ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុម Paris St-Germain គឺ Neymar និង Cavani មិនអាចជួយក្រុមខ្លាំងរបស់បារាំងតទល់នឹងក្រុមបីសាចក្រហម Manchester United បានទេនៅយប់នេះ ដោយសារតែរងរបួសដូចគ្នាក្នុងការប្រកួតនៅក្នុងលីគកំពូលបារាំង។
ក្រុមPSG របស់បារាំងនឹងធ្វើដំណើរទៅកាន់ទីលាន Old Trafford ដើម្បីតទល់នឹងក្រុមបីសាចក្រហមសម្រាប់ជើងទីមួយនៅក្នុងការប្រកួតវគ្គជម្រុះChampion League នៅវេលាម៉ោង៣យប់នេះឈានចូលថ្ងៃទី១៣ ខែកុម្ភៈ។ ប៉ុន្តែការប្រកួតនេះ គឺជារឿងព្រួយបារម្ភខ្លាំងមួយរបស់ក្រុមជើងខ្លាំងបារាំង ព្រោះអវត្តមានខែ្សប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Neymar និងអ៊ុយរ៉ាហ្គាយ Cavani ។

ទោះជាបែបនេះក្តី លោកThomas Tuchel គ្រូបង្វឹកក្រុមPSG បានព្រមានទៅកាន់ក្រុមបីសាចក្រហមថា បើទោះជាអត់មាន Neymar និង Cavani ក៏ដោយ ក៏ទម្រង់លេងរបស់ក្រុមខ្លាំងបារាំងមិនប្រែប្រួលនោះដែរ។ លោកសង្កត់ធ្ងន់ថា នឹងប្រើទម្រង់វាយលុក ហើយថា៖ “ យើងមកទីនេះគឺដើម្បីរកគ្រាប់បាល់ ហើយប្រហែលបានច្រើនជាងមួយគ្រាប់ទៅទៀត”។

នៅពេលអវត្តមានជើងខ្លាំង Neymar និង Cavani នេះ Kylian Mbappé ដែលជាខ្សែប្រយុទ្ធវ័យក្មេងក៏មានសក្តានុពលរបស់ក្រុមPSG នឹងធ្វើការងារកាន់តែខ្លាំងបន្ថែមទៀត។ ប៉ុន្តែ លោកThomas Tuchel បានអះអាងថា ក្រុមមិនអាចដាក់បន្ទុកទាំងអស់ទៅលើ Kylian Mbappé បានទេ ដោយថា កីឡាករវ័យក្មេងរូបនេះមិនអាចជំនួសតំណែង Neymar និង Cavani ពោល គឺមិនអាចលេងក្នុងតំណែងបីក្នុងពេលតែមួយបានឡើយ។ លោកThomas Tuchel ចង់ឱ្យកីឡាករ Kylian Mbappé លេងតាមរបៀបខ្លួនឯង និងលេងដោយមានទំនុកចិត្តនៅយប់នេះ។

សូមបញ្ជាក់ថា កីឡាករ Neymar និង Cavani សុទ្ធតែបានរងរបួស ដោយមិនអាចជួយក្រុមរបស់ខ្លួនបានទេនៅយប់នេះ។ Neymar បានរងបួសបាក់ឆ្អឹងខ្នងជើង ដោយត្រូវសម្រាករយៈពេល១០សប្តាហ៍។ ចំណែក Cavani វិញ បានរងរបួសឆ្អឹងត្រគៀក៕
