
អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ សុខ រិទ្ធ ដែលជាកូនសិល្សអតីតៈកីឡាករជើងខ្លាំងកម្ពុជា សាន សៅយ៉ាន់ ពិតជាធ្វើបានល្អមែនទែន ដោយប្រើកណ្ដាប់ដៃរបស់ខ្លួនផ្ដួលកីឡាករម្ចាស់ផ្ទះថៃត្រឹមទឹកទី២ នៃកម្មវិធីប្រដាល់ MX Muay Xtreme អាទិត្យម្សិលមិញ។

ការប្រកួតមិត្តភាពម្សិលមិញលើសង្វៀន MX Muay Xtreme អ្នកលេងគុនខ្មែរ សុខ រិទ្ធ បានប្រើកណ្ដាប់ដៃធ្ងន់ៗរបស់គេផ្ដួលអ្នកលេងគុនថៃដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតក្នុងទឹកទី២។ ជាទម្លាប់ដើមទឹក១ សុខ រិទ្ធ មិនបានសម្រុកភ្លាមៗនោះឡើយ គ្រាន់តែថយ និងធាក់ទប់ដើម្បីសិក្សាអំពីស្នៀតរបស់ ដៃគូប៉ុណ្ណោះ។ លុះចុងទឹកទី១ ទើបចាប់ផ្ដើមសម្រុកដោយប្រើកណ្ដាប់ដៃធ្ងន់ៗរហូតអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករថៃ ដល់ ៨ ។

ចូលដល់ទឹក២ សុខ រិទ្ធ ព្យាយាមចេញកណ្ដាប់ដៃធ្ងន់ៗរបស់ខ្លួនសម្រុករហូតអាជ្ញាកណ្ដាលរាប់ជាលើកទី២។ ដោយមិនអាចតបត នឹងទទួលរងដណ្ដាប់ធ្ងន់ៗរបស់ សុខ រិទ្ធ បាន អាជ្ញាកណ្ដាលសម្រេចបញ្ចប់ការប្រកួតត្រឹមនេះតែម្ដង។
គួររំលឹកដែរថា ពីរប្រកួតចុងក្រោយរបស់ សុខ រិទ្ធ សុទ្ធតែផ្ដួលដៃគូឲ្យសន្លប់ដោយសារកណ្ដាប់ដៃ និងត្រឹមតែក្នុងទឹក២ ទាំងអស់។ កាលពីថ្ងៃទី ១៣ ខែតុលា ២០១៩ បានផ្ដួលជើងខ្លាំង និងម្ចាស់មេដាយមាសច្រើនសម័យ ណុបក្រាជីប ឲ្យសន្លប់ក្នុងទឹក២ នៅសង្វៀន PNN ហើយចំណែកលើកទី២ និងលើកទី២ នៅសង្វៀន MX Muay Xtreme ម្សិលមិញនេះ៕