អគ្គលេខាធិការបង្ហាញពីសារៈសំខាន់នៃការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ

94

ភ្នំពេញ៖ លោក អ៊ូ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបង្ហាញពីសារៈសំខាន់នៃការរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅសាលមជ្ឈមណ្ឌលកីឡាការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយពីពន្យារពេលដោយសារបញ្ហាវិបត្តិកូវីដ-១៩។

អគ្គលេខាធិការរូបនេះគូសបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន១៩៣នាក់ មកពី២៤សាលាគុន ហើយបើបូករួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត មានចំនួនសរុបចន្លោះពី២៥០នាក់ ដល់២៦០នាក់ ដើម្បីឲ្យដំណើរការប្រកួតនេះមានភាពរលូនបាន។ តាមពិតចំនួនសាលាគុន ដែលជាសមាជិករបស់សហព័ន្ធមានច្រើនជាងនេះ ប៉ុន្តែដោយសារលទ្ធភាព រួមទាំងការបណ្តុះបណ្តាលមិនទាន់ពេល ទើបមានការចូលរួមត្រឹម២៤សាលាគុនប៉ុណ្ណោះ ប៉ុន្តែលោកសង្ឃឹមថា ឆ្នាំ២០២១នឹងមានការចូលរួមពីសាលាគុនល្បក្កតោច្រើនជាងនេះ។

រូបភាពឯកសារប្រកួតគុនល្បុក្កតោជើងឯកថ្នាក់ជាតិ ២០១៩ និងរូបសម្តែងគុនល្បុក្កតោ

លោកអគ្គលេខាធិការរូបនេះបានបង្ហាញពីគោលបំណងនៃការប្រកួតជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ គឺទី១ គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ហើយទី២ សម្រាប់គោលដៅរបស់សហព័ន្ធ គឺការប្រកួតជារឿងសំខាន់ កាលណាមានការប្រកួតគឺមានការចូលរួមពីកីឡាករ កីឡាករិនី ក៏ដូចជាបានផ្តល់ឱកាសដល់ពួកគាត់ក្នុងការបង្ហាញនូវទេសកោសល្យ ចំណេះជំនាញ ដូច្នេះការប្រកួតបង្ហាញពីការវិវឌ្ឍពីកម្រិតបច្ចេកទេស។ សម្រាប់សហព័ន្ធកីឡាគុនល្បុក្កតោមិនទាន់ឆ្អែតឆ្អន់ ក្នុងការស្វែងរកធនធានកីឡាករ កីឡាការិនីដែលមានសមត្ថភាព ដើម្បីបញ្ជូលក្នុងក្រុមជម្រើសជាតិនោះទេ ដូច្នេះហើយមន្ត្រីបច្ចេកទេសរបស់សហព័ន្ធតែងតែសំឡឹងមើលលើទេពកោសល្យរបស់ពួកគាត់ជារៀងរាល់ឆ្នំា តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ដែលជាព្រឹត្តិការណ៍ប្រកួតកម្រិតជាតិខ្ពស់ជាងគេ។ បើទោះបីជាក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ចំនួននូវក្រុមជម្រើសជាតិ ឬឈុតថ្នាលក្តី ប៉ុន្តែសម្រាប់សហព័ន្ធនៅតែរិះរកមធ្យោបាយ ដើម្បីស្វែងរកនូវកីឡាករ កីឡាការិនីប្រកបដោយគុណភាពបញ្ចូលបន្ថែមសម្រាប់សហព័ន្ធផងដែរ។

រូបភាពឯកសារប្រកួតគុនល្បុក្កតោជើងឯកថ្នាក់ជាតិ ២០១៩ និងរូបសម្តែងគុនល្បុក្កតោ

លោក អ៊ូ តារា សង្កត់ធ្ងន់ថា នៅក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំនេះ គឺជាការសម្រួច គោលដៅក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតគុនល្បុក្កតោជាអន្តរជាតិផ្សេងៗទៀត។ កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានកែសម្រួលបទបញ្ជាការប្រកួតលើចំណុចខ្លះៗ ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរនៅក្នុងការប្រកួត។ នៅក្នុងការកែសម្រួលនេះផ្តោតសំខាន់ទៅលើឈ្មោះនៃប្រភេទវិញ្ញាសា ទម្រង់នៃការដាក់ពិន្ទុលើប្រភេទវិញ្ញាសាប្រយុទ្ធ បើកាលណាការដាក់ពិន្ទុកាន់តែតឹងរឹង នោះកីឡាករ កីឡាការិនីកាន់តែប្រឹងប្រែងបន្ថែមទៀត ដោយមិនខ្ជះខ្ជាយនូវចលនា ឬទម្រង់ក្នុងពេលប្រកួតរបស់ពួកគាត់ ដូច្នេះគោលដៅធំនៃការកែសម្រួលបទបញ្ជាការប្រកួតនេះ គឺដើម្បីឲ្យកម្រិតបច្ចេកទេសរបស់ពួកគាត់ កាន់តែខ្ពស់ស្មើនឹងកម្រិតសិទ្ធផលរបស់កីឡាករ កីឡាការិនីបរទេស។ ម្យ៉ាងទៀត កម្រិតគុណភាពបច្ចេកទេសរបស់កីឡាករកាន់តែខ្ពស់ ដូច្នេះបទបញ្ជាការប្រកួតត្រូវរត់ទៅតាមនោះដែរ ដែលនៅក្នុងការកែសម្រួលបទបញ្ជានេះ មានព្រឹទ្ធាចារ្យក្បាច់គុនមកពីបណ្តារាជធានី-ខេត្តនានាប្រើប្រាស់ទម្រង់បច្ចេកទេសក្បាច់គុនផ្សេងៗគ្នា ប៉ុន្តែស្ថិតនៅក្នុងការអនុវត្តនូវទម្រង់បទបញ្ជាបច្ចេកទេសតែមួយ ដែលបានសម្រេចដោយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុនសម្រស់ធម្មជាតិបានឧបត្ថម្ភនូវថវិកាចំនួន ១៦,៨៥០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០៕

Loading...