សុខ លឹមហេង ឈ្នះជើងឯកកីឡាអុកចត្រង្គថ្នាក់ជាតិ ឆ្នាំ២០២០

83

ភ្នំពេញ៖ កីឡាករ សុខ លឹមហេង ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រលើកីឡាករជើងខ្លាំង និងជាអតីតស្តេចអុក ឈាវ បូរ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅក្លឹបសេះខៀវ រាជធានីភ្នំពេញ។

កីឡាករអុកចត្រង្គ សុខ លឹមហេង ក៏ជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួតនានា នាពេលកន្លងមកដែរ ហើយនៅក្នុងជើងឯកថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យម្សិលមិញ យុវជនដ៏លេចធ្លោរូបនេះបានបង្ហាញនូវភាពខ្លាំងរបស់ខ្លួន ដោយឆ្លងកាត់ ១៥ប្រកួត សរុប ១២ពិន្ទុ ដណ្តើមបានលេខ១ ខណៈគូប្រជែងដ៏សំខាន់នៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ ឈាវ បូរ៉ា ឆ្លងកាត់ ១៥ប្រកួតដូចគ្នា ដោយមានត្រឹមតែ ១០.៥ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ យ៉ាន សុខលាង និងលេខ៤ កីឡាករ ទេស សារ៉ាឌី ស្របពេលដែលកីឡាករខ្លាំងៗចំនួន ១២នាក់ផ្សេងទៀតក៏ត្រូវបានបង្ហាញនៅក្នុងចំណាត់ថ្នាក់ជាបន្ទាប់ ដែលកីឡាករទាំង ១៦នាក់នេះ ត្រូវបានសម្រិតសម្រាំង ចេញពីការប្រកួតក្នុងចំណោមបេក្ខជនចំនួន ៦៤នាក់។

សូមបញ្ជាក់ថា ប្រភេទកីឡា អុកចត្រង្គនេះ ក៏ត្រូវបាន CAMSOC ជ្រើសរើសដាក់បញ្ជូលទៅក្នុងប្រភេទកីឡាសក្តានុពលខ្ពស់ ក្នុងការដណ្តើមមេដាយជូនជាតិផងដែរ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០១២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Loading...