ស្ដេចប្រដាល់សកលរបស់ហ្វីលីពីន Manny Pacquiao បានវាយយកឈ្នះកីឡាករអាមេរិក Adrienne Broner ដើម្បីការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA របស់ខ្លួននៅព្រឹកថ្ងៃអាទិត្យ ទី ២០ ខែមករា ឆ្នាំ២០១៩នេះ។ Manny Pacquiao បានឈ្នះ Adrienne Broner ដោយពិន្ទុនៅក្នុង១២ ទឹក។
នៅលើសង្វៀន MGM Grand Garden នៅអាមេរិក កីឡាករប្រដាល់ Manny Pacquiao បានបញ្ចេញស្នៀតប្រដាល់បានយ៉ាងខ្លាំងដោយមិនបានស្រកស្រុតឡើយ បើទោះបីរូបគេខកខានឡើងសង្វៀនអស់រយៈពេលរាងយូរបន្តិចក៏ដោយ។ ជាលទ្ធផល Manny Pacquiao គ្រប់គ្រងការប្រកួតស្ទើរទាំងស្រុងជាមួយពិន្ទុពេញៗពីចៅក្រមប្រកួត។
ចំណែកកីឡាករប្រដាល់អាមេរិក Adrienne Broner មិនសូវបានវាយចេញចំគោលដៅលើ Manny Pacquiaoឡើយ។ ផ្ទុយទៅវិញ ស្ទើរគ្រប់ទឹកកីឡាករស្បែកខ្មៅរូបនេះ បានត្រឹមរងនូវកណ្តាប់ដ៏រហ័សដូចផ្ទេកបន្ទោលរបស់ស្តេចប្រដាល់ហ្វីលីពីនជាច្រើនដៃ បើទោះបីខិតខំគេចចុះគេចឡើងក៏ដោយ។ ប៉ុន្តែទោះជាយ៉ាងណា កីឡាករអាមេរិក Adrienne Broner នៅតែតស៊ូជាមួយ Manny Pacquiao រហូតដល់ចប់ទាំង១២ទឹក។
សម្រាប់កីឡាករ Manny Pacquiao ការប្រកួតនេះ គឺរូបគេទទួលបានទឹកប្រាក់តម្លៃខ្លួនសម្រាប់ការប្រកួតចំនួន២០លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយដែល Manny Pacquiao ឡើងការពារខ្សែក្រវាត់ WBA គិតចាប់តាំងពីដណ្តើមបានពីកីឡាករ អាហ្សង់ទីន Lucas Mattysse ក្នុងខែកក្កដា ឆ្នាំ២០១៨ ដោយសន្លប់ក្នុងទឹកទី៧ ៕