
ភ្នំពេញៈ ភេជ្ជៈពូវកម្លាំង គោជល់ បានផ្ដើមរៀបចំព្រឹត្ដិការណ៍សង្វៀនប្រដាល់គុនខ្មែរនៅតាមបណ្ដាខេត្ដមួយចំនួននៅប្រទេសកម្ពុជាដដំបូងក្រោមប្របទ «ដំណើរឆ្ពោះទៅតាមខេត្ត» ដើម្បីស្វែងរកជើងខ្លាំងគុនខ្មែរ និងជើងឯងគោគល់ប្រចាំរដូវកាលឆ្នាំ ២០១៩។
លោក មាន សំអុល នាយកចាត់ការទូទៅ ភេសជ្ជៈគោជល់ប្រចាំកម្ពុជា បានថ្លែងថា ព្រឹត្ដិការណ៍ប្រដាល់គុនខ្មែរលើសង្វៀនតាមបណ្ដាខេត្ដនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតជាព្រឹត្ដិការណ៍ប្រដាល់ឲ្យដល់កីឡាករគុនខ្មែរនៅតាមខេត្ដ និងអ្នកគាំទ្រកីឡាគុនខ្មែរនៅតាមបណ្ដាខេត្ដឲ្យបានទស្សនាគ្រប់ៗគ្នាតែម្ដង។
លោកថា៖«ដូច្នេះអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ អាចមកចូលរួមទស្សនា និងគាំទ្រកីឡាកររបស់ខ្លួនបាននៅក្នុងខេត្ដរបស់ខ្លួនតែម្ដង»។

លោក ហួរ រតនៈ ប្រធានទីផ្សារ ទូរទស្សន៍ CTN បានឲ្យដឹងថា ក្នុងព្រឹត្ដិការណ៍ប្រដាល់គុនខ្មែរលើសង្វៀនជនបទតាមបណ្ដាខេត្ដនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទ្សន៍ CTN ផងដែរ។
លោកបន្ដថា៖«ព្រឹត្ដិការណ៍សង្វៀនប្រដាល់តាមបណ្ដាខេត្ដនេះ វាគឺជាឱកាសដ៏ល្អមួយ ដើម្បីផ្ដល់ឱកាសដល់កីឡាករគុនខ្មែរវ័យក្មេង ដែលកំពុងលេចធ្លោនៅតាមខេត្ដ ឲ្យមានឱកាសបង្ហាញពីទេព្យគោសល្យរបស់ពួកគេ»។
ព្រឹត្ដិការណ៍សង្វៀនប្រដាល់គុនខ្មែរទៅតាមខេត្ដក្រោមពាក្យស្លោកថា «ដំណើរឆ្ពោះទៅតាមខេត្ដ» របស់គោជល់នេះ នឹងផ្ដើមចេញដំណើរទៅខេត្ដដែលសម្បូរកីឡាករគុនខ្មែរជាងគេនៅកម្ពុជា គឺ ខេត្ដបាត់ដំបង កំពង់ស្ពឺ កំពង់ធំ និងខេត្ដកំពង់ចាម។ ព្រឹត្ដិការណ៍នេះ នឹងបន្ដប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់នៅរាជធានីភ្នំពេញ។
ព្រឹត្ដិការណ៍នេះ នឹងចាប់ផ្ដើមដំបូងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងខេត្ដបាត់ដំបង និងបន្ដទៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៣០ ខែមីនា ហើយខេត្ដ កំពង់ធំ នៅថ្ងៃទី ២៧ ខែ មេសា បន្ដទៅខេត្ដកំពង់ចាម នៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៩។ ព្រឹត្ដិការណ៍នេះនឹងផ្សាយបន្ដផ្ទាល់តាមទូរទស្សន៍ CTN ចាប់ពីម៉ោង ៥៖ ៣០ នាទីយប់ ដល់ម៉ោង ៨យប់៕