អ៊ូចធារិទ្ធ ផ្អាកប្រកួតគុនខ្មែរដើម្បីហ្វឹកហាត់ប្រដាល់សកលត្រៀមស៊ីហ្គេម២០២១ នៅវៀតណាម

111

អ្នក​ប្រដាល់​វ័យ​ក្មេង​អ៊ូច​ធារិទ្ធ​ក្លិប​អា​ណា​ចក្រ​គុន​ខ្មែរ​ដែល​គ្រង​តំណែង​មេដាយ​មាស​ជម្រើស​ជាតិ​ប្រ​ដាល់​សកល​ចំនួន​៣​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុង​ប្រ​ភេទ​ទម្ងន់​៥៧​គីឡូក្រាម​កំពុង​ត្រៀម​ខ្លួន​ចូល​ហ្វឹក​​ហាត់​ប្រ​មូល​ផ្តុំ​របស់​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ស្រប​ពេល​ដែល​ទី​ផ្សារ​ប្រ​កួត​ផ្នែក​ប្រដាល់​គុន​ខ្មែរ​រក​ប្រាក់​ចំណូល​បាន​ល្អ​ប៉ុន្តែ​ក្លិប​អាណា​ចក្រ​គុន​ខ្មែរ​របស់​លោក​ធីណា​រិទ្ធ​ជា​គ្រូ​បង្វឹក​ត្រូវ​បាន​ផ្អាក​បណ្តោះ​អាសន្ន​ដោយ​បញ្ហា​កូវីដ​១៩​កំពុង​រាល​ដាល​ផ្ទុះ​ឡើង​ជា​ថ្មី​។​យ៉ាង​ណា​ក្តី​កីឡាករ​អ៊ូច​ធារិទ្ធ​ដែល​កំពុង​ល្បី​ល្បាញ​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​គុន​ខ្មែរ​នៅ​មាន​សង្ឃឹម​បន្ថែម​ទៀត​ដោយ​ជាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​ប្រដាល់​សកល​ឆ្នាំ​២០២១​ដើម្បី​ត្រៀម​ចូល​រួម​ប្រ​កួត​នៅ​ប្រទេស​វៀត​ណាម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចុង​ឆ្នាំ​២០២១​នេះ​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។​

ក្នុង​ការ​សម្ភាសន៍​ជា​មួយ​ព័ត៌មាន​តាម​បណ្តាញ​ហ្វេស្បុក​អ៊ូច​ធារិទ្ធ​និយាយ​ពី​ប្រ​វត្តិ​គឺ​បាន​កសាង​ឈ្មោះ​ល្បី​ល្បាញ​នៅ​ក្នុង​ពិភព​គុន​ប្រដាល់​ទាំង​ពីរ​ប្រ​ភេទ​ប្រដាល់​គុន​ខ្មែរ​និង​សកល​រយៈ​ពេល​៥​ឆ្នាំ​ទទួល​បាន​លទ្ធផល​ល្អ​និង​ជា​អ្នក​ទ្រ​ទ្រង់​ជីវភាព​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​ចាស់​និង​ប្អូន​ស្រី​ពី​នាក​កំពុង​សិក្សា​នៅ​ឡើយ​។​អ៊ូច​ធារិទ្ធ​និយយ​ថា​៖​ខ្ញុំ​បាន​ឈប់​រៀន​នៅ​ត្រឹម​ថ្នាក់​ទី​១២​ដោយ​សារ​ជីវភាព​លំបាក​សម្រេច​ចិត្ត​ចូល​ហ្វឹក​ហាត់​ប្រ​ដាល់​ក្នុង​ឆ្នាំ​២០១៥​កាល​នោះ​អាយុ​១៨​ឆ្នាំ​។​ស្នាដៃ​លើ​សង្វៀន​ប្រ​ដាល់​ខ្ញុំ​ទទួល​បាន​ឈ្មោះ​ល្បី​ដោយ​លោក​គ្រូ​ធី​ណារិទ្ធ​ជួយ​បណ្តុះ​បណ្តាល​អប់​រំ​ណែ​នាំ​និង​លើក​ទឹក​ចិត្ត​។​រយៈ​ពេល​ចំនួន​៥​ឆ្នាំ​ខ្ញុំ​ប្រ​កួត​បាន​ចំនួន​១០៣​លើក​ឈ្នះ​៧៤​លើក​ចាញ់​២៥​លើក​ស្មើ​៤​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​៣៩​លើក​ធ្លាប់​ចូល​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​KUBOTA​ទម្ងន់​៥៧​គីឡូក្រាម​បាន​ម្តង​ប៉ុន្តែ​ចាញ់​កីឡាករ​ថៃ​ឈ្មោះ​ផុង​រ៉ាត់​​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​។​ក្រៅ​ពី​នេះ​អ៊ូច​ធារិទ្ធ​សាង​ភាព​ល្បី​ល្បាញ​ដោយ​ធ្លាប់​ឈ្នះ​ប្រាក់​រង្វាន់​ធំ​ៗ​ដូច​ជា​កម្ម​វិធី​ប្រដាល់​បុណ្យ​សមុទ្រ​មេដាយ​មាស​លើក​ទឹក​ចិត្ត​ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​កម្ម​វិធី​WURKZ​ និង​KUBUTA​នៅ​បា​យ័ន​និង​ប្រាក់​រង្វាន់​សង្វៀន​ថោន​ដោយ​ប្រ​កួត​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​វ៉ាន់​វឿន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។​អ៊ូច​ធារិទ្ធ​បន្ថែម​ថា​៖​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​នេះ​ខ្ញុំ​នៅ​តែ​ឡើង​ប្រ​កួត​ប្រដាល់​សកល​ក្នុង​នោះ​ជាប់​ជម្រើស​ជាតិ​ប្រ​ដាល់​សកល​ទម្ងន់​៥៧​គីឡូក្រាម​ចំនួន​៣​ឆ្នាំ​និង​ឆ្នាំ​នេះ​ហាត់​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​នៅ​វៀត​ណាម​ទៀត​។​

​ទាក់​ទង​ទៅ​នឹង​ការ​បិទ​ក្លិប​នេះ​អ៊ូច​ធារិទ្ធ​និយាយ​ថា​៖​ខ្ញុំ​កំពុង​តែ​លំបាក​ខ្លាំង​ណាស់​ពី​ព្រោះ​ម្តាយ​ខ្ញុំ​ខ្ចី​លុយ​ធានាគារ​មក​ធ្វើ​ផ្ទះ​ហើយ​ខ្ញុំ​តែង​តែ​រាប់​រង​ការ​បង់​ប្រាក់​នោះ​សង​ឥឡូវ​ក្លិប​បិទ​មិន​ដឹង​ថា​យ៉ាង​ណា​នោះ​ទេ​ពី​ព្រោះ​ខ្ញុំ​ជា​អ្នក​រាប់​រង​ទាំង​អស់​ក្នុង​គ្រួសារ​។​«​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នឹង​សុំ​អនុញាតិ​ពី​សហព័ន្ធ​ទាំង​ពីរ​ដើម្បី​សុំ​ឡើង​ប្រ​កួត​យ៉ាង​ហោច​ណាស់​មួយ​ខែ​បាន​ម្តង​ដើម្បី​ជីវភាព​ហើយ​ខិត​ខំ​ហាត់​សកល​ឱ្យ​ខ្លាំង​ដើម្បី​ចូល​រួម​ស៊ី​ហ្គេម​នៅ​វៀត​ណាម​»​។​

លោក​ប៊ុយ​សោភ័ណ្ឌ​អគ្គ​លេខាធិការ​សហព័ន្ធ​ប្រ​ដាល់​សកល​ប្រាប់​ថា​៖​ឆ្នាំ​នេះ​អ៊ូច​ធារិទ្ធ​នៅ​តែ​ជាប់​ជម្រើស​ជាតិ​បន្ត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។​ទម្ងន់​៥៧​គីឡូក្រាម​នេះ​អ៊ូច​ធារិទ្ធ​ជា​បេក្ខជន​ត្រូវ​បាន​ជម្រើស​ចូល​ជម្រើស​ជាតិ​ត្រៀម​សម្រាប់​ស៊ីហ្គេម​នៅ​វៀត​ណាម​។​លោក​ប៊ុយ​សោភ័ណ្ឌ​បន្ថែម​ថា​៖​គណៈ​កម្មការ​បាន​សម្រេច​និង​ជ្រើសរើស​ផ្ញើរ​បញ្ជី​ទៅ​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ហើយ​គឺ​សរុប​មាន​៨​ប្រភេទ​ទម្ងន់​អត្តពលិក​ចំនួន​១៣​នាក់​ក្នុង​នោះ​មាន​ស្រី​តែ​២​នាក់​ដើម្បី​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ខណៈ​ដែល​តាម​ដំណឹង​គ្រោង​នឹង​ដើម​ខែ​មេសា​ខាង​មុខ​នេះ​។​លោក​បន្តថា​៖​ចំពោះ​ការ​ប្រ​មូល​ផ្តុំ​របស់​ប្រដាល់​សកល​សហព័ន្ធ​មិន​មែន​តឹង​តែង​ពេក​ទេ​គឺ​អនុញាត​ឱ្យ​កីឡាករ​ចេញ​ប្រ​កួត​ខ្លះ​នៅ​គុន​ខ្មែរ​ពី​ព្រោះ​ទីផ្សារ​ប្រដាល់​សកល​គ្មាន​អ្នក​ស្ពនស័រ​។​យ៉ាង​នេះ​ការ​ចេញ​ប្រ​កួត​ខ្លះ​ក៍​ល្អ​ដើម្បី​ពង្រឹង​សមត្ថភាព​និង​ប្រាក់​ចំណូល​ផង​ដែរ​ប៉ុន្តែ​មិន​ឱ្យ​ញឹក​ញាប់​ពេក​នាំ​ឱ្យ​ប៉ះ​ពាល់​កម្លាំង​។​

លោក​ធី​ណា​រិទ្ធ​គ្រូ​បង្វឹក​កីឡាករ​អ៊ូច​ធារិទ្ធ​និយាយ​ថា​បញ្ហា​កូវីដ​១៩​ផ្ទុះ​ឡើង​ក្លិប​របស់​ខ្ញុំ​ផ្អាក​ហាត់​សិន​ដើម្បី​បំបែក​គ្នា​នទៅ​ផ្ទះ​​ប៉ុន្តែ​សម្រាប់​ធារិទ្ធ​បើ​គាត់​ចាំ​បាច់​ត្រូវ​ប្រ​កួត​គឺ​គាត់​អាច​មក​ហាត់​ម្នាក់​ឯង​ជា​មួយ​ខ្ញុំ​បាន​ពី​ព្រោះ​គាត់​រាប់​រង​ជីវភាព​គ្រួសារ​ទាំង​ស្រុង​ហើយ​យើង​រក្សា​តាម​ការ​ណែ​នាំ​របស់​ក្រសួង​ជំនាញ​​ម៉្យាង​វិញ​ទៀត​គាត់​មាន​អាស័យ​ដ្ឋាន​នៅ​ចោម​ចៅ​ជិត​ក្លិប​ ដែរ​។​គួរ​រម្លឹក​បញ្ជាក់​ថា​៖​ការ​ឡើង​ប្រ​កួត​របស់​កីឡាករ​អ៊ូច​ធារិទ្ធ​មាន​តម្លៃ​ខ្លួន​ចាប់​ពី​៣០០​ដុល្លារ​ឡើង​ដល់​៥០០​ដុល្លារ​ក្នុង​មួយ​លើក​ទៅ​តាម​សង្វៀន​ឬ​កម្ម​វិធី​ប្រ​កួត​។​ជា​មួយ​គ្នា​នោះ​កន្លង​មក​អាច​រក​ប្រាក់​ចំណូល​ពី​​ប្រដាល់​នេះ​ក្នុង​មួយ​ខែ​អាច​ឡើង​ដល់​ខ្ទង់​១​០០០​ដុល្លារ​ទៅ​តាម​ចំនួន​ប្រ​កួត​ខែ​ខ្លះ​ដល់​ទៅ​៣​លើក​ផង​ដែរ​។​ចំណែក​ការ​ប្រ​មូល​ផ្តុំ​ក្នុង​ជម្រើស​ជាតិ​សកល​វិញ​ប្រ​សិន​បើ​ហាត់​ហើយ​វិល​មក​ផ្ទះ​វិញ​អត្តពលិក​បាន​ការ​ឧបត្កម្ភ​ខ្ទង់​ជិត​៥០០​ដុល្លារ​ប៉ុន្តែ​បើ​ហូប​ចុក​ស្នាក់​នៅ​រួម​សល់​ត្រឹម​ខ្ទង់​១៥០​ដុល្លារ​តែ​ប៉ុណ្ណោះ​៕​

Loading...