សុខ សាវិន ស្នើសងសិកវិញ ក្រោយចាញ់ពន្ទុ ឡុង ជិន លើសង្វៀនថោនទាំងមិនអស់ចិត្ដ

125

ភ្នំពេញៈ សុខ សាវិន អ្នកប្រដាល់មកពីនាយកដ្ឋានអង្គរក្ស បានបាត់បង់ឱកាសម្តងទៀតក្នុងការដណ្តើមប្រាក់រង្វាន់ពីកម្មវិធីទូរទស្សន៍ថោន កាលពីយប់ថ្ងៃអាទិត្យក្នុងការប្រកួតស្វិតស្វាញនៅវគ្គផ្តាច់ព្រ័ត្រចំនួន៣ទឹកជាមួយ ឡុង ជិនមកពីក្លិបខ្លារខិនមានរិទ្ធ។

អ្វីដែលមានបញ្ហារិះគន់ខ្លាំងទៅលើការផ្តល់ពិន្ទុក្នុងលទ្ធផលដែល ឡុង ជិន ឈ្នះ សុខ សាវិន ៥ទល់នឹង០ នាំឲ្យ សុខ សាវិន មិនពេញចិត្តហើយស្នើសុំសងសិកឡើងវិញ។

ចំណែកលោកគ្រូបង្វឹក ស៊ន អេលីត សុំមិននិយាយពីការផ្តល់ពិន្ទុហើយក៍មិនតវ៉ាអ្វីដែរ។ ប៉ុន្តែទើសផ្នែកអាជ្ញាកណ្តាលឈ្មោះ អិន ខេមរិន្ទ ដែលមានលក្ខណៈលម្អៀង។ បើនិយាយពីទិដ្ឋភាពប្រកួតជាក់ស្តែងក្នុងវគ្គផ្តាច់ព្រ័ត្ររបស់អ្នកទាំង២ ដែលឈ្នះដៃគូពីវគ្គជម្រុះរៀងៗខ្លួនដូចគ្នានេះបង្ហាញឲ្យឃើញថា នៅទឹកទី១មានលក្ខណៈប្រហាក់ប្រហែលគ្នាលំបាកនឹងវិនិច្ឆ័យថាខាងណាមានប្រៀបប៉ុន្តែទឹកទី២ ឡុង ជិន វ៉ៃកែងចូល សុខ សាវិន នាំឲ្យអាជ្ញាកណ្តាលរាប់ សុខ សាវិន ចំនួន ៨ លុះចូលទឹកទី៣សុខ សាវិន វ៉ៃកណ្តាប់ដៃចូល ឡុង ជិន នាំឲ្យអាជ្ញាកណ្តាលរាប់ទៅលើឡុងជិនវិញម្តងនិងបន្ថែមឲ្យឡុងជិន២ ជង្គង់បន្ថែមទៀត។

កាយវិការរបស់អាជ្ញាកណ្តាល អិន ខេមរិន្ទ មានសកម្មភាពពន្យាពេលបែបយឺតៗដែលភាសាប្រដាល់និយមហៅថាសូវ៉េឬមានន័យថាអាចជាចេតនាឲ្យឡុងជិនស្តារភាពវង្វេងវង្វាន់មកវិញក្រោយមួយដៃឆ្វេងរបស់ សុខ សាវិន ធ្វើឲ្យគេស្រុតចុះរកកលនិងដូលត្រូវបានចូលគាត់ភ្លាមៗ។

ក្រោយពេលប្រកួត សុខ សាវិន ដែលចំណាយពេលចូលរួមប្រកួតក្នុងកម្មវិធីនេះចំនួន៤ លើកបានឈានចូលវគ្គផ្តាច់ព្រ័ត្រនៅតែគ្មានឱកាសឈ្នះប្រាក់រង្វាន់នៅឡើយបានតវ៉ាសុំឡើងប្រកួតសងសិកឡើងវិញម្តងទៀត។
ជាមួយគ្នានេះដែរលោក ស៊ន អេលីត គ្រូបង្វឹកនិយាយថា៖ «ខ្ញុំខ្ជិលនិយាយពីរឿងដាក់ពិន្ទុពីព្រោះគ្មានបានលទ្ធផលអ្វីមកវិញទេពីព្រោះជាសិទ្ធិផ្តាច់មុខរបស់គេមិនអាចតវ៉ាបានការអីទេ»។ លោកបន្តថា៖«ប៉ុន្តែខ្ញុំមើលឃើញពីសកម្មភាព លោកអាជ្ញាកណ្តាល អិន ខេមរិន្ទ ទំនងមានចេតនាជួយ ឡុង ជិន ឲ្យផុតពីការសន្លប់របស់ សុខ សាវិន ពីព្រោះការចាញ់ឬឈ្នះវាមានឱកាសមាសតែក្នុងរយៈពេលខ្លីដែលកំពុងវង្វេងវង្វាន់នោះហើយ»។
លោក ស៊ន អេលីត បន្ថែមថា ខ្ញុំស្គាល់ចរឹកអាជ្ញាកណ្តាលចៅក្រមមួយចំនួនសុទ្ធតែស្អប់ខ្ញុំធ្វើបាបកូនសិស្សដែលមិនចេះលត់ក្រាបនិងអែបអបឲ្យពួកគាតបានផឹកស៊ី។

ស៊ន អេលីត បន្ថែមទៀតថា ខ្ញុំមិនចេះអែបអបខុសរឿងទេខ្ញុំជឿលើសមត្ថភាពកីឡាករប្រកួតដោយឥឡូវក្លិបរបស់ខ្ញុំឯកភាពជាមួយមេៗដាក់គោលដៅថ្មីបើផ្តួលដៃគូឲ្យសន្លប់ជូន៥០០ដុល្លារបន្ថែមទៀតហើយឈ្នះពិន្ទុជូន៣០០ដុល្លារបន្ថែមទៀតដើម្បីឲ្យសិស្សប្រឹងវ៉ៃ។ការធ្វើបែបនេះកុំឲ្យពួកចៅក្រមអាជ្ញាកណ្តាលមួយចំនួនអាចលួចបន្លំនិងលម្អៀងបាន។ម៉្យាងទៀតកូនសិស្សមានទឹកចិត្តហាត់ឲ្យខ្លាំងវ៉ៃដៃគូឲ្យដាច់ឬសន្លប់តែម្តង។
លោកជួបវុត្ថាអ្នកសម្របសម្រួលការផ្គូផ្គងនិយាយថា៖ខាងសង្វៀនគ្មានសិទ្ធិក្នុងការវិនិច្ឆ័យទេប៉ុន្តែសំណើររបស់សុខសាវិនសុំសងសិកគឺទទួលយកដាក់ឲ្យសងសិកគ្នាម្តងទៀតនៅថ្ងៃទី១៤កម្ភៈឆ្នាំ២០២១ខាងមុខ។ឡុងជិនធ្លាប់ឈ្នះប្រាក់លានពីកម្មវិធីនេះពីរលើកនិយាយថា៖លំបាកយកឈ្នះមែនខ្ញុំមិនហ៊ាននិយាយទេគឺស្រេចលើគណៈកម្មការប៉ុណ្ណោះគេឲ្យពិន្ទុ៕

Loading...