មុន​ជំនួប​នៅ​ល្ងាច​នេះ៖តើ​កីឡាករ​បឹងកេត និង​ភ្នំពេញ​ក្រោ​ន​និយាយ​អ្វីខ្លះ?

381

នៅ​ម៉ោង៦ល្ងាច​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន​នឹង​ប៉ះ​ជាមួយ​ក្រុម​បឹងកេត​ក្នុងជំនួប​ដំបូង​នៃ​ការបើក​រដូវ​កាល​ថ្មី​របស់​លី​គ​កំពូល​កម្ពុជា។ នៅមុន​ការប្រកួត កីឡាករ​នៃ​ក្រុម​ទាំងពីរ​សុទ្ធតែ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​ការប្រកួត​ដ៏​ធំ​នេះ៖

* ស្រាំង ទិ​ត្យ​ឈី(កីឡាករ​បឹងកេត​បច្ចុប្បន្ន និង​អតីត​កីឡាករ​របស់​ភ្នំពេញ​ក្រោ​ន)៖ « ការ​សម្រប​ខ្លួន​របស់ខ្ញុំ​នៅទីនេះ​គឺ​ល្អប្រសើរ​ច្រើន ហើយ​បើសិន​ខ្ញុំ​មានឱកាស​បង្ហាញខ្លួន ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ជួយ​ក្រុម​ឱ្យ​ទទួលបាន​ជ័យជម្នះ ព្រោះ ៣ពិន្ទុ​ដំបូង​គឹ​សំខាន់​សម្រាប់​យើង ដើម្បី​ជំរុញ​ទឹកចិត្ត​ឱ្យ​យើង​ខំប្រឹង​បន្តទៀត » ។ ស្រាំង ទិ​ត្យ​ឈី បន្តថា៖  « សម្រាប់​ខ្ញុំ គឺមាន​មនោសញ្ចេតនា​ជាមួយ​ក្រុម​ចាស់ ប៉ុន្តែ​នៅក្នុង​បាល់ទាត់ លើ​ទីលាន​គឺ​គ្មាន​មនោសញ្ចេតនា​ទេ គឺ១០០ភាគរយ ចង់​ឈ្នះ​ចង់​ចាញ់​ដូចគ្នា » ។

*អ្នកចាំទី យូ អា​ឡិច​សង់(កីឡាករ​បឹងកេត​បច្ចុប្បន្ន និង​អតីត​កីឡាករ​របស់​ភ្នំពេញ​ក្រោ​ន)៖ « ខ្ញុំ​គិតថា វា​នឹង​ជា​ប្រកួត​ដ៏​ធំ​មួយ ។ គ្រប់គ្នា​បានដឹង​ពី​សមត្ថភាព​គូរ​ប្រជែង​ទាំងពីរ​នេះ​កាលពី​រដូវ​កាល​មុន បឹងកេត​បាន​បាត់បង់​ឱកាស​ឈ្នះ​ជើងឯក​ដោយសារ​ចំណុច​ខ្វះខាត​មួយចំនួន តែ​ឆ្នាំនេះ​ជាមួយ​ទំនុកចិត្ត​ខ្ពស់​ពី​ប្រធាន​ក្លិប គឺ​ពួកយើង​នឹង​ប្រាកដ​ចិត្ត​ទាំង​កីឡាករ ក្រុមការងារ និង​អ្នកគាំទ្រ »។ អ្នកចាំទី យូ អា​ឡិច​សង់ បន្ថែម៖ « ឆ្នាំមុន​ខ្ញុំ​គ្រង​ឯកសណ្ឋាន​របស់​ភ្នំពេញ​ក្រោ​ន តែ​ឆ្នាំនេះ​វិញ បឹងកេត​ជា​ជម្រើស​របស់ខ្ញុំ ហើយនឹង​មិនមាន​ការ​យោគយល់​នោះឡើយ គឹ​ខ្ញុំ​ត្រូវការ​ឈ្នះ ទោះជា​មានឱកាស​បង្ហាញ​ខ្លួន​ឬ​អត់ តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់ ២០០ភាគរយ »។

*វ៉ា សុថន(កីឡាករ​ភ្នំពេញ​ក្រោ​ន)៖ « វា​ជា​រឿង​ល្អ និង​លំបាក​របស់​ក្រុម​យើង​ផងដែរ ព្រោះ​វា​គឺជា​ការប្រកួត​ដំបូង​របស់​យើង យើងទាំងអស់គ្នា ទាំង​កីឡាករ ក្រុម​បុគ្គលិក និង​អ្នកគាំទ្រ​ពិតជា​ចង់ឃើញ​ការប្រកួត​នេះ​ណាស់ ប៉ុន្តែ​ពួកយើង​ក៏មាន​សំពាធ​បន្តិចបន្តួច​ដែរ » ។ « ការប្រកួត​ជាមួយ​ក្រុម​បឹងកេត​គឺ​វា​មិន​ងាយស្រួល​ប៉ុន្មាន​ទេ ព្រោះ​ពួកគេ​ជា​ក្រុម​ដែល​ខ្លាំង​មួយ​នៅក្នុង​លី​គ ។ នៅលើ​ទីលាន​គឺ​វា​ដូចជា​សង្គ្រាម​មួយ ដែល​យើង​ត្រូវតែ​ប្រកួតប្រជែង​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​បង្ហាញថា​ពួកយើង​ជា​ក្រុម​មួយ​ដែល​ខ្លាំង ហើយ​គឺ​ដើម្បី​ឈ្នះ  ។ ក្រុម​របស់​ពួកយើង​គឺ​រួចរាល់​ហើយ យើង​បានរៀបចំ​ពីរ​បី​សប្តាហ៍​ហើយ​ដើម្បី​ធ្វើការ​ជា​ក្រុម​ឲ្យ​បាន​ប្រសើរឡើង ខ្ញុំ​មិនអាច​ទាយ​បានទេ​ថា​ក្រុម​មួយណា​ដែល​អាច​ឈ្នះ​ការប្រកួត​នេះ » ។

វ៉ា សុថន បន្ត៖ « នៅក្នុង​វិស័យ​បាល់ទាត់ អ្នកគាំទ្រ​ពិតជា​សំខាន់​ណាស់ ពួកគេ​ជា​កម្លាំងចិត្ត​ដើម្បី​ជំរុញ​ដល់​កីឡាករ​ឲ្យ​មាន​ជំនឿ​ជឿជាក់ និង​មាន​ភាពរឹងមាំ​បន្ថែមទៀត ។ ទាំងនេះ​គឺ​បង្ហាញថា​ជា​ផ្ទះ​របស់​ពួកយើង ជា​កីឡដ្ឋាន​របស់​យើង និង​ជា​ទឹកដី​របស់​យើង គ្មាន​អ្នកណា​អាច​ខ្លាំង​ជាង​យើង​បានទេ​នៅទីនេះ ។ យើងទាំងអស់គ្នា​គឺ​រួមគ្នា​តែមួយ វា​អាច​កើតឡើង​នៅ​កីឡដ្ឋាន RSN យើង​អាច​ចាប់ផ្តើម​ធ្វើ​វា​នៅ​ថ្ងៃ​សៅរ៍​នេះ ដូច្នេះ​យើង​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា​នឹង​មក​គាំទ្រ​ពួកយើង​ទាំងអស់គ្នា » ៕

Loading...