឹង​ចលនា​អូឡាំពិក ទៅ​ដល់​ស្រទាប់​មហាជន​នានា។

រយៈ​ពេល​ចំនួន​ពីរ​ថ្ងៃ​នេះ​មាន​អត្តពលិក​ចូល​រួម​ជាង ​១​០០០​នាក់​ មក​ពី​សិស្សា​នុ​សិស្ស​ជា​ច្រើន​មក​ពី​សាលាបឋម​សិក្សា​អនុវិទ្យាល័យ​វិទ្យាល័យ​នានា​ដែល​បាន​ជួប​ជុំគ្នា​លេង​កីឡា​នៅ​ក្នុង​សាលាបឋមសិក្សា-អនុវិទ្យាល័យ​បណ្តុះវិជ្ជា​៕​​​

 

Loading...