ពានសម្ដេចតេជោ-ថ្នាក់ខេត្ត ត្រឡប់មកវិញដើមសប្ដាហ៍ក្រោយជាមួយរូបមន្ដថ្មី ក្រោយក្រុមជាច្រើនបានដកខ្លួន

59

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ នឹងដំណើរការប្រកួតឡើងវិញនាថ្ងៃទី០៣ ខែសីហាដើមសប្ដាហ៍ក្រោយនេះហើយ បន្ទាប់ពីផ្អាកមួយរយៈពេលធំ ដោយសារវិបត្តិកូវីដ-១៩។ ជាមួយការត្រឡប់មកវិញនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានធ្វើការកែប្រែរូបមន្ដប្រកួតមួយចំនួន បន្ទាប់ពីមានក្រុមជាច្រើនបានដកខ្លួន ពោលគឺនៅសល់បេក្ខភាពប្រកួតប្រជែង ១០ក្រុមប៉ុណ្ណោះ។

សម្រាប់បេក្ខភាព ១០ក្រុម ដែលត្រូវបន្ដប្រកួតដណ្ដើមពានសម្ដេចតេជោ-ថ្នាក់ខេត្ត រួមមានពូល A មានក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តកំពង់ឆ្នាំង(ខេត្ដកំពង់ស្ពឺ និងខេត្តតាកែវដកខ្លួន), ពូលB មានខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង(ក្រុមសូហ្វីយ៉ាប៉ៃលិន និងខេត្តពោធិ៍សាត់ដកខ្លួន), ពូលC មានខេត្តសៀមរាប និងខេត្ដឧត្ដរមានជ័យ(ខេត្តកំពង់ធំឈរបាតរាង និងអស់ការប្រកួតក្នុងដៃ), ពូល D នៅសល់ខេត្តកណ្ដាល(ខេត្តកំពង់ចាម និងខេត្តស្វាយរៀងដកខ្លួន), ពូល E មានខេត្តកោះកុង និងខេត្តកំពត(ខេត្តកែប និងខេត្តព្រះសីហនុដកខ្លួន) និងពូល F នៅសល់ខេត្តត្បូងឃ្មុំ (ខេត្តរតនគិរី និងខេត្តព្រះវិហារដកខ្លួន)។

ទន្ទឹមជាមួយការដកខ្លួន និងសល់ត្រឹម ១០ក្រុមបែបនេះ គណៈកម្មការរៀបចំការប្រកួត ក៏បានប្រជុំជាមួយក្រុមនីមួយៗ ហើយបានឯកភាពលើការកែប្រែរូបមន្ដប្រកួតមួយចំនួន ដោយក្រុមខ្លះ ត្រូវជួបគ្នាលក្ខខណ្ឌក្នុងពូល ដើម្បីដណ្ដើមលេខ១ និងលេខ២ ក្នុងនោះមានពូល A ក្រុមភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបខេត្តកំពង់ឆ្នាំង និងពូល C ខេត្តសៀមរាប ត្រូវជួបខេត្តឧត្ដរមានជ័យ នាថ្ងៃទី០៣ ខែសីហាខាងមុខ ដោយក្រុមឈ្នះ នឹងឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ហើយក្រុមចាញ់ នឹងត្រូវលេងវគ្គជម្រុះ (Play-Off) ជាមួយក្រុមលេខ២ នៃពូល ២ផ្សេងទៀត ដើម្បីស្វែងរកក្រុមឈ្នះ ២ក្រុមឡើងទៅបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ ដ្បិតមាន ៤ក្រុម ដែលបានឈរចាំនៅវគ្គ ៨ក្រុមចុងក្រោយស្រាប់។

យ៉ាងណាមិញជាមួយការត្រឡប់មកវិញ នៃការប្រកួតពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងបរិបទកូវីដ-១៨ នេះ CNCC បានតម្រូវឲ្យក្រុមនីមួយៗ ត្រូវគោរពវិធានការ និងលក្ខខណ្ឌថ្មី ពិសេសគឺការធ្វើតេស្ដរហ័ស(Rapid Test) រាល់មុនការប្រកួត និងក្រមប្រតិបត្តិរបស់គណៈកម្មការប្រកួតផងដែរ។ ចំពោះការប្រកួត Play-Off គ្រោងធ្វើឡើងនាថ្ងៃទី០៦ ខែសីហា ខណៈការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងចាប់ផ្ដើមប្រកួតនាថ្ងៃទី១០-១១ ខែសីហា មុនបន្ដការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៧ ខែសីហា និងវគ្គផ្ដាច់ព្រ័ត្រ គ្រោងប្រកួតនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ខាងមុខ៕

Loading...