ខេត្តព្រៃវែងឈ្នះជើងឯកថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០២០

361
Prey Veng Province Competes to Win Provincial Championship Samdech Techo Hun Sen Cup
Prey Veng Competes to Win Provincial Championship of Hun Sen Cup 2020 | Photo: Cambodia SEA GAMES 2023

ភ្នំពេញ៖ ក្រុមបាល់ទាត់ខេត្តព្រៃវែងប្រជែងបានម្ចាស់ជើងឯកថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០ បន្ទាប់ពីបានយកឈ្នះ ១ទល់០ យ៉ាងស្វិតស្វាញបំផុតជាមួយក្រុមការពារម្ចាស់តំណែងជើងឯក រដូវកាល ២០១៩ ខេត្តត្បូងឃ្មុំ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅកីឡដ្ឋានជាតិ។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមទាំងពីររក្សាបានលទ្ធផលស្មើគ្នា ០ទល់០ នៅវគ្គទី១ ហើយទើបនឹងចាប់ផ្តើមវគ្គទី២ ពោលគឺនៅនាទី៤៨ ក្រុមខេត្តព្រៃវែងធ្វើសម្រេចបាន១គ្រាប់ ដោយកីឡាករ វុធ តុលា ដែលនេះជាគ្រាប់បាល់ជ័យជម្នះរក្សាបានរហូតដល់ពេលបញ្ចប់ការប្រកួតពេញម៉ោងតែម្តង។ ចំពោះ១ប្រកួតទៀត ដែលដណ្តើមចំណាត់ថ្នាក់លេខ៣រវាងក្រុមខេត្តសៀមរាប និងខេត្តកែប គឺក្រុមខេត្តកែប ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះដោយលទ្ធផលបច្ចេកទេស ៣ទល់០ ដោយ៣គ្រាប់របស់ខេត្តកែប រកបានដោយកីឡាករ លី ស៊ុបយ៉ានី នៅនាទី៥១ និង២គ្រាប់ទៀតរកបានដោយកីឡាករ ជឿន ណាចារ នៅនាទី៦៧ និងនាទី៩០។

៤ក្រុមចុងក្រោយនេះ មានខេត្តព្រែវែង ខេត្តត្បូងឃ្មុំ ខេត្តកែប និងខេត្តសៀមរាប គឺជាបេក្ខភាពឡើងទៅប្រកួតថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០នេះ ជាមួយនឹង១២ក្រុមផ្សេងទៀត ក្នុងចំណោម១៣ក្រុម ដែលកំពុងស្ថិតនៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។ ការចាប់ចែកពូលវគ្គ១៦ក្រុមថ្នាក់ជាតិ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយការប្រកួតផ្លូវការនឹងត្រូវចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២០ តទៅ។

សម្រាប់ជ័យលាភីថ្នាក់ខេត្តរួមមាន៖ អ្នកចាំទីល្អ កីឡាករ វីរៈ ដារ៉ា ក្រុមខេត្តព្រៃវែង ប្រាក់រង្វាន់១លាន៥សែនរៀល, អ្នកទាត់បញ្ជូលទីច្រើនជាងគេ កីឡាករ ទេព សើហ្វីអ៊ី រកបាន១២គ្រាប់មកពីក្រុមខេត្តកែប ប្រាក់រង្វាន់១លាន៥សែនរៀល, គ្រូបង្វឹកល្អជាងគេ បានទៅលើគ្រូបង្វឹកខេត្តព្រៃវែង ប្រាក់រង្វាន់ ១លាន៥សែនរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ខេត្តកែប ទទួលបានមេដាយសំរឹទ្ធ ប្រាក់រង្វាន់ជ័យលាភី ៥លានរៀល, ចំណាត់ថ្នាក់ក្រុមរងជើងឯក ក្រុមខេត្តត្បូងឃ្មុំ មេដាយប្រាក់ ដោយទទួលបានប្រាក់រង្វាន់ចំនួន ៧លាន៥សែនរៀល និងក្រុមជើងឯក ខេត្តព្រៃវែង ទទួលពានរង្វាន់ និងមេដាយមាស អមដោយប្រាក់រង្វាន់ចំនួន ១៥លានរៀល ដោយការប្រគល់ពានរង្វាន់ បំពាក់មេដាយ និងប្រគល់ប្រាក់រង្វាន់ជើងឯកនេះត្រូវបានប្រគល់ជូនដោយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

Loading...