រាជរដ្ឋាភិបាល ឯកភាពលើប្លង់កៅអីអង្គុយ នៃពហុកីឡដ្ឋានជាតិមរតកតេជោ

253

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពលើគម្រោងរចនាប្លង់រៀបចំកៅអីអង្គុយក្នុងកីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាផ្លូវការហើយ ដោយរំលេចនូវពណ៌ចំនួន៣ ដែលតំណាងឲ្យភាពរឹងមាំ និងជានិមិត្តរូបរបស់ប្រទេសកម្ពុជា។

ការឯកភាពនេះ បន្ទាប់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២០ (CAMSOC) និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គ្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យពីការសាងសង់ និងស្នើសុំការពិនិត្យសម្រេចចុងក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីថ្មីៗ។

គម្រោងរចនាប្លង់រៀបចំកៅអីអង្គុយដែល CAMSOC បានដាក់ស្នើសុំការត្រួតពិនិត្យ និងសម្រេចពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺមាន ៣ជម្រើស ហើយជាលទ្ធផលរាជរដ្ឋាភិបាល បានឯកភាពយកជម្រើសទី១ ដែលមានការរចនាឆ្លាស់ពណ៌ រួមមានពណ៌ស ពណ៌ក្រហម និងពណ៌ខៀវទឹកសមុទ្រ សម្រាប់រៀបចំកៅអីអង្គុយនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ការរចនាប្លង់ ឬបង្គុំកៅអីខាងលើ រចនាដោយអ្នកជំនាញ រួមទាំងមន្ដ្រីវប្បធម៌កម្ពុជា សហការជាមួយភាគីចិន។ ចំពោះជម្រើសទី១ ដែលរាជរដ្ឋាភិបាលបានឯកភាព ពណ៌ចម្បងគឺផ្ដោតលើពណ៌ខៀវទឹកសមុទ្រ និងពណ៌ស ហើយរំលេចបន្ថែមនូវពណ៌ក្រហមគ្រាប់ៗ តំណាងឲ្យការលេចឡើងពីភាពរឹងមាំ និងជានិមិត្តរូប នៃការបើកបរនាវាមិត្តភាពរបស់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំងក្លា។
ម្យ៉ាងវិញទៀត ការរចនាពណ៌ចម្រុះបែបនេះ បានរំលេចនូវសោភណ្ឌភាពដ៏ស្រស់ស្អាតរបស់ពហុកីឡដ្ឋានទាំងមូល ពិសេសការផ្តិតយកសកម្មភាពផ្សេងៗមើលទៅហាក់បីដូចជាមានទស្សនិកជនអង្គុយទស្សនា ដូចពហុកីឡដ្ឋាន និងកីឡដ្ឋានធំៗដែលមានក្នុងប្រទេសអភិវឌ្ឍដែរ។ ដូច្នេះនេះគឺជាភាពទំនើបមួយក្នុងការរៀបចំកៅអីអង្គុយដ៏អស្ចារ្យ នៃពហុកីឡដ្ឋានជាតិមរកតេជោ។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកបានបន្ដថា «ស្ដាតរបស់យើងមកទល់ពេលនេះ គឺសម្រេចបាន៨៥% ហើយ។ ចំពោះបង្គំកៅអីនេះ បន្ទាប់ពីជ្រើសរើសហើយ ក្នុងរយៈពេលដ៏ខ្លី គឺត្រូវបំពាក់កៅអីអង្គុយនេះ និងរៀបចំឲ្យបានឆាប់រហ័ស ឲ្យបានមុនកាលកំណត់ ដែលគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២១។ ចឹងឥឡូវនេះ ឃើញមានការរៀបចំបំពាក់ដំបូលសងខាងនៃកីឡដ្ឋានធំហ្នឹងហើយ។ យើងជឿជាក់ថា ការសាងសង់នេះ នឹងចប់សព្វគ្រប់តាមផែនការ»។

គួរដឹងថា សំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យខាងលើ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយប្រើប្រាស់វិស្វករជំនាញ និងកម្មករសរុបជិត ៦០០នាក់ ដើម្បីសាងសង់ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ធំសម្បើមដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនាខែឧសភា ឆ្នាំ២០២១ ខាងមុខ៕

Loading...