អ៊ូច ធារិទ្ធ បើកឱកាសឲ្យ វ៉ាន់ វឿន សងសិកទាំងក្តីបារម្ភ

133

អ៊ូច ធារិទ្ធ អ្នកប្រដាល់ជម្រើសជាតិសកលដែលជាបេក្ខភាពទម្ងន់ ៥៧គីឡូក្រាម ត្រៀមទៅប្រកួតស៊ីហ្គេមនៅវៀតណាមឆ្នាំ ២០២១ នេះត្រូវបានឆ្លៀតឱកាសប្រកួតគុនខ្មែរដើម្បីបំប៉នកម្លាំងនិងរកប្រាក់ចំណូលសម្រាប់ជីវភាពផងដែរ។

នៅក្នុងសប្តាហ៍នេះដែរកីឡាករ អ៊ូច ធារិទ្ ធបានបើកឱកាសឲ្យជើងខ្លាំង វ៉ាន់ វឿន ឡើងមកសងសិកក្នុងកម្មវិធីប្រកួតប្រដាល់ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង WURKZ នៃសង្វៀនបាយ័នល្ងាចថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ សប្តាហ៍នេះ។

បើរម្លឹកពីប្រវត្តិប្រកួតកន្លងមកគេស្គាល់កីឡាករ វ៉ាន់ វឿន មានឈ្មោះល្បីល្បាញខ្លាំងជាងកីឡាករ អ៊ូច ធារិទ្ធ និងជាប់ជាជម្រើសជាតិគុនខ្មែរកន្លងមកជាច្រើនឆ្នាំ ប៉ុន្តែធ្លាប់ប្រកួតចាញ់ពិន្ទុកីឡាករ អ៊ូច ធារិទ្ធ ក្នុងការដណ្តើមប្រាក់លាននៅសង្វៀនថោន។ សម្រាប់ជំនួបសងសិកលើកនេះរវាង វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងខេត្តពោធិសាត់ និង អ៊ូច ធារិទ្ធ មកពីក្លិបអាណាចក្រគុនខ្មែរ ដោយពួកគេទាំងពីរបានផ្តល់សម្ភាសន៍ពីការតាំងចិត្តប្រកួតឱ្យល្អអស់ពីសមត្ថភាព ប៉ុន្តែសុទ្ធតែខ្លាចគ្នាទៅវិញទៅមកពោលមិនហ៊ានអួតពីការឈ្នះនោះឡើយ។ ប្រវត្តិប្រកួតនិងស្នាដៃរបស់ពួកគេល្បីល្បាញ និងធ្លាប់ឈ្នះខ្សែក្រវាត់និងឈ្នះពានរង្វាន់រៀងៗខ្លួន និងជាកីឡាករលំដាប់ជូរមុខរបស់កម្ពុជាក៍ដោយដូចគ្នា។

អ៊ូច ធារិទ្ធ និយាយថា៖ ខ្ញុំកំពុងហ្វឹកហាត់ដើម្បីត្រៀមប្រកួតឱ្យល្អពីព្រោះកីឡាករវ៉ាន់វឿនមិនមែនស្រួលទប់ទល់នោះទេ។ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម នេះ ខ្ញុំធ្លាប់ឈ្នះកីឡាករ វ៉ាន់ វឿន ម្តងមែនប៉ុន្តែក្នុងលក្ខណៈកំបាកលំបិនណាស់ ហើយសម្រាប់លើកនេះខ្ញុំត្រៀមទប់ទល់ច្រើនជាងវាយលុកដើម្បីរក្សាជយជម្នះឱ្យបាន។ អ៊ូច ធារិទ្ ធបន្តថា៖ ខ្ញុំមិនហ៊ានធានាថាឈ្នះទៀតនោះទេពោលគឺនៅលើស្ថានភាពប្រកួតជាក់ស្តែងតែម្តងថាត្រូវប្រើយុទ្ធសាស្ត្របែបណាឬផ្លាស់ប្តូវិធីប្រកួតដូចម្តេច។ «ខ្ញុំរម្ពឹងការប្រកួតនេះគឺ ៥០ភាគរយពីព្រោះការចាញ់ ឬឈ្នះពិតជាមិនអាចស៊ីគ្នាផុយឡើយ»។

កីឡាករ វ៉ាន់ វឿន វិញនិយាយថា៖ ខ្ញុំហ្វឹកហាត់បានល្អសម្រាប់ការប្រកួតសងសិកជាមួយគ្នាសប្តាហ៍នេះ។ ជំនួបប្រកួតលើកនេះ ខ្ញុំរម្ពឹងឈ្នះ ៦០ភាគរយ ពីព្រោះគេក៍ជាកីឡាករលំដាប់ខ្លាំងមួយដែលលំបាកប្រកួតដោយក្បាច់កណ្តាប់ដៃនិងជង្គង់របស់កីឡាករអ៊ូចធារិទ្ធមិនស្រួលទប់ទល់នោះឡើយ។ វ៉ាន់ វឿន បន្ថែមថា៖ ខ្ញុំធានាប្រកួតអស់ពីសមត្ថភាពដើម្បីដណ្តើមជយជម្នះមកវិញ ប៉ុន្តែពិតជាលំបាកអះអាងណាស់គឺវាយសម្រកដូចគ្នាអ្វីដែលមានប្រៀបគឺរក្សាកម្លាំងបានល្អគឺមានសង្ឃឹមឈ្នះ។

លោក ធន សុភា អ្នកផ្គូផ្គងប្រចាំសង្វៀនបាយ័ននិយាយថា៖ រវាង វាន់ វឿន និង អ៊ូច ធារិទ្ធ ជាគូប្រដាល់កំរជួបគ្នាណាស់ហើយសមត្ថភាពរបស់ពួកគេទាំងពីរនេះពិតជាកក្រើតសង្វៀនពីព្រោះមហាជនចង់ឃើញការប្រកួតសងសិកគ្នានេះណាស់ខណៈ វ៉ាន់ វឿន ធ្លាប់ចាញ់គឺមិនអស់ចិត្តនៅឡើយទើបសុំសងសិក។

បន្ថែមពីលើនេះលោក ធន សុភា បញ្ជាក់ថា៖ កម្មវិធីនេះមានតែ ៣គូទេ ហេតុនេះសម្រិតសម្រាំងកីឡាករល្អៗបំផុតគឺមានមួយគូទៀតជើងខ្លាំងជំនាន់ថ្មីកីឡាករឡាំកូស៊ីនប៉ះប្រកួតជាមួយអេណារ័ត្នក្នុងទម្ងន់៥៧គីឡូក្រាមដូចគ្នា។ ធន សុភា បញ្ជាក់ថា៖ កម្មវិធីប្រកួតនេះមានលក្ខណៈពិសេសមានប្រាក់រង្វាន់បន្ថែមពីភេសជ្ជៈប៉ូវកម្លាំង WURKZ ប្រចាំសប្តាហ៍ ៦០ម៉ឺនរៀល បន្ថែមពីលើតម្លៃខ្លួន។

ចំណែកគូដណ្តើមប្រាក់លានភេសជ្ជៈប៉ូវកម្លាំង WURKZ គឺមានជើងថ្មី សេក សារិទ្ធនិង សូដា កូម៉ាន់ ទម្ងន់ ៦៥គីឡូក្រាម បើអ្នកណាឈ្នះនឹងទទួលបាន ១លានរៀនបន្ថែមពីលើតម្លៃខ្លួនប្រកួត៕

Loading...