អ្នកប្រដាល់ជើងចាស់ មុត ខ្លឹមខ្មៅ មកពីក្លិបប្រដាល់មកុដរាជសីហ៍ត្រៀមខ្លួនប៉ះប្រកួតជាមួយអ្នកប្រដាល់ចំនួន ៣នាក់ទៀតមានកីឡាករ កែវ សំរិទ្ធ, រីទ្ធប៊ុន ម៉ៅ និងជើងចាស់វស្សា ឆៃ សារ៉ា ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ ជាមួយគ្នានេះសម្រាប់ការប្រកួតដែលទាញការចាប់អារម្មណ៍ខ្លាំងបំផុតគឺវត្តមានកីឡាករជើងចាស់ពីររូប មុត ខ្លឹមខ្មៅ និងឆៃសារ៉ា មកពីក្លិបនាគរាជចតុមុខ ដែលធ្លាប់ប្រកួតគ្នាចំនួន ៥លើកកន្លងមកហើយសប្តាហ៍នេះអាចនឹងប៉ះគ្នាក្នុងកម្មវិធីដណ្តើមប្រាក់លានវគ្គផ្តាច់ព្រ័ត្រប្រសិនបើវគ្គជម្រុះឈ្នះដៃគូរៀងៗខ្លួននោះ។ តាមប្រវត្តិប្រកួតរបស់ មុតខ្លឹមខ្មៅ និងឆៃសារាសុទ្ធតែធ្លាប់ឆ្លងកាត់ការប្រកួតលក្ខណៈអន្តរជាតិជាច្រើន និងធ្លាប់ឈ្នះខ្សែក្រវ៉ាត់ចំនួនពីរស្ថាប័នមកគ្រប់គ្រងដូចៗគ្នា។ ចំណែកអ្នកប្រដាល់ កែវ សំរិទ្ធ និងរីទ្ធប៊ុន ម៉ៅ ជាកីឡាករខ្លាំងលំដាប់ជំនាន់ក្រោយមិនទាន់មានគេឈ្មោះល្បីឬធ្លាប់ឈ្នះខ្សែក្រវាត់នៅឡើយ។
មុត ខ្លឹមខ្មៅ អះអាងថា៖ ខ្ញុំធ្លាប់ចូលប្រកួតដណ្តើមប្រាក់លាននេះចំនួន ២លើកកន្លងមកតែមិនទាន់ឈ្នះបាននៅឡើយហើយសប្តាហ៍នេះជាលើកទី ៣ប៉ះជាមួយ ឆៃ សារ៉ា ពិតជាសប្បាយចិត្តថានឹងឈ្នះ។ សរុបការប្រកួតជាមួយ ឆៃ សារ៉ា បានចំនួន ៥លើកខ្ញុំឈ្នះ ៣លើក ចាញ់២លើក។ ខ្ញុំហ្វឹកហាត់ត្រៀមបានល្អ និងសង្ឃឹមជឿជាក់ថា៖យកឈ្នះបាន៨០ភាគរយ។ក្រៅពីនេះប្រសិនប៉ះជាមួយ កែវ សំរិទ្ធ ក្តីប៉ះជាមួយ រិទ្ធ ប៊ុនម៉ៅ ក្តីគិតថាធានាឈ្នះបានដោយមិនព្រួយបារម្ភនោះឡើយ។ មុតខ្លឹមខ្មៅ បញ្ចាក់ថានៅសង្វៀនថោននេះខ្ញុំធ្លាប់ចាញ់កីឡាករ គឹម វាសនា ទាំងមិនអស់ចិត្តប៉ុន្តែសម្រាប់ ឆៃសារ៉ា វិញខ្ញុំគិតថាស្រួលវ៉ៃជាង គឹមវាសនា។
ចំណែក ឆៃសារ៉ា ដែលជាកីឡាករចិត្តធំល្អកែងរូសចូលវាយសម្រុកខ្លាំងមិនចេះដកថយទំនងជាមិនសូវហ៊ានក្អេងក្អាងជាមួយ មុតខ្លឹមខ្មៅ នោះទេ។ ឆៃសារ៉ា និយាយថា៖ ខ្ញុំប៉ះប្រកួតជាមួយកីឡាករ មុតខ្លឹមខ្មៅ ពិតជាលំបាកពីព្រោះគាត់ល្អចាប់ឡើងជង្គង់ និងទាត់បានល្អទៀតហេតុនេះវ៉ៃគៀកពិតជាចាញ់ប្រៀបគាត់ប៉ុន្តែខ្ញុំធ្លាប់ប្រកួតមានប្រើបលើគាត់គឺវ៉ៃឆ្ងាយ និងប្រើកែងឲ្យបានច្រើន។ ឆៃសារ៉ា បន្ថែមថាទោះជាយ៉ាងណាជំនួននេះក៍ដូចជាសងសិកខ្ញុំរម្ពឹងឈ្នះតែ ៥០ភាគរយប៉ុណ្ណោះប៉ុន្តែបើប៉ះក្រៅពីនេះដូចជាកីឡាករកែវ សំរិទ្ធ ឬរិទ្ធ ប៊ុនម៉ៅ គឺមិនព្រួយបារម្ភពីចាញ់នោះទេ។
កីឡាករកែវសំរិទ្ធឬរិទ្ធប៊ុនម៉ៅទោះបីជាអ្នកខ្លាំងជំនាន់ក្រោយប៉ុន្តែមិនអាចមើលរំលងបានទេប៉ុន្តែក្នុងការសុំសមភាសពីការប្រកួតនេះពួកគេហាក់ដូចមិននហ៊ាននិយាយពីការរម្ពឹងឈ្នះច្រើនទេពីព្រោះឆៃសារ៉ានិងមុតខ្លឹមខ្មៅកំពូលកីឡាករលំដាប់ចាស់វស្សាមានបទពិសោធន៍ប្រកួតយូរឆ្នាំមកហើយ។រិទ្ធប៊ុនម៉ៅនិយាយថាចាំមើលប្រកួតសិនតែធានាវ៉ៃអស់ពីសមត្ថភាពរឿងឈ្នះប៉ុន្មានភាគរយមិនហ៊ាននិយាយទេ។
តាមកំណត់ត្រាប្រកួតនិងប្រវត្តិកន្លងមក មុតខ្លឹមខ្មៅ និងឆៃសារ៉ា គឺមានបទពិសោធន៍ជាង ១០០ដងដូចគ្នាចំណែក ប៊ុនម៉ៅ និងសំរិទ្ធបានត្រឹមជិត ៥០ដងប៉ុណ្ណោះ។ ខ្លឹមខ្មៅ ប្រកួតបានចំនួន ១១០លើកឈ្នះ ៨៥លើក ចាញ់២២លើក ស្មើ៣លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បានចំនួន ២១លើក។ ឆៃសារ៉ា ប្រកួតបាន ១០៥លើក ឈ្នះ៨៧លើក ចាញ់១៨លើក ស្មើ៨លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បានចំនួន ៣១លើក។ កីឡាករ រិទ្ធប៊ុន ម៉ៅ ប្រកួតបានចំនួន ៤៩លើក ឈ្នះ៣៧លើក ចាញ់១០លើក ស្មើ២លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បាន ៨លើក។ កែវ សំរិទ្ធ ប្រកួតបានចំនួន ៦៣លើកឈ្នះ ៤២លើកចាញ់ ១៥លើកស្មើ៦ លើកក្នុងនោះផ្តួលដៃគូឲ្យសន្លប់បានចំនួន ១៦លើក៕