ភ្នំពេញៈ យុវជនឆ្នើម ហុង ភារិន ដែលធ្លាប់បានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ធ្វើឱ្យមហាជនកោតសរសើរ ទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតដល់ប្រសិទ្ធនាមថាជា «អច្ឆរិយកម្ពុជា» ឥឡូវកំពុងត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី ចង់ចាំលំដាប់ពិភពលោកលើកទី២៨ «The 28th world memory championships» នៅប្រទេសចិន។
យោងតាមគេហទំព័រហ្វេសប៊ុក សមាគមនិស្សិតកម្ពុជានៅប្រទេសចិន បានបង្ហោះរូបភាពរបស់ ហុង ភារិន ពេលទៅដល់ប្រទេសចិន ដោយភ្ជាប់ជាមួយនឹងសារថា «ថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំពីសំណាក់លោក សាំង វិច្ឆមុនី កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំក្រុងឆុងឈីង ប្រទេសចិន និងនិស្សិតកម្ពុជានៅក្រុងអ៊ូហាន បានទទួលស្វាគមន៍ និងចូលរួមលើកទឹកចិត្តយុវជនឆ្នើរបស់យើងនេះផងដែរ។
យុវជនធ្លាប់បង្ហាញសមត្ថភាពក្នុងកម្មវិធីប្រកួតប្រជែងកម្មវិធីល្បងប្រាជ្ញា super 100 នៅប្រទេសថៃ ដែលហើយនឹងមកធ្វើការប្រកួតកម្មវិធីប្រកួតការចងចាំ លំដាប់ពិភពលោកលើកទី២៨ (The 28th world memory championships) ដែលមានការចូលរួមពីបេក្ខជនប្រមាណជាង ៥០០នាក់ ពីប្រទេសជាច្រើនជុំវិញពិភពលោក។
កម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី៧ ខែធ្នូខាងមុខនេះ។ ជូបពរឲ្យកូនខ្មែរឆ្នើម ភារិន ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះទាំងអស់គ្នា។
តាមរយៈសារខាងលើនេប្រជាជនខ្មែរបាននាំគ្នាចែករំលែកពេញបណ្តាញសង្គម ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់យុវជនខ្មែររូបនេះ ឲ្យទទួលបានលិទ្ធផលល្អក្នុងការប្រកួត។ ជាពិសេស គឺជូនពរឲ្យលោក ហុង ភារិន ជោគជ័យក្នុងការប្រកួត កម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំមួយនេះ៕