សាលី អ៊ូមើត ខកខានចូលរួមប្រកួត Jet Ski World Series 2021 នៅប៉ូឡូញ ព្រោះមានបញ្ហាស្នើសុំ Visa ចូលទៅកាន់ទឹកដីអឺរ៉ុប

57

ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត ត្រូវបានខកខានចូលរួមប្រកួតកីឡាប្រម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នៅប្រទេសប៉ូឡូញ ហើយបន្ទាប់ពីមានបញ្ហាស្នើសុំទិដ្ឋាការ (Visa) ចូលទៅកាន់ទឹកដីអឺរ៉ុប ស្របពេលការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដាសប្ដាហ៍នេះ។

សាលី អ៊ូមើត បានឲ្យដឹងថា ដំបូងឡើយខ្លួនត្រូវចេញទៅអាល្លឺម៉ង់ កាលពីដើមខែកក្កដា មុនបន្ដទៅប្រទេសអូទ្រីស ដើម្បីយកម៉ូតូថ្មីរបស់ខ្លួន ទៅចូលរួមប្រកួតនៅប្រទេសប៉ូឡូញ ។ ប៉ុន្ដែដោយសារបញ្ហាកូវីដ-១៩ បានធ្វើឲ្យការស្នើសុំទិដ្ឋាការចូលតំបន់អឺរ៉ុប ត្រូវពន្យារពេលជាបន្ដបន្ទាប់ រហូតត្រូវខកខានចូលរួមការប្រកួតតែម្ដង បន្ទាប់ពីកៀកថ្ងៃប្រកួតទៅហើយ ស្ថាតទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសថៃ នៅមិនទាន់ឆ្លើយតបនៅឡើយ។

សមាជិកក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជាខាងលើ បានបញ្ជាក់ថា «ឥលូវខ្ញុំបានខកខានចូលរួមការប្រកួតនៅប៉ូឡូញហើយបង ដោយសារខ្ញុំចូលទៅទ្វីបអឺរ៉ុប គេតម្រូវឲ្យធ្វើចត្ដាឡីស័ក ១០ថ្ងៃនៅក្នុងផ្ទះ ដល់ចឹងខ្ញុំអត់អាចចូលទៅប្រកួតទាន់គេ ព្រោះអីគេត្រូវប្រកួតនៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា តែឥលូវខ្ញុំនៅថៃនៅឡើយ ដោយសារយឺតយ៉ាវ Visa ទៅអាល្លឺម៉ង់ ដែលខ្ញុំបានស្នើសុំគេ គេអត់ទាន់ឆ្លើយតប…» ។

ជាមួយការខកខានចូលរួមព្រឹត្ដិការណ៍កម្រិតពិភពលោកនេះ អ៊ូមើត បានសម្ដែងការសោកស្ដាយជាខ្លាំង ដ្បិតរូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ជាយូរ ព្រមទាំងទិញម៉ូតូថ្មី បែរជាមិនបានចូលរួមការប្រកួតទៅវិញ ។ អ៊ូមើត បញ្ជាក់ថា ទោះបីខកខានការប្រកួតជុំទី១ នៅប៉ូឡូញ ខ្លួនក៏អាចចូលរួមប្រកួតជុំទី២ និងជុំទី៣ បានដែរ ប៉ុន្ដែទោះបីដណ្ដើមបានលេខ១ ក៏មិនអាចទទួលបានចំណាត់ថ្នាក់ដែរ ព្រោះខ្លួនខាតបង់ការប្រកួត ១ជុំទៅហើយ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 បានបែងចែកការប្រកួតជា ៣ជុំ នៅ ៣ទ្វីបផ្សេងគ្នា ដោយជុំទី១ ផ្ដើមចេញពីការប្រកួតប្រចាំតំបន់អឺរ៉ុប ដែលប្រទេសប៉ូឡូញ ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ដែលជាជុំកាត់សេចក្ដី នឹងប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅប្រទេសថៃ ៕

Loading...