មុនលីគកំពូលកម្ពុជាចាប់ផ្តើម៖​ភ្នំពេញក្រោននឹងទៅថៃ ដើម្បីប្រកួតដណ្តើមពានរង្វាន់ LEO PRE-SEASON CUP 2019

570

ក្លិបភ្នំពេញក្រោន នឹងធ្វើដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់មុនបើករដូវកាលថ្មី LEO PRE-SEASON CUP 2019 ។ ការប្រកួតនេះ នឹងក្លាយជាការប្រកួតទីមួយផ្លូវការក្រោមការដឹកនាំរបស់គ្រូបង្វឹក Leonardo Vitorino ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។

ក្លិបភ្នំពេញក្រោនបានឲ្យដឹងនៅយប់ថ្ងៃពុធថា៖ “ក្រុមកីឡាករឈុតធំរបស់ក្រុមភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីប្រកួតក្នុងពានរង្វាន់ LEO PRE-SEASON CUP 2019 ហើយចំពោះក្រុមដែលភ្នំពេញក្រោននឹងត្រូវជួបដំបូងគេនៅវគ្គ៨ក្រុមចុងក្រោយនោះគឺក្រុម Nakhonratchasima Mazda FC”។ បើតាមក្លិបដែលកំពុងលេងនៅលីគកំពូលកម្ពុជាមួយនេះ ការប្រកួតរវាងក្រុមភ្នំពេញក្រោន និង ក្រុម Nakhonratchasima Mazda FC នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែមករា វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន 80th Birthday ក្នុងខេត្ត  Nakhon Ratchasima ប្រទេសថៃ ។

ភ្នំពេញក្រោន គឺជាក្លិបបាល់ទាត់ដ៏ធំមួយនៅកម្ពុជា និងជាក្រុមខ្លាំងនៅក្នុងលីគកំពូលកម្ពុជាផងដែរ។ កាលពីរដូវកាលឆ្នាំ២០១៨ ភ្នំពេញក្រោនបានបញ្ចប់រដូវកាលជាមួយចំណាត់ថ្នាក់លេខ៥។ ក្លិបនេះ ធ្លាប់លើកពានរង្វាន់លីគកំពូលកម្ពុជា៦សម័យកាល គឺនៅក្នុង២០០២, ឆ្នាំ២០០៨,ឆ្នាំ២០១០,ឆ្នាំ២០១១,ឆ្នាំ២០១៤ និងនៅក្នុងឆ្នាំ២០១៥៕

 

Loading...