សោម ពិសិដ្ឋ មានក្ដីស្រមៃដ៏ធំមួយក្នុងអាជីពគុនខ្មែរ

179

ភ្នំពេញ៖ អ្នកលេងគុនខ្មែរវ័យក្មេង សោម ពិសិដ្ឋ បានបង្ហាញនូវក្ដីស្រមៃដ៏ធំមួយក្នុងអាជីព ដោយចង់មានឈ្មោះចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីរូបគេដណ្ដើមជើងឯកកម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ រដូវកាលទី២ ក្រោយវាយឈ្នះពិន្ទុកីឡាករ វី សម្ផស្ស លើសង្វៀនបាយ័នស្ទឹងមានជ័យនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

ក្រោយបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ ៥ទឹកពេញ សោម ពិសិដ្ឋ បានពោលថា មិនងាយស្រួលក្នុងការយកឈ្នះ វី សម្ផស្ស ឡើយ ដ្បិតកីឡាករមានអាយុស្របាលគ្នានេះ ពូកែប្រើកណ្ដាប់ដៃ និងទាត់។ ដូច្នេះ ពិសិដ្ឋ បានប្រើយុទ្ធសាស្ដ្រវាយថយៗ ៣ទឹកដំបូង រហូតសម្រុកវាយ ២ទឹកចុងក្រោយ រហូតឈ្នះដោយពិន្ទុ និងក្លាយជាម្ចាស់ពាន អមជាមួយប្រាក់រង្វាន់ ៣,០០០ដុល្លារ។

កីឡាករវ័យ ១៨ឆ្នាំ សោម ពិសិដ្ឋ បានបន្ដថា នេះគឺជាពានរង្វាន់ដំបូង ដែលខ្លួនដណ្ដើមបាន ហើយក៏ជាកម្លាំងចិត្តមួយដ៏ធំ ដើម្បីជំរុញ និងលើកទឹកចិត្តខ្លួនឲ្យកាន់តែខិតខំប្រឹងហ្វឹកហាត់ ឆ្ពោះទៅរកសម្រេចគោលដៅរបស់ខ្លួនក្នុងអាជីពគុនខ្មែរ ពិសេសក្ដីស្រម៉ៃចង់ក្លាយជាកីឡាករតំណាងជាតិ ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាផ្ទាល់តែម្ដង។

សម្រាប់រង្វាន់ជយលាភីក្នុងកម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ រដូវកាលទី២ នេះដែរ កីឡាករជើងឯក សោម ពិសិដ្ឋ ទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ ស្របពេលកីឡាករ វី សម្ផស្យ ទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ។ ចំណែកលេខ៣ បានទៅកីឡាករ ព្រឿង សុជាតិ អមប្រាក់រង្វាន់ ៤លានរៀល ក្រោយយកឈ្នះកីឡាករ សល់ ពិសិដ្ឋ ដោយពិន្ទុ។ ចំពោះ សល់ ពិសិដ្ឋ ដែលទទួលបានលេខ៤ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៣លានរៀលផងដែរ៕

Loading...