Ronaldo តាម​ស្មើ​កំណត់ត្រា Ali Daei អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យក្រុម​ជំរើសជាតិ​

95

ទីបំផុត Cristiano Ronaldo បាន​តាម​ទាន់​កំណត់ត្រា​របស់​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Ali Daei ហើយ​ដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យក្រុម​ជំរើសជាតិ ​បន្ទាប់ពី​រកបាន​ ២​គ្រាប់​ក្នុងជំនួប​ស្មើគ្នា ២-២ ជាមួយនឹង​បារាំង​ប្រកួត​ចុងក្រោយ​នៃ​ពូ​ល F​។

​​បាល់ ១១ម៉ែត្រ ២​គ្រាប់​របស់ Cristiano Ronaldo ធ្វើឲ្យ​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​តាម​ទាន់​កំណត់ត្រា​របស់​ Ali Daei ដែលមាន​សរុប ១០៩ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្រុម​ជំរើសជាតិ​។ ​

Ali Daei សំរេចបាន​កំណត់ត្រា ១០៩គ្រាប់​នេះ​ជាមួយ​ក្រុម​អ៊ីតាលី​ត្រឹម​រយៈពេល ១៣ឆ្នាំ​ប៉ុណ្ណោះ​ពោលគឺ​ចន្លោះ​ឆ្នាំ ១៩៩៣ ដល់ ២០០៦​។ ​​

ដោយឡែក​សំរាប់​លទ្ធផល​ស្មើ​យប់មិញ​ធ្វើអោយ​ព័រទុយហ្កាល់​ជា​ក្រុម​លេខ៣ ក្នុង​ពូ​ល F នេះ​តែ​ជា​ក្រុម​ឈរលើ​គេ​ក្នុង​តារាង​ក្រុម​លេខ៣ ល្អ​បំផុត​ដោយ​នឹងត្រូវ​ឡើង​ជួប​ប៊ែ​ល​ហ្ស៊ិ​កនៅ​វគ្គ ១៦ក្រុម​ចុងក្រោយ ​ស្របពេល​បា​រាំងជា​ក្រុម​លេខ១ ពូ​ល F នេះ​ឡើង​ជួប​ស្វ៊ី​ស​។

​​ចំណែក​អាល្លឺម៉ង់​យប់មិញ​មិនអាច​យកឈ្នះ​ហុង​គ្រី​បានឡើយ​បាន​ត្រឹម​ស្មើគ្នា ២-២ ផងដែរ​មានន័យថា ​ក្រុម​របស់លោក Joachim Low បាន​លេខ២ ក្នុង​ពូ​ល F នេះ​ឡើង​ជួប​ជាមួយ​អង់គ្លេស​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​
ងាក​មក​ការប្រកួត​ពូ​ល E ជុំ​ចុងក្រោយ​

ដែរ ​ដោយ​ពូ​ល​នេះ​ក្រុម​ដែល​ឡើង​វគ្គ​បន្ត​មាន ២​ក្រុម​ប៉ុណ្ណោះ​គឺ​ស៊ុត​អែ​ត​ក្រុម​លេខ១ ក្នុង​ពូ​ល​ក្រោយ​ឈ្នះ​ប៉ូឡូញ​ប្រផិតប្រផើយ ៣-២ បន្ត​ជួប​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​ជុំ​បន្ត ខណៈ​អេ​ស្ប៉ា​ញ​ស្គាល់ឈ្នះ​លើកដំបូង​ក្រោយ​បំបាក់​ស្លូ​វ៉ា​គី ៥-០ ជា​ក្រុម​លេខ២ ក្នុង​ពូ​ល​ឡើង​ជួប​ក្រូ​អាស៊ី​។ ​​

ដោយឡែក​ស្លូ​វ៉ា​គី​លេខ៣ ក្នុង​ពូ​ល​មាន ៣ពិន្ទុ​តែ​មិនអាច​ឡើង​ជុំ​បន្ត​ឡើយ​ដោយ​ឈរ​ក្រោម​គេ​ក្នុងចំណោម​ក្រុម​លេខ៣ ល្អ​បំផុត​ប្រៀប​នឹង​ពូ​ល​ផ្សេង ​ខណៈ​ប៉ូឡូញ​ក្រោម​គេ​មានតែ ១ពិន្ទុ​។​ ​វគ្គ ១៦ក្រុម​ចុងក្រោយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៦ នេះ​គឺវែ​ល​ជួប​ដា​ណឺ​ម៉ាក និង​អ៊ីតាលី​ជួប​អូទ្រីស​៕

Loading...