អ្នកលេងគុនខ្មែរវ័យក្មេងមានដើមកំណើតមកពីបន្ទាយមានជ័យ សុខ ធី ហៅ កាកា នឹងមានវត្តមាននៅសង្វៀន ONE Championship ដោយត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងជើងខ្លាំងរបស់ប្រទេសថៃ រថថាំង (Rodtang) នាថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ។

អ្នកលេងគុនខ្មែរវ័យក្មេងរូបនេះ នឹងត្រូវវិលចូលសង្វៀន ONE ជាលើកទី ៣ បន្ទាប់ពីរូបគេអាក់ខានបង្ហាញមុខក្នុងសង្វៀន ខ្នាតអន្តរជាតិមួយនេះរយៈពេលប្រហែលជាងកន្លះឆ្នាំកន្លងទៅ។ បើតាមការផ្សព្វផ្សាយនៅផេកផ្លូវការរបស់ ONE និង ផេកផ្លូវការរបស់ក្លឹប Cambodian Top Team បានបង្ហាញថា ជើងខ្លាំងវ័យក្មេងរបស់កម្ពុជា សុខ ធី នឹងត្រូវប្រកួត លក្ខណៈមិត្តភាពអន្តរជាតិក្នុងគូទី៩ ជាមួយកីឡាករជើងខ្លាំងលំដាប់ជួរមុខ របស់ថៃ រថថាំង។ ហើយនេះជារឿងកម្រមួយ ដែរសម្រាប់កម្ពុជា ដែលមានឱកាសបានជួបកីឡាករ លំដាប់របស់ប្រទេសថៃ បែបនេះ ព្រោះមិនងាយឡើយបានប៉ះ ជើងខ្លាំងទាំងនោះទេ ដោយសារតែតម្លៃខ្លួន និងកម្រិតកម្មវិធីធំៗទើបពួកគេប្រកួត។
គួររំលឹកដែរថា កីឡាករ សុខ ធី ធ្លាប់ប្រកួតក្នុងសង្វៀន ONE Championship ពីរលើករួចមកហើយ ពោលគឺចាញ់ពិន្ទុ អ្នកប្រដាល់ថៃ Lerdsila ទាំងពីរលើក ហើយនេះគឺជាការប្រកួតលើកទី ៣ របស់គេនៅសង្វៀនខ្នាតអន្តរជាតិមួយនេះ៕