សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសដល់អត្តពលិក,គ្រូបង្វឹក,ក្រុមជម្រើសជាតិមន្ត្រីដឹកនាំកីឡា,ដើម្បីចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យព្រះកេតុមាលាកាលពីព្រឹកនាថ្ងៃអង្គារ៍ទី២ខែមីនាឆ្នាំ២០២១ដើម្បីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នាក្នុងយុទ្ធនាការ៣ថ្ងៃ។ជាមួយគ្នានេះលោកវ៉ាត់ចំរើនក្នុងនាមអគ្គលេខាធិការ CAMSOC ឲ្យដឹងថា៖ ថ្ងៃដំបូងនេះថ្នាក់ដឹកនាំ,មន្ត្រីកីឡា,គ្រូបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិបានទៅចាក់ជាបន្តបន្ទាប់ហើយក្នុងគម្រោងចំនួន១០៥១នាក់នេះអាចនឹងលឿនជាការគ្រោងទុក។ ក្នុងនោះដែរប្រសិនបើការទៅចាក់វ៉ាក់សាំងជាក់ស្តែងបានលឿនអាចនឹងមិនដល់រយៈពេល៣ថ្ងៃឡើយគឺពីរថ្ងៃនឹងចប់។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា៖ នេះជាការកិច្ចការចាំបាច់បំផុតដែលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ-១៩នេះពីព្រោះក្រុមជម្រើសជាតិមន្ត្រីកីឡា, ថ្នាក់ដឹកនាំ និងគ្រូបង្វឹកមួយចំនួនមានការពាក់ព័ន្ធ និងមានទំនាក់ទំនងច្រើនជាមួយមនុស្សជាច្រើនផ្សេងៗទៀតពិសេសកិច្ចការប្រជុំឬប្រកួតឆ្លងប្រទេសជាដើម។ លោក វ៉ាត់ ចំរើន បន្ថែមថា៖ ការចាក់វ៉ាក់សាំងនេះបានធ្វើជាបន្តបន្ទាប់ជូនដល់អ្នកពាក់ព័ន្ធទៅនឹងសកម្មភាពកីឡាដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅប៉ុន្តែតាមជាក់ស្តែងយើងនៅបន្ថែមការចាក់ជាបន្តបន្ទាប់ទៀតដល់កីឡាករកីឡាការិនីជម្រើសជាតិខ្លះមិនទាន់គ្រប់អាយុ ១៨ព្រមទាំងក្រុមការងារមួយចំនួនទៀតដូចជាក្រុមសិល្បៈដែលមានចំនួនប្រហែល ២០០នាក់ទៀតដែលកំពុងត្រៀមទៅទទួលទង់ស៊ីហ្គេមនៅចុងឆ្នាំ២០២១នេះគឺបន្ទាប់ពីស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមបានបញ្ចប់ហើយធ្វើពិធីប្រគល់ និងទទួលទង់ពីស៊ីហ្គេមនៅប្រទេសវៀតណាមដើម្បីយកមកព្រះរាជាណាចក្រកម្ពុជាសម្រាប់ស៊ីហ្គេមលើលកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំ, មន្ត្រីកីឡា, គ្រូបង្វឹក, កីឡាករកីឡាការិនី, ជម្រើសជាតិត្រៀមប្រកួត និងចេញទៅហ្វឹកហាត់នៅក្រៅប្រទេសឆ្នាំ ២០២១ មានចំនួន ១០៥១នាក់។ លោកថាតាមប្រសាសន៍របស់សម្តេច ទៀ បាញ់ ឱ្យសិក្សាបន្ថែមរកពេលវេលាបន្តយុទ្ធនាការយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នកនៅសល់ឲ្យបានគ្រប់គ្នាតាមលទ្ធភាពធ្វើទៅបានតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនដើម្បីសុខមាលភាពសង្គមជាតិយើងផងក៏ដូចជាបង្កើនបានសុវត្ថិភាពជូនក្រុមជម្រើសជាតិកម្ពុជា។
តាមការនែនាំពីលោកបណ្ឌិតថោងខុនអនុប្រធានអចិន្ត្រយ៍ CAMSOC បានជំរុញឲ្យក្រុមជម្រើសជាតិកម្ពុជាចាក់ឲ្យបានគ្រប់ៗគ្នាដើម្បីត្រៀមចូលរួមប្រកួតនិងការហ្វឹកហាត់នៅក្រៅប្រទេស។ជាមួយគ្នានោះសម្តេចប្រធានCAMSOCក៏បានណែនាំឲ្យខិតខំចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នាជាពិសេសគឺក្រុមកីឡាករកីឡាការិនីជម្រើសជាតិដែលស្ថិតនៅក្រោមអាយុ១៧និង១៨ឆ្នាំត្រូវពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញរបស់សាធារណរដ្ឋប្រជាមានិតចិនដែលប្រចាំការនៅទីនេះ៕