ក្រោយជួយក្រុមយកឈ្នះក្លិបខ្លាំងរបស់ថៃ ស៊ូយាទី បារម្ភរឿងរបួសដៃខ្លាចមិនទាន់រដូវការថ្មី

382

អ្នកចាំទីឆ្នើមរបស់ក្រុមបាត់ទាត់ជម្រើសជាតិឈុតធំកម្ពុជា គឺស៊ូ យ៉ាទី បានសម្តែងការព្រួយបារម្ភពីរបូសដៃឆ្វេងរបស់ខ្លួនខ្លាចមិនអាចចូលរួមជួយក្លិបណាហ្គាវើលបាននៅដើមរដូវកាលថ្មីឆ្នាំ២០១៩ ដែលនឹងចូលមកដល់នៅខែក្រោយនេះ។

ស៊ូ យ៉ាទី បានរងរបួសប្រេះឆ្អឹងប្រអប់ដៃឆ្វេង ក្នុងជំនួបបិទរដូវកាលរវាងណាហ្គាវើលដ៍ និង វិសាខា នាខែកញ្ញាឆ្នាំ២០១៨កន្លងទៅ។ ប៉ុន្តែរូបគេបានជាសះស្បើយឡើងវិញ និងបានចូលរួមជាមួយក្រុមCambodia All Stars យកឈ្នះក្រុមMuangthong united ដែលជាក្រុមខ្លាំងនៅក្នុងលីគកំពូលថៃ២-១កាលពីថ្ងៃទី ០៩ ខែកុម្ភៈកន្លងទៅ។ ក្នុងជំនួបនោះ ស៊ូ យ៉ាទី ធ្វើបានយ៉ាងល្អដោយជួយសង្រ្គោះគ្រាប់បាល់ជាបន្តបន្ទាប់ពីក្រុមMuangthong united។

ក្រោយការប្រកួតនេះ ស៊ូ យ៉ាទី នៅតែមានការព្រួយបារម្ភនៃស្ថានភាពរបួសដៃរបស់គេ។ យ៉ាទី បានថ្លែងប្រាប់វេបសាយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាដូច្នេះថា៖ “បើគិតលើរបួសសឹងថាជា១០០ភាគរយទៅហើយ ប៉ុន្តែដោយសារយើងធ្លាប់របួសអញ្ចឹង យើងចេះតែមានអារម្មណ៍មួយស្រៀវៗខ្លាចៗ បារម្ភក្រែងត្រូវរបួសចាស់ហ្នឹងម្ដងទៀត។ រាល់ថ្ងៃពេលហាត់ ឬ ប្រកួតអីហ្នឹង ខ្ញុំប្រយ័ត្នខ្លាំងដែរ ទាំងការរុំដៃឲ្យបានល្អ និង ការពារខ្លួនពេលគេទាត់ម្ដងៗ»។

បើទោះជាយ៉ាងណាក៏ដោយ ស៊ូ យ៉ាទី បង្ហាញក្តីសង្ឃឹមថា រូបគេនឹងអាចចូលរួមជួយក្រុមណាហ្គាវើលរបស់ខ្លួនបានសម្រាប់រដូវកាលឆ្នាំ២០១៩នៅខែក្រោយនេះ។ ស៊ូ យ៉ាទី គឺជាអតីតអ្នកចាំទីដៃទីមួយរបស់ក្លិបបឹងកេត ហើយរូបគេបានផ្លាស់មកក្លិបណាហ្គាវើលកាលពីពាក់កណ្តាលរដូវកាលឆ្នាំ២០១៨៕

 

Loading...