កីឡារាំកម្ពុជា ចេញ​ទៅ​ប្រកួត​នៅ​សិង្ហបុរី ដើម្បី​ត្រៀម​ស៊ីហ្គេម

478

(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា នៅថ្ងៃទី២២ ខែសីហា បានបញ្ជូនកីឡាករ-កីឡាការិនីសរុប ១៦នាក់ ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡារាំ Singapore Superstar Championship 2019 នៅប្រទេសសិង្ហបុរី ខណៈបេសកកម្មនេះ ត្រូវបានសហព័ន្ធចាត់ទុកជាការវាស់ស្ទង់សមត្ថភាព និងកម្រិតបច្ចេកទេស ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីននាចុងឆ្នាំ២០១៩។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ពានរង្វាន់អន្ដរជាតិ ដែលរៀបចំដោយសហព័ន្ធកីឡារាំសិង្ហបុរីខាងលើ បានអញ្ជើញបណ្ដាប្រទេសក្នុងតំបន់ចូលរួម ក្នុងនោះក៏មានប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំនេះដែរ។ ហេតុនេះលោកស្រីបានចាត់ទុកនេះ គឺជាឱកាសល្អ ដើម្បីធ្វើការវាស់ស្ទង់សមត្ថភាពជាមួយកីឡាករ-កីឡាការិនីក្នុងតំបន់ មុនឈានទៅរកការប្រកួតផ្លូវការ និងប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ការប្រកួតកីឡារាំ Singapore Superstar Championship 2019 គ្រោងនឹងដំណើរការប្រកួត ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែសីហានេះ ហើយកីឡាករ-កីឡាការិនី ដែលសហព័ន្ធបញ្ជូនទៅចូលរួមភាគច្រើន ក៏ជាកីឡាករ-កីឡាការិនី ដែលសហព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមផងដែរ។ បន្ទាប់ពីបញ្ចប់ការប្រកួតនេះ អត្តពលិកកីឡារាំកម្ពុជា នឹងត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩៕

Loading...