ក្លិបព្រះខ័នរាជស្វាយរៀងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានបង្ហាញមុខនូវកីឡាករចំណូលថ្មី គឺ Charlie Machell ។ កីឡាកររូបនេះលេងក្នុងតំណែងខ្សែបម្រើ ហើយជាកីឡាករចេញពីយុវជនថ្នាលរបស់ក្លិបNewcastle United ដែលកំពុងលេងនៅលីគកំពូលរបស់អង់គ្លេស។
ក្លិបព្រះខ័នរាជស្វាយរៀងបានអះអាងថា ខ្លួនបានចុះកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំជាមួយកីឡាករ Charlie Machell ដែលមានអាយុ ២៤ឆ្នាំ។ Charlie គឺជាកីឡាករបរទេសទី៥របស់ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីកីឡាករ Harley Willard, Jonathan Campbell, Yeon Gisung និងកីឡាករ Daisuke Kobayashi។

ចំពោះវត្តមានកីឡាករចំណូលថ្មីនេះ លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងបានអះអាងថា រូបគេនឹងអាចបន្ថែមនូវគុណភាពដែលក្លិបរបស់លោកខ្វះខាត ព្រោះគេជាខ្សែបម្រើមួយរូបដែលជួយបានបានច្រើន។ នេះបើតាមការចុះផ្សាយរបស់វេបសាយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។ លោក Conor Nestor និយាយថា៖ “Charlie ជាកីឡាករម្នាក់ដែលអាចបំពេញចន្លោះខ្វះខាតរបស់យើងបាន។ គេមានជំនាញដណ្ដើមបាល់ពីក្រោមទៅលើ។ គេពិតជាមានភាពស្វិតស្វាញ ហើយខ្ញុំជឿថា អ្នកគាំទ្រនឹងចូលចិត្តគេ”។
សូមបញ្ជាក់ថា Charlie បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ជាមួយថ្នាល Newcaslte United មុនពេលផ្លាស់ចេញទៅប្រកបអាជីពនៅក្រៅស្រុកជាមួយក្លិបអាមេរិក Wingate Bulldogនៅក្នុងឆ្នាំ២០១៣។ បន្ទាប់មកទៀត រូបគេបានបន្តផ្លាស់ទៅលេងឲ្យក្លិប East Tennessee State University នៅឆ្នាំ២០១៧ និងពាក់កណ្តាលឆ្នាំដដែលនោះ បានផ្ទេរទៅកាន់ក្លិប Thisted FC របស់ដាណឺម៉ាក។ លុះនៅក្នុងឆ្នាំ២០១៨ Charlie បានចុះកិច្ចព្រមព្រៀងជាមួយក្លិប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ (faroe islands) មុនមកកាន់លីគកំពូលរបស់កម្ពុជានៅរដូវកាលនេះ៕